អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​សម្បត្តិ​និង​បំណុល​ស្នងការរង​ខេត្តកណ្តាល​ម្នាក់​

ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានចាប់ផ្ដើម​ស្រាវ​ជ្រាវ​​ទ្រព្យសម្បត្តិ និង​បំណុល​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ស្នងការរង​នគរ​​បាល​ខេត្តកណ្ដាល​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ស្ដីពី​កិច្ចប្រជុំ​លើក​ទី​៤៣ អណ​ត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ​ឆ្នាំ​២០១៩​។​ការស្រាវជ្រាវ​នេះ គឺ​បន្ទាប់ពី​បណ្ដាញសារព័ត៌មាន​មួយចំនួន និង​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកបាន​បង្ហោះ​ព័ត៌មាន​អំពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​ស្ត្រី​វ័យក្មេង​ម្នាក់ នឹង​បាន​សម្ញែង​លុយ​ថ្លៃ​បណ្ណាការ​ចំនួន១០​ម៉ឺន​ដុល្លារ ចិ​ញ្ជៀ​ន​ពេជ្រ និង​រថយន្ដ​លុ​ច្ស​ស៊ី​ស៥៧០ ដែលមាន​តម្លៃ២២​ម៉ឺន​ដុល្លារ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ភ្ជាប់ពាក្យ​ជាមួយ​ក្មេងស្រី​ស្រស់ស្អាត ដោយ​ជូន​ខាង​ស្រី១០​ម៉ឺន​ដុល្លារ និង​រថយន្ត​លុច​ស៊ី​ស៥៧០​មួយគ្រឿង ដែលមាន​តម្លៃ២២​ម៉ឺន​ដុល្លារ​អាមេរិក​ថែម​ទៅ​ត ពិតជា​មិនធម្មតា​មែន​។
​ពិធី​ភ្ជាប់ពាក្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្រេង សុខា ជាមួយ​ក្មេងស្រី​ស្រស់ស្អាត ធ្វើ​នៅ​ផ្សារ​អ្នក​លឿង (​ត្រើយ​ខាងកើត​)​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។​
​នៅក្នុង​សេចក្តីជូនដំណឹង​ដដែល​បាន​បន្តទៀតថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុក​រលួយ​គាំទ្រ​លើ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ក្នុងការ​អនុវត្ត​ច្បាប់​ការបង្ការ​ការទប់ស្កាត់​ និង​បង្ក្រាប​អំពើពុករលួយ​ ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ​៕