BREAKING NEWS: មាន​សេចក្តីរាយការណ៍​ថា «វៀតណាម​អាចរំលោភ​ទណ្ឌកម្ម​អន្តរជាតិ» ដោយ​លួចដឹក​ប្រេង​ទៅ​កូរ៉េខាងជើង កំឡុង​នៃជំនួប​កំពូល​ត្រាំ-គីម

​(ហាណូយ)៖ នាវាដឹកប្រេង​មួយគ្រឿងរបស់​វៀតណាម បានដឹកជញ្ជូន​ប្រេងសាំង ២,០០០តោន​ទៅកាន់ប្រទេស​កូរ៉េខាងជើង ដែលនេះអាចជាទង្វើរំលោភ​លើទណ្ឌកម្មអន្តរជាតិ ដឹកនាំ​ដោយសហរដ្ឋអាមេរិកប្រឆាំង​ទីក្រុង​ព្យុងយ៉ាង។ នេះបើតាមទិន្នន័យ​របស់ក្រុមហ៊ុន Refinitiv ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ការចេញផ្សាយ​ទិន្នន័យរបស់​ក្រុមហ៊ុន Refinitiv ធ្វើឡើងចំពេល​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កំពុងស្ថិត​នៅក្នុងកិច្ច​ចរចាដ៏សំខាន់ស្ដីពីការរំសាយ​អាវុធនុយក្លេអ៊ែរ។​ ប៉ុន្តែអ្វីដែល​គួរឱ្យកត់ស​ម្គាល់ ព័ត៌មាននេះ​ទៀតសោតកើតមាន​ឡើង ខណៈលេច លឺដំណឹងថា កាលវិភាគនៃជំនួប​រវាងមេដឹកនំាទាំង​ពីរ ត្រូវបានផ្លាស់​ប្ដូរភា្លមៗ រីឯជំនួប​ទទួលទានអាហារពេលល្ងាច​ ក៏ត្រូវបានលុបចោលដោយមិនបញ្ជាក់​មូលហេតុថែមទៀត។

ក្រុមហ៊ុន Refinitiv ផ្អែកលើទិន្នន័យដឹកជញ្ជូនរបស់ខ្លួនបានបញ្ជាក់​ទៀតថា នាវាដឹកប្រេង វៀតទីន ០១ (Viet Tin 01) បានទៅដល់​ខាងក្រៅ​កំពង់ផែ ណាមផូ (Nampo) នៃភាគខាងលិច​ឆ្នេរប្រទេសកូរ៉េខាងជើង​ កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លង​ទៅជាមួយប្រេងសាំង ២,០០០តោន។

គួរបញ្ជាក់ថា មកទល់នឹង​ពេលនេះ គេមិនទាន់ដឹងច្បាស់​នៅឡើយទេថា នាវាដឹកប្រេង​វៀតណាម Viet Tin 01 បានទម្លាក់ប្រេងចុះ​នៅកំពង់ផែ Nampo ឬយ៉ាងណា​នោះទេ តែការដឹកជញ្ជូន​នេះអាចនឹងត្រូវបានចាត់​ទុកថា ជាទង្វើរំលោភបំពាន​លើទណ្ឌកម្ម​អន្តរជាតិ ដឹកនាំដោយ​សហរដ្ឋអាមេរិកប្រឆាំង​ទីក្រុងព្យុងយ៉ាង៕