​មន្ត្រី​យោធា​ផ្កាយ​៣ ​ទះ​កំផ្លៀង​​អ្នក​ចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​បឹង​មាស ​បន្ទាប់​ពីបបួលចេញក្រៅខាងស្រីអត់ព្រមទៅ

(ភ្នំពេញ​)៖​ បុរស​ម្នាក់​អួត​ខ្លួន​ឯង​ជា​មន្ត្រី​យោធា​ផ្កាយ​៣ បាន​ទះ​កំផ្លៀង​​អ្នក​ចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​បឹង​មាស ​បន្ទាប់​ពី​បុរសម្នាក់នោះ ​បបួល​នារីចម្រៀងចេញក្រៅ តែនាង​មិន​ព្រម​ទៅ​។
ហេតុការណ៍​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើងនៅម៉ោង​ជាង​១១យប់​ ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ​នៅ​ភោជនីយដ្ឋាន​បឹង​មាស ​សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ​។
ស្រ្តី​រង​គ្រោះ​ឈ្មោះ​ ស្រី​ពៅ​ ​មាន​អាយុ​៣៥ឆ្នាំ​ មុខ​របរ​ជា​អ្នក​ចម្រៀង​ប្រចាំ​​ភោជនីយដ្ឋានបឹង​មាស បច្ចុប្បន្ន​ស្នាក់​នៅ​សង្កាត់ព្រែក​លៀប​ ខណ្ឌជ្រោយចង្វារ។
​ស្រ្ដី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រូប​គាត់ ​កំពុង​តែ​ច្រៀងសុខៗ ស្រាប់​ជន​បង្ក​ខាង​លើ​បាន​ឃើញ​ ក៏ពេញ​ចិត្ត​ក៏​ឲ្យ​គេ​ហៅនាង ​មក​រាំ​លេង​ជា​មួយ​គ្នា​។ ស្រាប់​តែមួយ​សន្ទុះ​ក្រោយ​មក ​បុរស​ខាង​លើ​បាន​អួត​ខ្លួន​ថា ​ជា​មន្ត្រី​យោធា​ផ្កាយ​៣ ភ្លាមៗ​នោះ​បុរស​ខាង​លើ​បាន​ដកលុយ​​ចំនួន​២០ដុល្លារ ​ដើម្បី​ឲ្យ​ទៅ​នាង ​ហើយ​ថែម​ទាំង​បបួល​នាង​ជា​ច្រើន​ដង ដើម្បីឲ្យ​ចេញទៅក្រៅជាមួយគ្នា​មួយ​យប់ ​អស់​ប្រាក់​ចំនួន​ប៉ុន្មាន​រយ​ដុល្លារ​ក៏​ជន​បង្ក​ព្រម​ដែរ​។ ប៉ុន្តែតែនាង​បដិសេធ​ ទើបធ្វើ​ឲ្យ​បុរស​រូបនោះ​ ខឹង​ក៏​ដើរ​ទៅ​ទះ​កំផ្លៀង​ស្រ្ដី​រងគ្រោះ​ចំនួន​ពីរ​កំផ្លៀង។​ បន្ទាប់​ពី​បាន​ទះ​កំផ្លៀង​ស្រ្ដី​រងគ្រោះរួច ជងបង្កនិង​បក្ខ​ពួក ​​បាន​នាំ​គ្នា​បើក​រថយន្ត​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ បាត់​ស្រមោល​តែ​ម្ដង​។
ក្រោយ​ពេលកើត​ហេតុ​ស្រ្តី​រង​គ្រោះ​ខាង​លើ​ បាន​​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ឯ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ជ្រោយ​ចង្វារ​ ដើម្បី​ជួយ​រក​យុត្តិធម៌​ និង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​៕