អ្នក​វិនិយោគ​តៃវ៉ាន់​ ចាញ់បោក​ក្រុមហ៊ុន 4 Season Construction Co.,Ltd ស្វែងរក​អន្តរាគមន៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អាជ្ញាធរ​កម្ពុជា

(ភ្នំពេញ) ​៖​ អ្នក​វិនិយោគ​តៃវ៉ាន់ ចាញ់បោក​ក្រុមហ៊ុន 4 Season Construction Co.,Ltd បានមក​កម្ពុជា ក្នុង​បំណង​ស្វែងរក​អន្តរាគមន៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏ដូចជា​ពី​អាជ្ញាធរ​កម្ពុជា។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ភ្នំពេញ​លោកស្រី Kuei Fang Wang តំណាង​អតិថិជន​តៃវ៉ាន់ ដែល​ចាញ់បោក​គម្រោង​អចលនទ្រព្យ Le Bassac របស់​ក្រុមហ៊ុន 4 Season Construc tion Co.,Ltd បាន​លើកឡើងថា កាលពី​ឆ្នាំ​២០១៧ មាន​ក្រុមហ៊ុន​សាងសង់​តៃវ៉ាន់​មួយ​ឈ្មោះ 4 Season Construction Co.,Ltd បានមក​វិនិយោគ​បើក​គម្រោង​សាងសង់​ខុន​ដូ ឈ្មោះថា Le Bassac មាន​ទីតាំង​ស្ថិតនៅ​ចំណុចប្រសព្វ​រវាង​មហាវិថី​នរោត្តម និង​ផ្លូវ ២៩៤ សង្កាត់​បឹង​កេងកង ១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ដំបូង​ឡើយ​ដោយ​មើលឃើញ​ពី​ទីតាំង​វិនិយោគ​របស់​គម្រោង Le Bassac នេះ​ល្អ ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ​សម្រាប់​ការវិនិយោគ និង​ស្នាក់នៅ ទើប​លោកស្រី​យក​គម្រោង​នេះ​ទៅ​បង្ហាញ​ដល់​វិនិយោគិន​តៃវ៉ាន់​ជាច្រើន ហើយ​ពួកគេ​ក៏បាន​ចាប់អារម្មណ៍ និង​យល់ព្រម​ទិញ​គម្រោង​នោះ​ជា​បន្តបន្ទាប់ ព្រោះ​ម្ចាស់​ក្រុមហ៊ុន​នេះ​ក៏​ជា​ជនជាតិ​តៃវ៉ាន់​ដូចគ្នា ពិត​មែន ​តែ​គេ​បាន​ចូលសញ្ជាតិ​ជា​កម្ពុជា។

លោកស្រី​បន្តថា ក្នុង​គម្រោង​នេះ លោកស្រី​បាន​ចុះ​កិច្ចព្រមព្រៀង​បង់ប្រាក់​១០% ហើយ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧ លោកស្រី​បាន​បន្ថែម​ដើមទុន ចំនួន ៥%​ទៀត​លើ​គម្រោង​នេះ សរុប​អស់​ទឹកប្រាក់ ៦​លាន ដុល្លារ​។ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៧ គម្រោង LE BASSAC​នេះ បាន​ប្រារព្ធ​ពិធី​បើក​ការសាងសង់​ជា​ផ្លូវការ ដែល​ពិធី​នេះ​ក៏មាន​អាជ្ញាធរ​ក្រសួង​រៀបចំ​ដែនដី​នៃ​ប្រទេស​កម្ពុជា​ចូលរួម​ផងដែរ​។ ប៉ុន្តែ​ក្រោយមក​រហូតមក​ដល់ពេលនេះ ទើប​យើង​បានដឹងថា ការដ្ឋាន​សំណង់​គម្រោង​នេះ​គ្មាន​សកម្មភាព​ដំណើរការ​អ្វី​ឡើយ ដឹងថា​យើង​ចាញ់បោក គម្រោង​នេះហើយ​។ លោកស្រី​បន្តទៀតថា លោកស្រី​មិន​ចង់​ទាមទារ​អ្វី​ច្រើន​នោះទេ សូមអោយ​តែ​ក្រុមហ៊ុន​នោះ ប្រគល់​នូវ​ប្រាក់​ដែល​លោកស្រី​បាន​បង់​ទៅអោយ​ក្រុមហ៊ុន​ត្រលប់​មកវិញ ហើយ​ប្រាក់​សំណង​ជំងឺ​ចិត្ត ដែលមាន​ចុះកិច្ចសន្យា​នោះ លោកស្រី​មិន​ចង់បាន​នោះឡើយ ព្រោះ​វា​តិចតួច ហើយក៏​មិន​សង្ឃឹមថានឹង​បានមក​វិញ​ផង។

លោកស្រី អំពាវនាវ​អោយ​វិនិយោគិន​ដទៃទៀត​ដែល​កំពុង​សម្លឹងមើល​ការបណ្ដាក់ទុន​នៅ​កម្ពុជា សូម​ប្រុងប្រយ័ត្ន​ចំពោះ​គម្រោង​អចលនទ្រព្យ ដែល​មិនដឹង​សាវតា​ច្បាស់លាស់ ជាពិសេស​វិនិយោគិន​មាន​ប្រវត្តិ​មិនល្អ ក្នុងនោះដែរ​ក៏​សូមអោយ​ប្រយ័ត្ន​ចំពោះ​គម្រោង​តៃវ៉ាន់​មួយ​នេះ​ផងដែរ។

លោក Lacoste Huang អ្នក​វិនិយោគិន​តៃវ៉ាន់​មួយរូប និង​ជា​ភាគហ៊ុនិក​ធំ​នៅក្នុង​គម្រោង Le Bassac ក៏បាន​អោយដឹងថា លោក​ជា​ម្ចាស់​ក្រុមហ៊ុន​សាងសង់​គម្រោង Le Bassac ដែរ តែ​លោក ក៏​ជា​ជនរងគ្រោះ​ពី​អំពើ​ទុច្ចរិត​នេះដែរ។

លោក​ថា​៖« នៅក្នុង​ដំណើរការ​ក្រុមហ៊ុន​មួយ​នេះ ដោយសារតែ​លោក​ជា​ជនជាតិ​តៃវ៉ាន់ ហើយ​ភាគី​មួយទៀត ដែលជា​ម្ចាស់​ភាគហ៊ុន​ដែរនោះ ក៏​ជា​ជនជាតិ​តៃវ៉ាន់ ចូលសញ្ជាតិ​កម្ពុជា ដូច្នេះ​រាល់​សំណុំ​ឯកសារ​នានា គឺ​ភាគី​មួយទៀត​ជា​អ្នកធ្វើ ដូច្នេះហើយ​ទើប​លោក​មិនដឹង​ដំណើររឿង​ដូចគ្នានេះដែរ។ លោក​បន្តថា បើទោះបីជា​លោក​ត្រូវបាន​ចាញ់​ភាគី​ម្ខាង​ទៀត នៅ​កម្ពុជា​ក៏ដោយ ក៏​លោក​នៅតែមាន​ជំនឿ​ជាក់ និង​ចង់​បណ្ដាក់ទុន​វិនិយោគ​លើ​ផ្នែក​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា​ដដែល ដោយ​មិនមាន​បាត់បង់​ទំនុកចិត្ត​នោះទេ ព្រោះ​ករណីនេះ មិនមែនជា​វិនិយោគិន​ខ្មែរ​បោក គឺជា​អ្នក​វិនិយោគិន​តៃវ៉ាន់​សញ្ជាតិ​កម្ពុជា​ជា​អ្នកបោក​ប៉ុណ្ណោះ។

អ្នកជំនាញ អចលនទ្រព្យ​កម្ពុជា​បាន​លើកឡើងថា ជាទូទៅ​គម្រោង​អចលនទ្រព្យ ១០០ មិន​ប្រាកដថា​ជោគជ័យ​ទាំង​១០០​នោះទេ ក៏ប៉ុន្តែ​ត្រូវ​មើលថា តើ​គម្រោង​ប៉ុន្មាន​ភាគរយ​បានសម្រេច និង​ប៉ុន្មាន​ភាគរយ​បរាជ័យ។ សម្រាប់​កម្ពុជា គេ​ឃើញថា​គម្រោង​អចលនទ្រព្យ​ភាគច្រើន​បាន​ជោគជ័យ ហើយ​មាន​គម្រោង​តិចតួច​ប៉ុណ្ណោះ​ដែល​បរាជ័យ ដូច្នេះ​ក៏​អាច​ចាត់ទុកថា​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា​ល្អប្រសើរ​ដែរ​៕