មក​ស្គាល់​អ្នក​នៅ​ពី​ក្រោយ​ម៉ូដ​សក់​ប្លែកៗ និង​សម្រស់​ដ៏​សែន​ស្អាត របស់ សុគន្ធ និសា

តាកាដា​ គឺ​ជា​ឈ្មោះ​របស់​អ្នក​ផាត់​មុខ និង​ធ្វើ​សក់​វ័យ​ក្មេង​ម្នាក់​ដែល​សំងំ​តុប​តែង​សម្រាប់​តែ​កំពូល​តារា​ចម្រៀង សុគន្ធ និសា​ ប៉ុណ្ណោះ។ ម៉ូដ​សក់​ថ្មី​ៗ​ មុខ​​ដ៏​ស្រស់​ផូរផង់ ​និង​ស្ទីល​ស្លៀក​ពាក់​ប្លែកៗ​របស់​តារា​ស្រី​ខាង​លើ​ ភាគ​ច្រើន​សុទ្ធ​តែ​ជា​ស្នាដៃ​រៀប​ចំ​ដោយ​យុវជន​រូប​នេះ។

និសា និង តាកាដា

តាកាដា ​មាន​​ឈ្មោះ​ពិត​ថា ផេង ពន្លឺ ជា​កូន​អ្នក​ភ្នំពេញ។ ​​​​ដោយ​ជីវភាព​​មិន​សូវ​ធូរធារ ​​​​កូន​ច្បង​ក្នុង​គ្រួសារ​​ដែល​មាន​ប្អូន​ប្រុស៣​ ស្រី១​ និង​ម្ដាយ​ជា​អាជីវករ​ តាកាដា បាន​សម្រេច​ចិត្ត​ផ្អាក​​ការសិក្សា​នៅ​អំឡុង​ឆ្នាំ​២០១៣ ពោល​គឺ​នៅ​ថ្នាក់​ទី​១១ ​​ហើយ​​ចាប់​អាជីព​រាំ​ ដើម្បី​ស្វែង​រក​ចំណូល​ខ្លះ​ផ្គត់ផ្គង់​គ្រួសារ​​​។

តាកាដា កំពុង​រាំ

យុវជន​​វ័យ​២៣​ឆ្នាំ​រូប​នេះ រៀបរាប់​ពី​​​​ដើម​ទង​ដែល​ធ្វើ​ឲ្យ​ខ្លួន​​ក្លាយ​ជា​អ្នក​ផាត់​មុខ​ឲ្យ​​ និសា ថា៖ “ខ្ញុំ​ស្គាល់​​តាម​គ្នា​ដែរ​ហ្នឹង​បង! កាល​នោះ​ដោយ​សារ​គាត់​(និសា) ​​​​​​​​​​​​ចង់​បាន​ក្រុម​រាំ អីចឹង​ទៅ​គាត់​ពឹង​តារា​ចម្រៀង​ម្នាក់​ជួយ​រក​ក្រុម​រាំ​ឲ្យ​គាត់ ហើយ​ក្រុម​រាំ​នោះ​គេ​ស្គាល់​ថា​ខ្ញុំ​ចេះ​ធ្វើ​សក់​ ក៏​ហៅ​ទៅ​ធ្វើ​ឲ្យ​គាត់​ តែ​ដោយ​សារ​ខ្ញុំ​ចេះ​រាំ​ដែរ​ ខ្ញុំ​សុំ​គាត់​រាំ​ផង​ ធ្វើ​សក់​ផង​គាត់​ក៏​ព្រម​ទទួល​”។

តាកាដា បន្ត​ថា​ក្រៅ​ពី​​ផាត់​មុខ និង​ធ្វើ​សក់​ប្លែកៗ​លោក​ក៏​មាន​តួនាទី​ច្នៃ​ខោអាវ​១​ចំនួន​ដែរ​សម្រាប់​ក្រុម​រាំ បើ​គិត​មក​ដល់​ពេល​នេះ​ គឺ​ជិត​៥​ឆ្នាំ​ហើយ​។ លោក​រម្លឹកថា ចំណេះ​ផ្នែក​​លេង​គ្រឿង​សម្អាង​នេះ ខ្លួន​​​ទើប​តែ​ចេះ​មុន​ធ្វើ​ការ​ជាមួយ​ និសា បន្តិច​ប៉ុណ្ណោះ ហើយ​មិន​បាន​រៀន​ពី​គ្រូ​ណា​ជាក់​លាក់​ទេ។ លោក​រៀន​ចេះ​ដោយ​សារ​មើល​អ្នក​ជិត​ខាង​ជា​ជាង​ធ្វើ​សក់​ និង​មើល​​តិចនិក​​ពី​ YouTube។

ម៉ូដដំបូង តាកាដា ធ្វើ​ឲ្យ​ និសា កាល​ពី​៥​ឆ្នាំ​មុន

“នៅ​ជិត​ផ្ទះ​គេ​បើក​កន្លែង​ធ្វើ​សក់​ផាត់​មុខអី​ហ្នឹង​ ខ្ញុំ​ចេះ​តែ​ទៅ​មើល​គេ យូរ​ៗទៅ​ក៏​ចេះ​ខ្លះ​ ហើយ​ជាង​គេ​ឃើញ​យើង​ចូលចិត្ត​ក៏​បង្ហាត់​​បង្ហាញ​ខ្លះ​ៗ ហើយ​ខ្ញុំ​ខំ​មើល​វីដេអូ​គេ​តាម​ YouTube ផង។ រហូត​ដល់​​ពេល​នេះ​ខ្ញុំ​អនុវត្ត​ធ្វើ​ការ​នៅ​សម្អាង​ការ​ផង និង ផាត់​ឲ្យ​បង និសា បង​ទើប​ចេះ​ស្ទាត់​បែប​នេះ”។ យុវជន​ថ្លែង។

ម៉ូដសក់ មឹក

​​​​អ្នក​រាំ​អាជីព​រូប​នេះ​បញ្ជាក់​ថា​ ការ​តុប​សម្រាប់​កំពូល​តារា​ស្រី​នេះ គឺ​ធ្វើឡើង​សម្រាប់​តែខនសឺត MV និង​កម្មវិធី​១​​ចំនួន​ប៉ុណ្ណោះ តួ​យ៉ាង​កម្មវិធី​ The Voice Kids ដែល​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​ក៏​សុទ្ធ​ជា​ស្នាដៃ​លោក​ដែរ តែ​សម្រាប់​​ថត​សម្អាង​ការ​ ភាពយន្ត​និង​ MV ផ្សេង​ទៀត និសា មិន​តម្រូវ​ឲ្យ​ផាត់​មុខ​ជា​មួយ​លោក​ឡើយ។

សម្រាប់​ថ្ងៃ​អនាគត អ្នក​ផាត់​មុខ​ផ្ទាល់​ខ្លួន​របស់​តារា​ល្បី​ខាង​លើ រៀប​រាប់​ថា​លោក​​​មាន​បំណង​ចង់​បើក​ហាង​ផាត់​មុខ​ធ្វើ​សក់​ផ្ទាល់​ខ្លួន​១ តែ​នៅ​ពេល​លោក​រវល់​ការងារ​តាម​ខេត្ត​ច្រើន​ជា​មួយ សុគន្ធ និសា​ ទើប​ធ្វើ​ឲ្យ​ពិបាក​លៃលក​ពេល​វេលា​៕