ពួកតាលីបង់៧នាក់ដែលមានមេបញ្ជាការយ៉ាងសំខាន់ម្នាក់ផងស្លាប់ នៅអាហ្វហ្គានីស្ថានខាងត្បូង

អន្តរជាតិ៖ ផ្នែកប៉ូលិសខេត្តបាននិយាយនៅឡាសកាហ្គា ពីថ្ងៃអង្គារនេះថា ពួកសកម្មប្រយុទ្ធតាលីបង់ សរុប ទាំងអស់៧នាក់ ដែលរួមមានទាំងមេបញ្ជាការយ៉ាងសំខាន់ម្នាក់ផង បានស្លាប់នៅពេលដែលកងកម្លាំង អាហ្វហ្គានីស្ថានបានវាយប្រហារកន្លែងលាក់ខ្លួនពួកតាលីបង់ ក្នុងខេត្តហេលម៉ាន អាហ្វហ្គានីស្ថាន ខាងត្បូង ។

ផ្នែកនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលអះអាងថា អាវុធមួយចំនួន , គ្រាប់រំសេវ, ទោចក្រក្រយានយន្ត២គ្រឿង នឹងកន្លែងធ្វើគ្រាប់មីនមួយរបស់ពួកសកម្មប្រយុទ្ធក៏ត្រូវបានគេបំផ្លាញចោលផងដែរ ។

ដោយមិនបានផ្តល់ឱ្យនូវព័ត៌មានលម្អិតថែមទៀតនោះ សេចក្តីថ្លែងការណ៍នេះបាននិយាយបន្ថែមថា កងកម្លាំងសន្តិសុខនឹងបន្តតាមរកពួកសកម្មប្រយុទ្ធនៅកន្លែងដទៃទៀត ក្នុងខេត្តនេះ ។

ពួកសកម្មប្រយុទ្ធតាលីបង់ ដែលសកម្មនៅក្នុងផ្នែកនានា នៃខេត្តហេលម៉ាន ដែល ដាំអាភៀន និង មានភាពវឹកវរនោះ មិនបានធ្វើអត្ថាធិប្បាយទេ ៕