មនុស្សប្រមាណ ៦០នាក់កំពុងជាប់គាំងក្នុងអណ្តូងរ៉ែមាស នៅឥណ្ឌូនេស៊ី

អន្ដរជាតិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ក្រុមមន្ត្រីសង្គ្រោះរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយនៅថ្ងៃពុធនេះថា ក្រុមជួយសង្គ្រោះរាប់សិបនាក់បានប្រើប្រាស់កាប និងខ្សែពួរ ដើម្បីរុករកមនុស្សជាង៦០នាក់ ដែលត្រូវបានគេកប់ ដោយការបាក់ដីនៅឯអណ្តូងរ៉ែមាស ខុសច្បាប់មួយកន្លែងនៅលើកោះ Sulawesi ដែលបានសម្លាប់យ៉ាងហោចណាស់៣នាក់ហើយ ។
ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា ពួកគេអាចឮសំលេងរបស់អ្នក ដែលជាប់នៅក្នុងរូងបណ្តោះអាសន្ននៅតំបន់ភ្នំ Bulaang Mongondow នៃខេត្ត Sulawesi ភាគខាងជើងប្រទេស ហើយគេជឿថា មានមនុស្សជាច្រើន នៅរស់នៅឡើយទេ ។
លោក Abdul Muin Paputungan មន្ត្រីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានប្រាប់ Reuters ថា “យើងអាចរកឃើញថាមានមនុស្សជាច្រើននៅរស់រានមានជីវិត ពីព្រោះយើងអាចស្តាប់សម្លេងរបស់ពួកគេ ព្រោះមានកន្លែងខ្លះដែលមានខ្យល់អាកាសចូល និងចេញហើយមានចន្លោះប្រហោង ក្នុងល្បាប់ភក់” ៕