ADB អនុវត្ត​គម្រោង​មួយ​ដែល​ស្មើ​នឹង​ ៨៧​លាន​ដុល្លារ​ នៅ​ចុង​ឆ្នាំ​នេះ

(ភ្នំពេញ)៖ គម្រោង​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​វាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) និង​ក្រសួង​ការងារ ដែល​មាន​ឈ្មោះ​ថា ជំនាញ​ដើម្បី​ប្រកួតប្រជែង ហៅ​កាត់​ថា (S4C) ដែល​បាន​បាន​រៀបចំ​សិក្សា​កន្លង​មក​មាន​ថវិកា ៨៧ លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈ​ពេល​៥ឆ្នាំ (២០១៩-២០២៣) នឹង​ត្រូវ​អនុម័ត​នៅ​ខែ​មិថុនា និង​ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ នា​ខែ​តុលា ឆ្នាំ២០១៩​។
ការ​បញ្ជាក់​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង ​ជំនួប​រវាង​លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី Ayoko Inagaki នាយក​ផ្នែក​អភិវឌ្ឍន៍ និង​មនុស្ស​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដើម្បី​ស្វែង​យល់​អំពី​គម្រោង​នៃ​កិច្ច​សហ​ប្រតិបត្តិការ​នា​ពេល​អនាគត នៅ​ទីស្តីការ​ក្រសួង​។

លោកស្រី Ayoko Inagaki បាន​ឲ្យដឹង​ថា ADB ក៍​កំពុង​សិក្សា​ក្នុង​ការ​រៀបចំ​ជា​ផែនការ​យុទ្ធសាស្រ្ត​ ៥ឆ្នាំ​បន្ទាប់​របស់​ខ្លួន ដើម្បី​ផ្តល់​ការ​ជួយ​គាំទ្រ​ដល់​វិស័យ​ការងារ ដែល​ស្រប​តាម​អទិភាព​ទាំង៥ នៃ​ផែនការ​យុទ្ធសាស្រ្ត​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដូចជា បន្ត​ពង្រឹង​វិស័យ​បណ្ដុះបណ្ដាល ក្នុង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស, ប្រាក់ឈ្នួល​អប្បបរមា, សុវត្ថិភាព និង​សុខភាព​ការងារ, ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ, ទេសន្តរប្រវេសន៍​ការងារ, បេឡាជាតិ​របប​សន្តិសុខ​សង្គម និង​ការ​ធ្វើ​ប្រព័ន្ធ​ទំនើបកម្ម​នៃ​សេវា​សាធារណៈ, ស្វែងរក​មូលនិធិ​ជួយ​ធានា​ដល់​និរន្តភាព និង​ឯករាជ្យ​ភាព​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​៕