សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ជាថ្មី​ថា ទោះបីជា​រាជរដ្ឋាភិបាល មិនមាន​ចំណូល​បន្ថែមទៀត នៅពេលនេះ ក៏​រាជរដ្ឋាភិបាល​អាច​បើក​ប្រាក់ខែ​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាន​រហូតដល់ ១២​ខែ​ដែរ​

(​ភ្នំពេញ​)៖ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩ សម្តេច ​តេ​ជោ ហ៊ុន សែន ប្រកាស​ជាថ្មី​ថា ទោះបីជា​រាជរដ្ឋាភិបាល មិនមាន​ចំណូល​បន្ថែមទៀត នៅពេលនេះ ក៏​រាជរដ្ឋាភិបាល​អាច​បើក​ប្រាក់ខែ​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាន​រហូតដល់ ១២​ខែ​ដែរ​។ នៅពេលនេះ ប្រាក់ខែ​មន្ត្រីរាជការ ក៏ត្រូវ​បាន​បើក ២​ដង ក្នុង ១​ខែ គឺ​រយៈពេល ២​សប្តាហ៍​ម្តង ហើយ​បើក​តាម​ធនាគារ ដោយ​មិន​យឺតយ៉ាវ ដូច​មុន​ទៀត​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ដូច្នេះ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» ដែលមាន​តម្លៃ​ជិត ៥០​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» ស្ថិតនៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ ដែល​បើក​ការដ្ឋាន​សាងសង់ នៅ​ព្រឹក​នេះ គឺជា​គម្រោង​ធំ​ទី​២ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន បន្ទាប់ពី​គម្រោង​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព កម្ពុជា​-​ចិន ព្រះកុសុម​:» ដែលជា​គម្រោង​ទី​១ ទើប​ចាប់ផ្តើម​សាងសង់​កាលពី​ខែតុលា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ​។​

​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ ២៤,៣០០​ម៉ែត្រការ៉េ លើ​ទំហំ​ផ្ទៃដី​សរុប ៥៥,៨១៥​ម៉ែត្រការ៉េ​។ គម្រោង​នេះ​សាងសង់​ក្នុង​រយ​:​ពេល ៤០​ខែ​។ មន្ទីរពេទ្យ​នេះ នឹងមាន​សភាព​ធំ​ទូលាយ ហើយ​បំពាក់​ទៅដោយ​គ្រឿង​បរិក្ខា​ពេទ្យ​ទំនើបៗ​ទៀតផង​៕