សម្ដេចក្រឡាហោម ស ខេង ព្រមានអ្នកលូកដៃអន្តរាគមន៍ក្នុងរឿងទំនាស់ដីធ្លី ត្រូវដកខ្លួនចេញជាបន្ទាន់

(ព្រះសីហនុ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានដល់បុគ្គលទាំងឡាយណា ដែលជាប់ពាក់ព័ន្ធក្នុងកិច្ចអន្តរាគមន៍រឿងទំនាស់ដីធ្លី នៅខេត្តព្រះសីហនុ ត្រូវដកខ្លួនចេញជាបន្ទាន់ ដើម្បីទុកឱកាសឲ្យរដ្ឋបាលខេត្តព្រះសីហនុ ចាត់ការដោះស្រាយទៅតាមនីតិវិធីច្បាប់។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ទំនាស់ដីធ្លីវាបានកើតយូរមកហើយ ក្នុងនោះមិនមែនមានតែនៅខេត្តព្រះសីហនុនោះទេ ខេត្តដទៃក៏មានដែរ។ សម្តេចករឡាហោម យល់ឃើញថា សំរាប់ខេត្តព្រះសីហនុ មានអ្នកដណ្តើមដីគ្នាកាន់កាប់បង្កជាទំនាស់ជាបន្តបន្ទាប់ គ្រាដែលដីឡើងថ្លៃ។ បញ្ហានេះដែរ វាមានអ្នកលូកដៃចូលអន្តរាគមន៍ពីខាងក្រៅថែមទៀត។ ការលូកដៃអន្តរាគមន៍ ក្នុងអំពើដណ្តើមដីធ្លីនេះ គឺជាមូលហេតុនាំឲ្យមានបញ្ហាកាន់តែស្មុគស្មាញមួយកម្រិតទៀត។

ការព្រមានរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃខាងលើនេះ ​ស្របពេលដែលនៅថ្ងៃទី១​ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង អភិបាលរងខេត្តព្រះសីហនុ ២រូប គឺលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ។

នៅក្នុងពិធីបិទអង្គសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ក៏បានកោតសរសើរខេត្តព្រះសីហនុថា មានការរីកចម្រើនបើទោះជាមានបញ្ហាប្រឈមមួយចំនួនក្តី។ សម្តេចបានរំលឹកថា មន្ត្រីជាប់ពាក់ពន្ធ័ទាំងអស់ត្រូវបន្តខិតខំរួមគ្នា អនុវត្តការងារឲ្យបានល្អ ប្រសើរ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឲ្យកាន់តែរីកចម្រើនស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង បានក្រើនរំលឹកនូវចំណុចសំខាន់សំខាន់មួយចំនួន ដល់មន្ត្រីក្រោមឱវាទ នៃខេត្តព្រះសីហនុ ឲ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អ ដោយបានចង្អុលបង្ហាញនូវចំណុច ដែលត្រូវយកចិត្តទុកដាក់អនុវត្តចំពោះមុខមួយចំនួនផងដែរ។

សម្តេចក៏បានស្នើឲ្យមន្រ្តី អនុវត្តច្បាប់ត្រូវតែធ្វើការបោសសំអាតឲ្យអស់, បង្ក្រាបបទល្មើសគ្រឿងញៀន, គ្រប់គ្រងសំណល់រឹង-រាវ, ការពារដីរដ្ឋឲ្យបានល្អ, ទប់ស្កាត់ការចូលទន្ទ្រានដីរដ្ឋដោយ ខុសច្បាប់, ព្យាយាមដោះស្រាយទំនាស់ដីធ្លីកុំឲ្យកើតថ្មី, គ្រប់គ្រងជនបរទេស និងអាជីវកម្មអ្នកវិនិយោគដោយច្បាប់ និងជំរុញលើកកំពស់សមត្ថភាពមន្ត្រីជាដើម៕