សម្ដេច​ ស ខេង ឆ្លើយតប​ចម្ងល់ និងសំណួរ​ទាក់ទង​ជំរឿនទូទៅលើប្រជាជនកម្ពុជា​, ខ្មែររស់នៅបរទេស មិនតម្រូវឲ្យមកប្រទេសវិញទេ ព្រោះមន្ដ្រីជំរឿនធ្វើការជាមួយក្រសួងការបរទេស

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ បានឆ្លើយតបចម្ងល់ និងសំណួរមួយចំនួនទាក់ទង ​បញ្ហាជំរឿនទូទៅលើប្រជាជនកម្ពុជា ដែលចាប់ផ្ដើមថ្ងៃទី០៣ ដល់​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។

បើតាមបណ្តាញសង្គម Facebook របស់សម្ដេចក្រឡាហោម ស ខេង បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា៖

«ក្រោយការអំពាវនាវរបស់ខ្ញុំ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមជំរឿនទូទៅទូទាំងប្រទេស ដែល​​នឹង​​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩​ខាងមុខនេះ ខ្ញុំបានសង្កេតឃើញ និង​បានទទួលចម្ងល់ ក៏ដូចជាសំណួរមួយចំនួនទាក់ទង​​​បញ្ហានេះដែលខ្ញុំសុំធ្វើការបកស្រាយបំភ្លឺដូចតទៅ៖

*ទី១៖ ចំពោះចម្ងល់ដែលបានលើកឡើងថា តើប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ជា​​ពិសេស​​បងប្អូនដែលកំពុងធ្វើការ​នៅក្រៅប្រទេស តើត្រូវឲ្យត្រឡប់ចូលមកប្រទេសដើម្បីធ្វើជំរឿនឬយ៉ាងណា?

បញ្ហានេះខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមប្រកាសជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបានជ្រាបថា៖ បងប្អូនដែលកំពុងធ្វើការនៅក្រៅប្រទេស គឺមិនតម្រូវឲ្យត្រឡប់ចូល​​ប្រទេស​​នោះទេ គឺអ្នកបច្ចេកទេសធ្វើជំរឿន បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានរៀបចំឯកសារ សម្រាប់ភ្នាក់ងារតាមប្រទេសនានាដើម្បីធ្វើជំរឿនប្រជា​ពលរដ្ឋ​ ខ្មែរដែលកំពុងរស់នៅបណ្តាប្រទេសទាំងនោះ​។ ដូច្នេះបងប្អូនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស សូមចូលរួម​ជាមួយភ្នាក់ងារជំរឿន ដើម្បីឲ្យការធ្វើជំរឿនមានភាពត្រឹមត្រូវ និងទទួលលទ្ធផលយកជាការបាន​។

*ទី២៖ ​ចំពោះចម្ងល់ទាក់ទងនឹងជនបរទេសជាអន្តោប្រវេសន៍ និង​មិនមែនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា?

បញ្ហានេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិថា៖ ការធ្វើជំរឿននេះក្រុមបច្ចេកទេសរបស់យើង បានត្រៀមឯកសារសំណួរជាច្រើនភាសារួចរាល់ហើយ ហើយកិច្ចការនេះនឹងធ្វើឲ្យយើងដឹងកាន់តែច្បាស់ អំពីបរិមាណជនបរទេសទាំងអស់ គ្រប់សញ្ជាតិ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា​។

ជាថ្មីម្តងទៀតសម្តេចក្រឡាហោម ស ខេង សូមអំពាវនាវដល់ប្រជាជន​ទូទាំងប្រទេស សូមគាំទ្រ និងចូលរួមក្នុងកិច្ចការដ៏​មានសារៈសំខាន់​ឲ្យបានគ្រប់​ៗគ្នា ប្រកប​ដោយក្ដីស្មោះត្រង់ ក្នុងការផ្ដល់ព័ត៌មានតាមការសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ ជូនដល់មន្ត្រី​ជំរឿន ដើម្បីជាប្រយោជន៍របស់បងប្អូន​ជនរួមជាតិ និងដើម្បីជាផលប្រយោជន៍ នៃប្រទេសជាតិយើង។

សូមជម្រាបថា នេះជាការធ្វើជំរឿន​ លើកទី៣​ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា​ ដែលជាទូទៅធ្វើឡើរៀងរាល់​ ១០​ឆ្នាំ​​ម្ដង​ ដើម្បីទទួល​បាន​ទិន្នន័យប្រជាសាស្ត្រ​ ជាក់លាក់​ សម្រាប់​ប្រើប្រាស់​ រៀបចំតាក់តែងគោល​នយោបាយ​ឲ្យបានត្រឹមត្រូវ​ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាម​ដាន​ត្រួតពិនិត្យ​ ផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ​ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​ របស់កម្ពុជា​ ២០១៦​-២០៣០​ ដោយមិនទុកឲ្យនរណាម្នាក់ឯកោឡើយ៕