រុក្ខជាតិ ដែលសត្វពស់ឃើញហើយ ខ្លាច មិនហ៊ានវារចូលជិត ប្រញាប់ដាំនៅក្នុងផ្ទះអ្នកជាបន្ទាន់ (មានវីដេអូ)

ប្រសិនបើសួរថា តើអ្នកខា្លចសត្វពស់ដែរឬទេ? ចម្លើយចេញមក៩៩ភាគរយ គឺខ្លាចខ្លាំងណាស់។ ចុះបើចៃដន្យមានពិស ឬសត្វពស់បានលូនចូលទៅក្នុងផ្ទះរបស់អ្នក តើអ្នកនឹងធ្វើយ៉ាងណា?

ជាធម្មតានៅក្នុងរដូវវស្សា ពេលដែលមានភ្លៀងធ្លាក់មកខ្លាំងម្តងៗ ក្រៅពីកង្វល់ពីរឿងទឹកលិច និងទឹកហូរចូលមកក្នុងផ្ទះហើយ ប៉ុន្តែរឿងដែលគួរឱ្យព្រួយបារម្ភខ្លាំងជាងនេះទៅទៀតនោះគឺសត្វធាតុដែលផ្អើលពីសំបុក។

ជាក់ស្តែង ពេលដែលមានភ្លៀងធ្លាក់ខ្លាំង ឬមានទឹកជំនន់កើតឡើង សត្វមានពិសនានាដូចជា ក្អែប ខ្ទួយ ពីងពាង ខ្យាដំរី នោះទេ វាតែងតែផ្អើល និងគេចខ្លួនពីជម្រករបស់ខ្លួន ស្វែងរកទីតាំងមានសុវត្ថិភាពផុតពីទឹកដូចជាមនុស្សយើងដែរ។

ជាពិសេស គឺសត្វអ្នកត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់នោះគឺ សត្វពស់ដែលវាចូលមកក្នុងផ្ទះផងដែរ។ ដូច្នេះអ្នកត្រូវមានមធ្យោបាយដ៏ល្អប្រសើរបំផុត នៅក្នុងការការពារពស់មិនឱ្យចូលផ្ទះ។ នោះគឺ អ្នកគួរដាំដើមឈើ និងប្រទាលមួយចំនួននៅក្នុងផ្ទះ ដើម្បីការពារ និងក៏ដូចជាលម្អនៅក្នុងគេហដ្ឋានផងដែរ។

ជួបជាមួួយនឹងអ៊ំស្រីម្នាក់ ដែលជាអ្នកស្រុក ប៉ុន្តែគាត់មានចំណូលចិត្តនៅក្នុងការដាំដើមឈើ និងប្រទាលជាច្រើនមុខនៅជុំវិញផ្ទះ ជាពិសេសនោះគាត់ក៏ជាមនុស្សម្នាក់ដែលមានចំណេះដឹងរឿងរុក្ខជាតិនេះផងដែរ។

លើសពីនេះអ៊ំស្រី សុខគាន់ ក៏បានប្រាប់ពីរុក្ខជាតិ និងប្រទាលមួយចំនួន ដែលសត្វពស់ឃើញហើយវាខ្លាចមិនហ៊ានចូលនៅជិត ឱ្យក្រុមការងារខ្មែរឡូតយើងបានដឹងដូច្នេះថា៖

១) ដើមក្រូចសើច៖ ក្រូចសើចគឺជាដើមរុក្ខជាតិម្យ៉ាង ដែលប្រជាពលរដ្ឋខ្មែរយើងនិយមដាំនៅក្នុងបរិវេណផ្ទះជានិច្ច ព្រោះវាគឺដើមថ្នាំឱសថបុរាណពីធម្មជាតិ អាចយកមកព្យាបាលជំងឺ ជួយឱ្យមានសុខភាពល្អ។ ជាពិសេស គឺក្លិនរបស់ក្រូចសើចទាំងស្លឹក និងសម្បកផ្លែក្រូចសើច ក៏អាចយកទៅចម្អិនម្ហូបអាហារបានយ៉ាងងាយ និងមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងទៀតផង។

ក្រៅពីអត្ថប្រយោជន៍ទាំងអស់នេះហើយ ក្រូចសើចក៏អាចបណ្តេញពស់ឱ្យចេញឆ្ងាយបានដែរ ពីព្រោះពស់ចាញ់ក្លិនក្រូចសើចនេះយ៉ាងខ្លាំង ពេលមានក្លិនរុក្ខជាតិនេះនៅទីណាគឺវាមិនហ៊ានចូលទៅជិតនោះទេ។

ចាស់ៗសម័យមុន និងបច្ចុប្បន្ននេះ ភាគច្រើនតែងយកស្លឹក សម្បក និងផ្លែក្រូចសើចទៅបោះចូលនៅក្នុងកន្លែងនានាដូចជា នៅក្បែរៗរបងផ្ទះ ក្នុងគំនរអុស ឬទីងងឹតដែលពស់អាចលាក់ខ្លួនបានជាដើម ដើម្បីបណ្តេញវាឱ្យចេញឆ្ងាយ។

ហើយភាគច្រើនក្រូចសើចក៏ត្រូវបានគេដឹងជាទូទៅផងដែរថា សត្វពស់ខ្លាចរុក្ខជាតិនេះលេខមួយហើយ។

ដើមក្រូចសើច

២) ស្លឹកគ្រៃ៖ ស្លឹកគ្រៃក៏ជាឱសថ និងជាស្លឹករុក្ខជាតិម្យ៉ាង ដែលគេនិយមប្រើជំនួយដល់ការផ្សំរសជាតិ និងបន្ថែមក្លិនដល់អាហារឱ្យបានឈ្ងុយឆ្ងាញ់ផងដែរ។ ហើយក្រៅពីមានប្រយោជន៍ទាំងនេះហើយ ក្លិនរបស់ស្លឹកគ្រៃ ក៏សត្វពស់មិនចូលចិត្តដែរ។ ហើយឱ្យតែកន្លែងណាមានក្លិន ឬដើមស្លឹកគ្រៃ គឺវាមិនហ៊ានទៅជិតនោះទេ។

ជាពិសេសនោះគឺស្លឹកគ្រៃ ក៏អាចធ្វើឱ្យពស់ខ្លាចយ៉ាងខ្លាំង ព្រោះស្លឹកវាអាចមុតខ្លួនពស់បាន ប្រសិនបើវាហ៊ានតែចូលទៅក្បែរ។ ហេតុនេះបើអ្នកដាំស្លឹកគ្រៃទុកនៅកៀនៗផ្ទះ ឬក្នុងសួនច្បារ ឬក្បែររបងផ្ទះនោះ ដូចនេះគឺសត្វពស់ច្បាស់ជាមិនហ៊ានវាចូលទៅជិតនោះទេ ព្រោះវាខ្លាចមានគ្រោះថ្នាក់ដល់ខ្លួន។

ស្លឹកគ្រៃ

៣) ប្រទាលលំពែងនាគរាជ៖ រូបរាងរបស់ប្រទាលនេះ មានសណ្ឋានធំស្រួច ហើយដុះត្រង់ឡើងទៅលើ និងដុះស្របៗគ្នាថែមទៀតផង។ ប្រទាលនេះក៏មានលក្ខណៈសម្បតិ្តយ៉ាងពិសេសដល់អ្នកដាំ ព្រោះវាអាចនាំសិរីសួស្តីជ័យមង្គលចូលផ្ទះបានផងដែរ។ ទន្ទឹមនឹងនេះដែរ ដោយសារតែមានលក្ខណៈពិសេសពីធម្មជាតិដូច្នេះហើយ ទើបបានជាសត្វពស់ពិបាកនៅក្នុងការការវារឆ្លងកាត់ណាស់ ព្រោះវារអិលដូចជាខ្លួនពស់ដែរ។ បើពស់ចង់វារឆ្លងកាត់ក៏ពិបាកដែរ ស្រួលមិនស្រួលវាអាចជាប់ខ្លួននៅក្នុងដើមនេះក៏អាចថាបានដែរ។

ដូច្នេះអ្នកគួរដាំវាទុកនៅរបងផ្ទះ ដើម្បីការពារសត្វពស់ និងដើម្បីជាសិរីមង្គលផងដែរ។ ប្រទាលប្រភេទនេះវាក៏ងាយនឹងដុះលូតលាស់នៅគ្រប់ទីកន្លែងទាំងអស់ មិនថាដាំដាក់នៅក្នុងសួនច្បារ នៅក្នុងផើងផ្កា ឬដាក់ដាំនៅលើដីធម្មតានោះទេ។