លោក ដូណាល់ ត្រាំ ចូលជួបមេដឹកនាំ​វៀតណាម មុនជំនួបបើកឆាកជាមួយ លោក គីម ជុងអ៊ុន នាល្ងាចនេះ

(ហាណូយ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​នាថ្ងៃពុធនេះបានចូលជួបសំណេះសំណាលគ្នាជាមួយប្រធានាធិបតី​វៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋ​មន្រ្តី​វៀត​ណាម លោក Nguyen Xuan Phuc នៅឯទីក្រុងហាណូយ មុន​ពេលលោក​ត្រូវជួបគ្នាបើកឆាកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងឱកាស​នៃការបើកកិច្ចប្រជុំកំពូលលើក​ទី​ពីរ​​អាមេរិក-កូរ៉េ​ខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៧​ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុងជំនួបជាមួយលោក Trong លោក ត្រាំ​ បានស្ងើចសរសើរភាពរីកចម្រើននៃសេដ្ឋកិច្ចវៀតណាម និងបានចាត់ទុកប្រទេស​អាស៊ានមួយនេះថា ជាគំរូដ៏ល្អមួយនូវអ្វីដែលអាចកើតឡើង ប្រសិនបើកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ ហើយ​សម្រេចបានសន្តិភាពជាមួយសហរដ្ឋអាមេរិក។ ​​​ក្រៅពីនេះ លោក ត្រាំ បានអរគុណវៀតណាមសម្រាប់ការធ្វើជា​ម្ចាស់​ផ្ទះ​រៀប​ចំ​​​​កិច្ច​​ប្រជុំ​កំពូលលើកទីពីររវាងលោកនិង​លោក គីម ជុងអ៊ុន។ នាឱកាសនោះ ក៏មានចុះកិច្ចព្រមព្រៀង​ទិញយន្តហោះ​ជាច្រើន​​គ្រឿង​រវាង​​អាកាសចរណ៍វៀតណាម និងក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ផងដែរ។

រីឯក្នុងជំនួបជាមួយ លោក Phuc លោក ដូណាល់ ត្រាំ បានសរសើរលោក Phuc សម្រាប់វឌ្ឍនភាពដ៏ធំសម្បើម ដែល​វៀត​ណាមទទួលបានគិតចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់លោកមកកាន់ប្រទេសនេះ គឺកាលពីចុងឆ្នាំ​២០១៧ ខណៈ​លោកនាយករដ្ឋមន្រ្តីវៀតណាម បានសាទរលោក ត្រាំ សម្រាប់ភាពជោគជ័យនៃវិស័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ក្រៅ​ពីជួបពិភាក្សាគ្នា ប្រតិភូអាមេរិកដែលដឹកនាំដោយលោក ត្រាំ និងប្រតិភូវៀតណាមដែលដឹកនាំដោយ លោក Phuc ក៏បាន​ទទួលទានអាហារពេលថ្ងៃត្រង់ជាមួយគ្នាថែមទៀតផង។

គួរជម្រាបថា នាល្ងាចថ្ងៃពុធនេះ លោក ត្រាំ នឹងត្រូវជួប​ហើយ​ពិសារអាហារជាមួយលោក គីម នៅសណ្ឋាគារ Metropole ក្នុង​រដ្ឋធានីហាណូយ ដែលជាការជួបមុខគ្នាលើកទីពីរ គិតចាប់តាំងពីកិច្ចប្រជុំកំពូលលើកទីមួយរវាងមេដឹកនាំទាំងពីរ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​​កាល​ពី​​០៨ខែមុន នៅឯប្រទេសសិង្ហបុរី ក្រោមគោលដៅជំរុញឲ្យ កូរ៉េខាងជើងបោះចោល​កម្មវិធី​នុយ​ក្លេ​អ៊ែររបស់​ខ្លួន។ ចំណែកនៅថ្ងៃព្រហស្បតិ៍ លោក ត្រាំ និង លោក គីម ក៏នឹងជួបគ្នាម្តងទៀតដែរ៕