អ្នក​យក​ iPhone 6 Plus ទៅ​ប្ដូរ​ថ្មី​ អាច​នឹង​បាន​ iPhone 6s Plus មក​វិញ​

ផ្អែក​តាម​ឯកសារ​ផ្ទៃ​ក្នុង​មួយ​​របស់​ Apple បាន​បង្ហាញ​ថា​ ប្រសិន​​បើ​អតិថិជន​ណា​មាន​​ iPhone 6 Plus ​​ខូច​សម​ល្មម​នឹង​ប្ដូរ​ថ្មី​ Apple អាច​​នឹង​ប្ដូរ​​ជា​ iPhone 6s Plus ជំនួស​វិញ​ រហូត​ដល់​ខែ​មីនា។

ក្នុង​ឯកសារ​ Apple បាន​បញ្ជាក់​ថា​ ៖ “ការ​​សុំ​ប្ដូរ​ iPhone 6 Plus ថ្មី​ទាំង​មូល​ អាច​នឹង​ត្រូវ​​ជំនួស​ដោយ​ iPhone 6s Plus វិញ​ រហូត​ដល់​​ចុង​ខែ​មីនា​ ឆ្នាំ​ ២០១៨​”។ Apple មិន​បាន​បញ្ជាក់​​ថា​ iPhone 6 Plus ម៉ូដែល​ណា​អាច​ប្ដូរ​បាន​នោះ​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​មូលហេតុ​នៃ​ការ​​ប្រែ​ប្រួល​នេះ​ដែរ។ ប៉ុន្តែ​ទំនង​ជា​ពាក់ព័ន្ធ​នឹង​កង្វះ​ខាត​​ថ្ម​​សម្រាប់​ប្ដូរ​ឲ្យ​ iPhone 6 Plus ដែល​​នាំ​ឲ្យ​ការ​ប្ដូរ​ថ្ម​ពន្យារ​ពេល​ដល់​ខែ​​ចុង​ខែ​មីនា​ ឬ ដើម​ខែ​មេសា។

ឯកសារ​ផ្ទៃ​ក្នុង​មួយ​ទៀត​ ដែល​សារព័ត៌មាន​ MacRumors ទទួល​បាន​កន្លង​មក​ បង្ហាញ​ថា​ Apple លែង​ផលិត​ iPhone 6 Plus ទៀត​ហើយ ដូច​នេះ​ Apple ទំនង​ជា​បាន​​ចាប់​ផ្ដើម​សង្វាក់​ផលិតកម្ម​ម្ដង​ទៀត​​ដើម្បី​​អាច​ផ្គត់ផ្គង់​​​ទាំង​សម្រាប់​ការ​ប្ដូរ​ iPhone 6 Plus និង​ការ​ប្ដូរ​ថ្ម​របស់​ស្មាតហ្វូន​ម៉ូដែល​នេះ ដែល​ដំណើរ​ការ​នេះ​ត្រូវ​ការ​ពេល​វេលា។

​​វា​អាច​ទៅ​រួច​ដែល​អតិថិជន​​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​ប្ដូរ​យក​ទូរសព្ទ​ថ្មី​តែ​ម្ដង​ ជា​ជាង​​រង់​ចាំ​​រហូត​ដល់​ខែ​មីនា​ ឬ ដើម​ខែ​មេសា​ដើម្បី​បាន​ប្ដូរ​ថ្ម​ថ្មី ដែល​ធ្វើ​ដូច​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្ដុក​ iPhone 6 Plus ដែល​ Apple មាន​តិច​តួច​បំផុត។

Apple បាន​ប្រកាស​ពី​ការ​ទម្លាក់​តម្លៃ​ប្ដូរ​ថ្មី​ iPhone 6/6 Plus, iPhone 6s/6s Plus និង iPhone 7/7 Plus មក​នៅ​ត្រឹម​តម្លៃ​ ២៩ ដុល្លារ។ ការ​ប្ដូរ​ថ្ម​ iPhone 6, iPhone 6s/6s Plus និង iPhone 7/7 Plus បាន​ចាប់​ផ្ដើម​កាល​ពី​ដើម​ខែ​មករា​ ប៉ុន្តែ​ចំពោះ​ iPhone 6 Plus ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ចុង​ខែ​មីនា​ ឬ ដើម​ខែ​មេសា​ ដោយ​សារ​កង្វះ​ខាត​ថ្ម​សម្រាប់​ប្ដូរ៕