ក្រសួង​ការងារ​ចាប់ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​រថយន្ត​មជ្ឈមណ្ឌល​ការងារ​ចល័ត​នៅ​ទូទាំងប្រទេស​

(ភ្នំពេញ) ៖ ដើម្បី​ផ្ដល់ព័ត៌មាន និង​ឱកាស​ការងារ​កាន់តែ​ខិតជិត​ដល់​សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត មជ្ឈមណ្ឌល​ការងារ​ចល័ត ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ។​

​ថ្លែង​ក្នុង​សន្និសីទ​បិទ​គម្រោង​ស្តីពី​«​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា និង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ការងារ​ចល័ត​» កាលពី​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មានប្រសាសន៍ថា ការដាក់​ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត​មជ្ឈមណ្ឌល​ការងារ​ចល័ត​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អភិវឌ្ឍ​ធនធានមនុស្ស និង​ទីផ្សារការងារ ជាពិសេស​តំបន់​ជនបទ និង​ខេត្ត​ឆ្ងាយៗ​ដែល​មិនទាន់មាន​មជ្ឈមណ្ឌល​ការងារ​នៅឡើយ ។​

​ទន្ទឹមនឹងនេះ​យុវជន​ទទួលបាន​ការងារ​កាន់​តែ​ងាយស្រួល​ឆាប់រហ័ស និង​ចំណេញ​ពេលវេលា ដែល​ស្របតាម​ក្របខណ្ឌ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ លោក​បាន​បន្ដថា ក្រសួង​ការងារ​បាន​ខិតខំ​បង្កើត​ឱកាស​ការងារ​កាន់តែច្រើន និង​ជួយ​បែងចែក​ឱកាស​ទាំងនេះ​ឲ្យ​បាន​ទៅដល់​ប្រជាជន​គ្រប់រូប​ប្រកបដោយ​តម្លាភាព និង​សមធម៌​សំដៅ​ប្រែក្លាយ​ឱកាស​ការងារ​ដែលមាន​ទាំងអស់​ឲ្យ​ទៅជា​មុខរបរ​កាន់តែ​ល្អ​សម្រាប់​ប្រជាជន​គ្រប់រូប ។​

​លោក​បាន​បញ្ជាក់ថា​«​ការអនុវត្ត​គម្រោង SIDA ទាំងពីរ​ដំណាក់កាល​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អភិវឌ្ឍ​ធនធានមនុស្ស​និង​ទីផ្សារការងារ ជាពិសេស​យុវជន​ឲ្យ​ទទួលបាន​ការងារ​កាន់​តែ​ងាយស្រួល​ឆាប់រហ័ស និង​ចំណេញ​ពេលវេលា​ដែល​ស្របតាម​ក្របខណ្ឌ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិ​ស័ យ​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងការ​ខិតខំ​បង្កើត​ឱកាស​ការងារ​កាន់តែច្រើន និង​ជួយ​បែងចែក​ឱកាស​ទាំងនេះ​ឲ្យ​បាន​ទៅដល់ ប្រជាជន​គ្រប់រូប​ប្រកបដោយ​តម្លាភាព និង​សមធម៌​សំដៅ​ប្រែក្លាយ​ឱកាស​ការងារ​ដែលមាន​ទាំងអស់​ឲ្យ​ទៅជា​មុខរបរ​កាន់តែ​ល្អ​សម្រាប់​ប្រជាជន​គ្រប់រូប​» ។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើងថា តាមរយៈ​ការអនុវត្ត​គម្រោង​នេះ​អ្នកទទួលផល​ផ្ទាល់​ដែល​ភាគច្រើន​ជា​យុវជន​សិស្ស​និស្សិត ស្ត្រី និង​ជនពិការ​បានទទួល​ការបណ្តុះបណ្តាល​អភិ​វ ឌ្ឍ​ជំនាញ និង​ទទួលបាន​ឱកាស​ការងារ​កាន់តែ​ងាយស្រួល​មាន​ជាអាទិ៍​ការបណ្តុះបណ្តាល​ជំនាញ​ទន់ និង​សហគ្រិនភាព​ចំនួន​៣,៤៥០​នាក់ អ្នក​ចុះឈ្មោះ​ស្វែងរក​ការងារ​សរុប​ចំនួន​ប្រ មាណ​៩​ម៉ឺន​នាក់ អ្នកទទួលបាន​ការងា​រ​ធ្វើ​ប្រមាណ​២​ម៉ឺន​នាក់ សិស្ស​និស្សិត និង​អ្នកស្វែងរក​ការងារ​ទទួល​ការប្រឹក្សា​អាជីព​ចំនួន​ប្រមាណ​១៤​ម៉ឺន​នាក់ យុវជន​ទទួលបាន​កម្មសិក្សា​ចំនួន​៧៤៩​នាក់ ។​

​លោក​បន្ថែមថា ការដាក់​ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត​«​មជ្ឈមណ្ឌល​ការងារ​ចល័ត​»​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ត្រូវបាន​រៀបចំ​បំពាក់​នៅក្នុង​រថយន្ត​មី​នី​វ៉ាន ហើយ​មាន​មុខងារ​ផ្តល់នូវ​សេវា​សំខាន់ៗ​ដូច​មជ្ឈមណ្ឌល​ការងារ​ធម្មតា​ដែរ ដូចជា ការស្វែងរក​មើល​ព័ត៌មាន​ការងារ ការចុះឈ្មោះ​រក​ការងារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត និង​ទម្រង់​ក្រដាស ការទទួល​ប្រឹក្សា​យោបល់​ការងារ និង​បណ្ណាល័យ​ការងារ​ជាដើម ។ ប៉ុន្តែ​ចំណុច​ពិសេស​របស់​មជ្ឈមណ្ឌល​ការងារ​ចល័ត គឺអាច​នាំយក​សេវា​ការងារ និង​ព័ត៌មាន​ឱកាស​ការងារ​កាន់តែ​ខិតជិត​ដល់​ប្រជាពលរដ្ឋ​អ្នកស្វែងរក​ការងារ​សិស្ស​និស្សិត​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ជាពិសេស​តំបន់​ជនបទ និង​ខេត្ត​ឆ្ងាយៗ​ដែល​មិនទាន់មាន​មជ្ឈមណ្ឌល​ការងារ​នៅឡើយ ។ ប៉ុន្តែ​ចំណុច​ពិសេស​របស់​មជ្ឈមណ្ឌល​ការងារ​ចល័ត គឺអាច​នាំយក​សេវា​ការងារ និង​ព័ត៌មាន​ឱកាស​ការងារ​កាន់តែ​ខិតជិត​ដល់​ប្រជាពលរដ្ឋ អ្នកស្វែងរក​ការងារ​សិស្ស​និស្សិត នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ជាពិសេស​តំបន់​ជនបទ និង​ខេត្ត​ឆ្ងាយៗ​ដែល​មិនទាន់មាន​មជ្ឈមណ្ឌល​ការងារ​នៅឡើយ ៕​