លោក គីម ជុងអ៊ុន ឆ្លើយតបសំនួរអ្នកកាសែតម្នាក់៖ «បើខ្ញុំ​មិន​​ចង់រំសាយ​អាវុធ​នុយក្លេអ៊ែរ ខ្ញុំ​មិន​បាច់មកកាន់ទីនេះ​ទេ»

​(ហាណូយ)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញឆន្ទៈ​ក្នុងការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយការបញ្ជាក់ថា បើសិនជា​គ្មានបំណង​លុបបាត់អាវុធ​នុយក្លេអ៊ែរនៅលើ​ឧបទ្វីប​កូរ៉េទេ ច្បាស់ណាស់​លោកនឹងមិនមកចូលរួម​កិច្ចប្រជុំកំពូលក្នុង​ទីក្រុងហាណូយ ប្រទេស​វៀតណាម ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នោះទេ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន CNN ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក គីម ជុងអ៊ុន ធ្វើការកត់​សម្គាល់បែបនេះនៅអំឡុង​សន្និសីទសារព័ត៌មាន​ខ្លីមួយ មុននឹងចូលរួម​ជំនួបជាមួយ​លោក ត្រាំ នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ និងជាការឆ្លើយតប​ទៅនឹងអ្នកសារព័ត៌មាន​ម្នាក់ដែលបានសួរថា តើលោក​មាន​បំណងរំសាយ​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង​ដែរ ឬទេ? លោក គីម បានបញ្ជាក់​នាឱកាសនោះ​យ៉ាងដូច្នេះថា «បើខ្ញុំមិន​ចង់រំសាយអាវុធ​នុយក្លេអ៊ែរ ខ្ញុំមិន​បាច់មកកាន់ទីនេះ​ទេ»

ដោយឡែក​ក្រោយលឺការឆ្លើយតប​របស់លោក គីម លោក ត្រាំ ក៏បានចាត់ទុកថា ការលើកឡើង​របស់មេដឹកនាំ​កូរ៉េខាងជើងរូបនេះ គឺជាចម្លើយ​ដ៏អស្ចារ្យ។ «នេះគឺជា​ចម្លើយដ៏អស្ចារ្យ។ Wow! (អូ!) នេះគឺជាចម្លើយ​ដ៏អស្ចារ្យដែលអ្នកទាំង​អស់គ្នាមិនធ្លាប់​បានលឺ»។ នេះជាការលើក​ឡើងរបស់​លោក ត្រាំ ភ្លាមៗក្រោយពីបានលឺសម្តីលោក គីម ជុងអ៊ុន ដែលកម្រមាន​​បំផុ ​ចំពោះ​ការឆ្លើយតបទៅអ្នក​សារព័ត៌មាន​អន្តរជាតិ​ ដោយផ្ទាល់បែបនេះ។

គួរបញ្ជាក់ថា ជំនួបកំពូល​រវាងលោក​ ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវបញ្ចប់​ថៃ្ងព្រហស្បតិ៍នេះ​ហើយមេដឹកនាំទាំងពីរត្រូវ​បានគេរំពឹងថា នឹង​ធ្វើ​សន្និសីទ​ព័ត៌មាន​​រួម​គ្នា​មួយនៅ​ម៉ោង ​៣៖៥០​នាទី​រសៀលនេះផងដែរ ខណៈ​ព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺកិច្ចប្រជុំ​កំពុងតែបន្ត​នៅ​ឡើយ ក្នុងសណ្ឋាគារ​នៃទីក្រុង​ហាណូយ៕