(​អន្តរជាតិ​)​អតីត​មេធាវី​ផ្ទាល់ខ្លួន​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​ប្រាប់​ទៅ​សភា​ថា លោក​ត្រាំ​បានដឹង​ជាមុន​ថា វេ​ប​សាយ WikiLeaks មាន​អ៊ីមែល​ជាច្រើន ដែល​នឹង​បំផ្លាញ​ដល់​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​របស់លោក​ស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​។​
​គាត់​បានផ្តល់​ភស្តុតាង​ថា លោក​ត្រាំ​គឺជា “​មនុស្ស​រើស​ពូជសាសន៍​” “​មនុស្ស​បោកប្រាស់​” និង “​មនុស្ស​ផិតក្បត់​” ។​
​លោក​ម៉ៃ​ឃើ​ល ខូ​ហិន បាន​លើកឡើងថា លោក​ត្រាំ​ក៏បាន​ប្រាប់​គាត់​ឱ្យ​និយាយ​កុហក​អំពី​គម្រោង​អចលនទ្រព្យ​នៅ​ទីក្រុង​មូ​ស្គូ​ផងដែរ​។​
​លោក​ខូ​ហិន​បាន​សារភាព​កំហុស​ចំពោះ​ការនិយាយ​កុហក​សភា​អំពី​គម្រោង​នេះ ដែល​លោក​និយាយថា​លោក​ត្រាំ​បានដឹង​រឿងរ៉ាវ នៅពេល​លោក​ខូ​ហិន​កំពុង​ចរចា​ជាមួយ​រុស្ស៊ី​នៅក្នុង​យុទ្ធនា​ការបោះឆ្នោត​ឆ្នាំ ២០១៦​។​
​សវនាការ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការបរិយាយ​ដ៏​បំផ្លិចបំផ្លាញ​បំផុត​ចំពោះ​យុទ្ធនាការ​និង​ប្រតិបត្តិការ​ធុរកិច្ច​របស់លោក​ត្រាំ​ពី​សំណាក់​អតីត​សមាជិក​ម្នាក់​នៃ​ជួរ​ដឹកនាំ​ផ្ទៃក្នុង​របស់លោក​ប្រធានាធិបតី​ត្រាំ​។​
​នេះ​គឺជា​ជំហាន​ចុងក្រោយ​បំផុត​មួយ​នៅក្នុង​ការវិវត្ត​របស់​លោក​ខូ​ហិន​ពី​អ្នកសម្របសម្រួល​ផ្លូវច្បាប់​សម្រាប់​លោក​ប្រធានាធិបតី​ត្រាំ ដែល​គាត់​ធ្លាប់​អួត​ពីមុន​ថា​គាត់ “​ហ៊ាន​រង​គ្រាប់កាំភ្លើង​ជំនួស​” លោក​ត្រាំ ទៅជា​សត្រូវ​ម្នាក់ ដែល​ធ្វើឱ្យ​ត្រាំ​ជាប់​ពាក់ព័ន្ធ​ក្នុងការ​រំលោភបំពាន​ហិរញ្ញវត្ថុ​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​របស់​សហព័ន្ធ​។​
​លោក​ខូ​ហិន​បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​អៀនខ្មាស​ចំពោះ​ភាពទន់ខ្សោយ​និង​ភាពស្មោះត្រង់​ខុស​កន្លែង​របស់ខ្ញុំ និង​ចំពោះ​អ្វីដែល​ខ្ញុំ​បានធ្វើ​សម្រាប់​លោក​ត្រាំ​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ការពារ​និង​លើកស្ទួយ​រូបគាត់​។ ខ្ញុំ​មានការ​ខ្មាស់អៀន​ដែល​ខ្ញុំ​ជ្រើសរើស​ចូលរួម​ក្នុងការ​លាក់បាំង​អំពើ​ខុសច្បាប់​របស់លោក​ត្រាំ​ជាជាង​ស្តាប់​នូវ​មនសិការ​របស់ខ្ញុំ​។ ខ្ញុំ​ខ្មាស់អៀន​ព្រោះ​ខ្ញុំ​ដឹងថា​ត្រាំ​ជា​មនុស្ស​បែបណា​”៕