សម្តេចតេជោហ៊ុន សែនអញ្ជើញបើកកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដើម្បីពិនិត្យលើសមិទ្ធផលការងារនិងបញ្ហាប្រឈមមួយចំនួន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកផ្តួចផ្តើមបង្កើតឲ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ នៅព្រឹកថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១ ៩នេះ បានអញ្ជើញបើកកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិនិត្យទៅលើសមិទ្ធផលការងារ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលបានកើតមានក្នុងរយៈ ពេល៦ខែកន្លងមកនេះ។

បើតាមឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឲ្យដឹងថា នៅក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំថ្ងៃនេះ មានរបៀបវារ៖ ១.ពាក់ព័ន្ធទៅនឹងទស្សនៈវិស័យនៃការប្រមូលធាតុចូលជាក់ស្តែងនៃការងាររបស់ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នៅក្នុងរយ:ពេល១ឆមាសកន្លងមក។ ទី២.ការផ្តល់មតិនិងសំណូមពរពាក់ព័ន្ធទៅនឹងបញ្ហា ដែលអនុវត្ត៦ ខែកន្លងមក ហើយជាពិសេ សទៅលើបញ្ហាជាក់ស្ដែងការវាយតម្លៃទៅលើចំណុចវិជ្ជមាន ចំណុចអវិជ្ជមាន ក៏ដូចជាការរកឃើញនូវតំរុយភាពអសកម្មអំពើពុករលួយ ការរំលោភអំណាចពីសំណាក់គណៈប្រតិភូគណបក្សនីមួយៗ ដែលគាត់នឹងលើកឡើង ។ ទី៣.បញ្ហាផ្សេងៗ និង ទី៤.សម្តេចតេជោហ៊ុនសែននឹងបង្ហាញអំពីទស្សនវិស័យ នៃប្រសិទ្ធភាពការងារតទៅមុខឆ្លុះបញ្ចាំងទៅនឹងអ្វីដែលបានអនុវត្ត៦ខែកន្លងមក និងទស្សនវិស័យ នៃប្រសិទ្ធភាពការងារសម្រាប់រយៈពេល ៦ ខែឬមួយឆ្នាំទៅមុខទៀត ។

តាមការឲ្យដឹងបន្ថែមរបស់ឯ.ឧឈឹម ផលវរុណ ថា ក្នុងរយៈពេល៦ខែមកនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានបើកកិច្ចប្រជុំសរុបប្រមាណ ១៣លើក ។ ក្នុងនោះ ការបើកកិច្ចប្រជុំជាទៀងទាត់របស់ក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រៀងរាល់មួយខែម្តងចំនួន៦លើក, ពិនិ ត្យទៅលើសេចក្តីព្រាងច្បាប់ និង ព្រាងគោលនយោបាយជាតិចំនួន ៤ លើក និងកោះអញ្ជើញតំណាងក្រសួងមកឆ្លើយបំភ្លឺលើបញ្ហានានាចំនួន៣លើកបន្ថែមទៀត។ឯកឧត្តម ឈឹម ផលវរុណ បានឲ្យដឹងទៀតថា ក្នុងរយៈពេល៦ខែនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលជាប្រតិភូរបស់គណបក្សនយោបាយទាំង១៦ បានធ្វើបេសកកម្មចុះទៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយបញ្ហាបានជាង ១០០លើក។

ឯ.ឧ លើកឡើងថា ក្នុងបេសកកម្មជាង ១០០លើក បានចូលរួមដោះស្រាយលើបញ្ហាជាច្រើន ជាពិសេសជម្លោះដីធ្លី ហើយបានកសាងរបាយការណ៍ដាក់ជូនសម្តេចតេជោ ហ៊ុន សែន។ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានរកឃើញផងដែរថា ទាំងជម្លោះដីធ្លី បទល្មើសនេសាទនិងបទល្មើសព្រៃឈើជាដើម សុទ្ធតែមានជាប់ពាក់ព័ន្ធជាមួយបុគ្គលជាមន្ត្រីទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ។ ប៉ុន្តែយ៉ាងណា ឯ.ឧបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយបានប្រមូលយកធាតុចូលជាច្រើនជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបញ្ហាដទៃទៀតកើតមាននៅក្នុងសង្គម។
ឯកឧត្តម ឈឹម ផលវរុណ បានចាត់ទុកកិច្ចប្រជុំនៅថ្ងៃនេះ រវាងសម្តេចតេជោ ហ៊ុន សែន ជា មួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាការផ្តល់តម្លៃខ្ពស់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដោយសារតែកិច្ចប្រជុំនេះ ត្រូវបានអញ្ជើញមន្ត្រីថ្នាក់ឧបនាយករដ្ឋមន្ត្រីទាំងអស់ចូលរួមប្រជុំ និងមានការផ្សាយបន្តតាមវីដេអូខុនវើរិនទៅតាមខេត្ត និងទីបញ្ជាការដ្ឋានកងទ័ព។ ជាពិសេសកិច្ចប្រជុំនេះ ត្រូវបានសម្តេចតេជោចាត់ទុកមានតម្លៃស្មើនឹងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ត្រូវបានបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ ២០១៨ តាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលការបោះឆ្នោតជាតិអាណ ត្តិទី៦។ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន ១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕