ជនជាតិ​ចិន​៣​នាក់​នេះ​ខ្លាំង​ដៃ​តើ សូម្បី​សមត្ថកិច្ច​ក៏​វាយ​ដែរ​

(​ភ្នំពេញ) ៖ ជនជាតិ​ចិន​ចំនួន​៣​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សាកសួរ​បន្ទាប់ពី​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​ធ្វើ​សកម្មភាព​វាយ​ទៅលើ​បុរស​ជា​សន្តិសុខ​ម្នាក់ បណ្តាលអោយ​រងរបួស​ខណៈ​បុរស​ជា​សន្តិសុខ​បាន​ចូលទៅ​ឃាត់​រឿង​វាយ​ឡាន​ម៉ូតូ​របស់​ភ្ញៀវ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ទុល​មុខ​ភោជនីយដ្ឋាន​SIN MA CLAYPOT LIVE FROG ផ្លូវ​ព្រះមុនីវង្ស​កែង និង​ផ្លូវ​២៨៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។​

​តាម​សម្តី​បុរស​ជា​សន្តិសុខ​បានអោយដឹងថា មុនពេល​កើតហេតុ​រូបគាត់​បាន​ឈរ​យាម​ម៉ូតូ និង​ជួយ​សម្របសម្រួល​រថយន្ត​ភ្ញៀវ​ចេញចូល​ក្នុង​ហាង​ខាងលើ ហើយ​ស្របពេល​នោះដែរ​ក៏​ស្រាប់​តែមាន​បុរស​ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់ មិនដឹងថា ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះបាន​ដើរមក​ដល់​មុខ​ហាង​ខាងលើ​ទាំង​សភាព​មួរ​ម៉ៅ ក៏​ស្រាប់តែ​បុរស​ជា​ជនជាតិ​ចិន​ទាំង​នោះបាន​ដើរមក​វាយ​រថយន្ត និង​ម៉ូតូ​របស់​ភ្ញៀវ ពេល​នោះដែរ​រូបគាត់​ជា​សន្តិសុខ​ក៏បាន​ទៅ​ហាមឃាត់ ស្រាប់តែ​ក្រុម​ជនជាតិ​ចិន​ទាំង​នោះបាន​ព្រួត​វាយ​ទៅលើ​រូបគាត់ បណ្តាលអោយ​រងរបួស​បែក​ថ្ងាស​ហូរឈាម ភ្លាមៗ​នោះដែរ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ឃើញ​ហេតុការណ៍​បាន​ជួយ​ចាប់ និង​ស្វាគមន៍​បណ្តាល​ឲ្យ​ក្រុម​ជនជាតិ​ចិន​ទាំង​៣​នោះ​រងរបួស​បន្តិចបន្តួច​ដែរ ។​

​បន្ទាប់ពី​ករណី​ហិង្សា​កើតឡើង​ឃើញ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួចហើយ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំងនោះ តែ​ជន​ជាតិចិន​ទាំង​នោះបាន​រករឿង​វាយ​សមត្ថកិច្ច​ថែម​ទៀតផង តែ​ត្រូវ​សមត្ថកិច្ច​ប្រើ​ធម៌​ក្តៅ​ចាប់​ឃាត់ខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិនគរបាល​បឹង​កេងកង​១​តែម្តង ។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​អោយ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់ ចំនែក​ជនជាតិ​ចិន​ចំនួន​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំនុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕