ជន​ត្រូវ​ចោទ ខាត់ គ​ន្ធី ដែល​ជាប់គុក​ដោយសារ​រឿង​រំលោភ​លើ​ទំនុកចិត្ត និង​ចេញ​សែក​ស្អុយ កំពុង​រក​ច្រកចេញ​ក្រៅ​គុក​

(​ភ្នំពេញ​)៖ ក្រោយពី​ជាប់ពន្ធនាគារ មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ជន​ត្រូវ​ចោទ​ម្នាក់ ដែល​ពាក់ព័ន្ធ សំណុំរឿង​រំលោភ​លើ​ទំនុកចិត្ត និងចេញ​សែក​អត់លុយ កំពុងមាន​អ្នករត់​ការសុំ​អន្តរាគមន៍​ឲ្យ​បាន​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​ឈ្មោះ ខាត់ គ​ន្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​២៤០ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​លោក វេ​ង ហត់ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​សម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោម​ការចោទប្រកាន់​ពីបទ រំលោភ​លើ​ទំនុកចិត្ត និង​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍ ដែល​អាច​ជួញដូរ​បាន យោងតាម​មាត្រា​៣៩១ មាត្រា​៣៩២ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២៣១​នៃ​ច្បាប់​ស្តីពី ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់​។​

​ចំណែក​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហើប​ថា ជន​ត្រូវ​ចោទ ធ្លាប់បាន​ស្នើសុំ​តុលាការ តាមរយៈ​មេធាវី​ឲ្យ​ដោះលែង​ភ្លាមៗ តាំងពី​សមត្ថកិច្ច​ទើបតែ​ចាប់ខ្លួន ប៉ុន្តែ​តុលាការ​មិន​ព្រម ព្រោះ​ជន​ត្រូវ​ចោទ​មិនមាន​ប្រាក់​ដាក់​តម្កល់ ទុក​សង​ជនរងគ្រោះ​។​

​កាលពីពេល​ថ្មីៗ​នេះ ជន​ត្រូវ​ចោទ បាន​ពឹងពាក់​សាច់ញាតិ មាន​តួនាទី​ជា​មន្ត្រីនគរបាល​ជាន់ខ្ពស់​ម្នាក់ ឲ្យ​ជួយ​ធានា​សុំ​នៅក្រៅ​ឃុំ ដោយ​មិនចាំបាច់​មាន​ប្រាក់​តម្កល់ទុក​សង​ជនរងគ្រោះ​នោះទេ តែ​មកដល់ពេលនេះ តុលាការ​នៅតែ​មិនទាន់​យល់ព្រម​ឡើយ​។​

​ជន​ត្រូវ​ចោទ​ឈ្មោះ ខាត់ គ​ន្ធី ក៏​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​ចេញ​សែក​ស្អុយ ក្នុង​ទឹកប្រាក់​ជាង​២​ម៉ឺន​ដុល្លារ ឲ្យ​ទៅ​ជនរងគ្រោះ​ឈ្មោះ ឡុង គីម​ស្រ៊ី ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ជន​ត្រូវ​ចោទ​ក៏បាន​រួចខ្លួន​វិញ​យ៉ាង​ស្រួល​។​

​សូមជម្រាបថា ជន​ត្រូវ​ចោទ​ខាងលើ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​សារជាថ្មី កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ការឃាត់ខ្លួន​នេះ ធ្វើឡើង​តាម​ដីកា​របស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស រំលោភ​លើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍ ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៨ កន្លងទៅ​។​

​ពាក់ព័ន្ធ​បទល្មើស​ខាងលើ ត្រូវ​សមត្ថកិច្ច​អះអាងថា ជន​ត្រូវ​ចោទ ធ្លាប់​ធ្វើជា​បុគ្គលិក​ទីផ្សារ​ឲ្យ​ក្រុមហ៊ុន​លាយ​ស៊ីម៉ង់ត៍​មួយ ដែលមាន​ម្ចាស់​ឈ្មោះ លី កញ្ញា​រិ​ទ្ធិ​, ឈ្មោះ សឿន សារី​ម និង​ឈ្មោះ ស្វាយ កក្កដា​។​

​ជន​ត្រូវ​ចោទ បាន​ដើរ​ប្រមូល​លុយ​ពី​អតិថិជន បាន​ជាង​១៣​ម៉ឺន​ដុល្លារ ប៉ុន្តែ​មិន​ប្រគល់​ទៅ​ម្ចាស់​ក្រុមហ៊ុន​នោះទេ ទើប​ក្រុមហ៊ុន​បាន​ហៅ​ទៅធ្វើ​កិច្ចសន្យា​សង​ប្រាក់ និង​ចេញ​សែក ចំនួន​៩ សន្លឹក ដើម្បី​តម្កល់​ឲ្យ​ជនរងគ្រោះ កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៩​។​

​ជន​ត្រូវ​ចោទ​ធ្លាប់​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ កែវ សុខ​លីម ជា​អ្នក​ជួយ​ធានា​លើ​បំណុល ដែល​រូបគេ ជំពាក់​ក្រុមហ៊ុន និង​មាន​មេធាវី​ឈ្មោះ ភុ​ន វិទ្យា ជា​អ្នក​បាន​ដឹងឮ​។​

​នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ លោក​មេធាវី ភុ​ន វិទ្យា ក្នុងនាម​ជា​តំណាង​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ខាត់ គ​ន្ធី បានចេញ​លិខិត​ជូនដំណឹង​ទៅ​ជនរងគ្រោះ សុំ​ពន្យា​ពេល​ទូទាត់​សង​ប្រាក់​តាមរយៈ​សែក ដែល​ចុះ​កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៨​។​

​លោក​មេធាវី បាន​បញ្ជាក់ថា កូនក្តី​លោក​នឹង​សងលុយ​ទៅ​ជនរងគ្រោះ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ប៉ុន្តែ​ដោយសារតែ​ជន​ត្រូវ​ចោទ​ឈ្មោះ ខាត់ គ​ន្ធី ចេះតែ​គេចវេស ដោយ​ប្រើ​អ្នកធានា និង​មេធាវី មិន​ព្រម​សង​ប្រាក់​ជនរងគ្រោះ​សោះ ទើប​ជនរងគ្រោះ​ប្តឹងទៅ​ស្ថាប័ន​អយ្យការ​ឲ្យ​ចាត់ការ​តាមច្បាប់​តែម្តងទៅ​៕