កៅអី​របស់ Zidane បាត់​បង់​ទេ ប្រសិន​ធ្លាក់​ពី UCL មួយ​ទៀត?

ក្រោម​ការ​ដឹក​នាំ​របស់ Zinedine Zidane ក្នុង​រដូវ​កាល​​២០៧-១៨ ហាក់​ដាំ​ក្បាល​ចុះ​មែនទែន​គិត​ត្រឹម​ពេល​នេះ។ ក្រឡេក​មើល​ក្នុង​លីគ​ពេលនេះ Real Madrid កំពុង​នៅ​លេខ​​នៅ​លេខ​៤ ដាច់​ក្រោម​ Barcelona​ ដល់​១៩​ពិន្ទុ ដូច្នេះ​ក្ដី​សង្ឃឹម​ពាន La Liga ប្រហែល​ជា​រលត់​បាត់​សូន្យ​ទៅ​ហើយ។

ចំណែក​ពាន  Copa del Rey វិញ Madrid បាន​ភ្លាត់​ចាញ់​ក្រុម​ខ្សោយ Leganes ២ ទល់នឹង១ ​យ៉ាង​ស្ពឹក​មុខ​នៅ​ទឹក​ដី​ខ្លួនឯង កាល​ពី​ដើម​សប្ដាហ៍។ ចំពោះ​លទ្ធផល​បែប​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ប្រធាន​ក្លឹប​លោក Florentino Perez មិន​សប្បាយ​ចិត្ត​ទាល់តែ​សោះ។ នៅ​ពាក់​កណ្ដាល​ខែ កុម្ភៈ​នេះ ពាន Champions League នឹង​ត្រលប់​មក​វិញ Madrid ត្រូវ​ប្រឈម​មុខ​នឹង​ក្រុម​ខ្លាំង​ PSG។ សំនួរ​​ជា​ច្រើន​បាន​ចោទ​សួរ​ថា តើ Zidane ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ទេ ប្រសិន​ធ្លាក់​ពី UCL មួយ​ទៀត?

តាម​ការ​វិភាគ​របស់​កាសែត​អង់គ្លេស Dailymail ថា Real អាច​នឹង​ដេញ Zidane។ Madrid មិន​ដែល​របូត​ពាន​ដល់​ទៅ​៣ ត្រឹម​ដើម​ឆ្នាំ​នោះ​ទេ។ ត្រឹម​តែ​១​% ប៉ុណ្ណោះ​ដែល​ក្លឹប​នាមស្ដេច​ស អាច​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ចាត់​ការ​បារាំង​​បន្ត​សាង​ក្រុម​ឡើង​វិញ។ ៩៩%​ ផ្សេង​ទៀត Zidane នឹង​ចាកចេញ​ពី​ក្លឹប ទោះ​ធ្លាប់​ជួយ​ក្រុម​លើក​ពាន​ច្រើន​កាល​ពី​២​រដូវ​កាល​មុន​ក៏​ដោយ។

អ្វី​ទៅ​ជា​មូល​ហេតុ​ធំ​​ធ្វើ​ឲ្យ Real ដាំ​ក្បាល​បែប​នេះ? ចម្លើយ​គឺ ការ​រៀប​កីឡាករ។ ដើម​រដូវ​កាល Zidane បាន​​ឲ្យ​តារា​កំពុង​រះ Alvaro Morata  ចេញ​ទៅ Chelsea ទាំង​មិន​សោកស្ដាយ ដោយ​គ្រោង​​នាំ Kylian Mbappe មក​ជំនួស។ តែ​​ជា​រឿង​សោកស្ដាយ​លោក​មិន​អាច​ឆក់​កីឡាករ​បារាំង​វ័យ​ក្មេង​ពី PSG បាន​ឡើយ ដូច្នេះ​តំណែង​ប្រយុទ្ធ​សល់​តែ Benzema ម្នាក់​ឯង។ កាន់​តែ​ស្ដាយ Benzema រដូវ​កាល​នេះ​បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ​សោះ ធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​ខាង​លើ​ចន្លោះ​ប្រហោង។

ក្រៅ​ពី Morata លោក Zidane ក៏​បាន​ឲ្យ James Rodriguez និង Pepe ទៅ​រក​ក្លឹប​ថ្មី​ទៀត ជំនួស​វិញ​ដោយ Marco Asensio ព្រម​ទាំង​ទិញ Dani Ceballos និង Theo Hernandez។ យ៉ាងណាក្ដី អ្នក​ទាំង​៣ មិន​អាច​បង្ហាញ​សមត្ថភាព​ឲ្យ​​ទាន់​ដល់​កំពូល ក្នុង​ក្រុម​​លំដាប់​កំពូល​របស់​ពិភពលោក​ឡើយ។ ចំណុច ខ្វះ​ខាត​មួយ​ទៀតដើម​រដូវ​កាល Zidane បាន​ចចេច​មិន​ទិញ​កីឡាករ​លំដាប់​ចូល ដោយ​ជឿជាក់​លើ​កីឡាករ​ដែល​ខ្លួន​មាន​ស្រាប់។ នេះ​អាច​ជា​ចន្លោះ​ធ្វើ​ឲ្យ​គូ​ប្រកួត​ចាប់​ក្បួន​បាន។ បញ្ហា​ចម្បង​មួយ​ទៀត​គឺ កីឡាករ​ផ្លាស់​វេន​គ្នា​របួស និង​ពិន័យ៕ ​​​