សប្បាយចិត្តទូទាំងប្រទេស! រឿងល្អៗ៦យ៉ាង នឹងកើតឡើងផ្ទួនៗគ្នាមុនចូលឆ្នាំខ្មែរ

កាដូ៦​យ៉ាង​ធំៗ​នឹង​ក្លាយ​ជា​ចំណង​ដៃ​ជូន​សម្រាប់ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​មុន​ចូលឆ្នាំ​ថ្មី​ខាង​មុខ​នេះ ពី​រាជរដ្ឋាភិបាល​កម្ពុជា។ កាដូទាំង​៦​យ៉ាង​នោះ​មាន​ដូចជា៖ ​

១. កាណូត​ដឹក​អ្នក​ដំណើរ​ពី​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ

ទេសរដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​សាធាណការ បាន​ប្រកាស​ថា នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កាណូត​ដឹក​អ្នក​ដំណើរ​ពី​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ជា​ផ្លូវ​ការ​នៅ​មុន​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​ហើយ។ ឯកឧត្ដម​លើក​ឡើង​ថា មធ្យោបាយ​ធ្វើ​ដំណើរ​ថ្មី​សន្លាង​នៅ​កម្ពុជា​នេះ នឹង​ជួយ​កាត់​បន្ថយ​ថ្លៃ​ធ្វើ​ដំណើរ​ ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ ជា​ពិសេស​នោះ​ គឺ​ជួយ​កាត់​បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ចៀស​ការ​កកស្ទះ​ក្នុង​រាជធានី​ភ្នំពេញ​ទៀត​ផង។

រួបភាព៖ ក្រសួងសាធារណការ

២. រថភ្លើងដឹក​អ្នក​ដំណើរ​ពី​ស្ថានីយ ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

ក្នុង​ចំណោម​ក្ដី​ស្រមៃ​ជាច្រើន របស់​ឯកឧត្ដម ស៊ុន ចាន់ថុល ការ​បង្កើត​ឲ្យ​មាន​រថភ្លើង​ដឹក​អ្នក​ដំណើរ​ពី​ស្ថានីយ ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក៏​ជា​ក្ដី​ស្រមៃ​ធំ​បំផុត​ដែល​លោក​ចង់​ឃើញ។ ឥឡូវ​ផ្លូវ​ដែក​មួយ​ខ្សែ​នេះ​សម្រេច​ការ​សាងសង់​ជា​ស្ថាពរ​ហើយ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការមុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើក​ឡើង​ថា ដោយ​សារ​តែ​បញ្ហា​កកស្ទះ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ទៅ​ព្រលាន​យន្តហោះ​មាន​ការ​យឺតយ៉ាវ ដូច្នេះ​ហើយ​គួរ​តែ​មាន​រថភ្លើង​ដើម្បី​បញ្ឈប់​បញ្ហា​នេះ​ត​ទៅ​ទៀត។ កាត់​បន្ថយ​បញ្ហា​កកស្ទះ និង​បន្ថែម​មធ្យោបាយ​ធ្វើ​ដំណើរ​កាន់​តែ​សម្បូរបែប​នៅ​ភ្នំពេញ ក៏​ជា​មូលហេតុ​មួយ​ដែរ។ ជា​ពិសេស​ការ​បើក​ដំណើរការ​៣​ខែ​ដំបូង​ នឹង​មិន​ត្រូវ​គិត​ថ្លៃពី​ប្រជាពលរដ្ឋ​នោះ​ទេ។

៣. រថយន្ត​ក្រុង​ស៊េរី​ទំនើប​ចំនួន​១៤០​គ្រឿង​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន

រដ្ឋាភិបាល​ជប៉ុន បាន​សន្យា​ផ្តល់​រថយន្តក្រុង​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ចំនួន ១៤០​គ្រឿង ស្មើនឹង​តម្លៃ​ជាង ៨លាន​ដុល្លារ ចាប់ពី​ឆ្នាំ​២០១៨ ដល់ ២០២០។ ក្នុង​នោះ​ ជំហ៊ាន​ទី១ រថយន្ត​ក្រុង​ចំនួន ៨០​គ្រឿង នឹង​មក​ដល់​រាជធានី​ភ្នំពេញ​នៅក្នុង​អំឡុង​ខែ​មេសា ឆ្នាំ​២០១៨​ខាងមុខ​នេះ។ នេះបើ​តាមការ​បញ្ជាក់​របស់​លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។

លោក ម៉េត មាសភក្តី បាន​ឲ្យដឹង​ថា​ ការ​សន្យា​របស់​ជប៉ុន ក្នុងការ​ផ្តល់​រថយន្ត​ក្រុង​នេះ គឺ​ក្រោយពី​សាលា​រាជធានី​ភ្នំពេញ បាន​សិក្សា និង​ចរចា​ជាមួយ​ភាគី​ជប៉ុន អស់​រយៈពេល​ជិត​៣​ឆ្នាំ។

អ្នកនាំពាក្យ​រូបនេះ បាន​អះអាង​ថា ជំនួយ​របស់​ជប៉ុន​នេះ គឺ​ដើម្បី​ពង្រីក​សេវា​រថយន្ត​ក្រុង នៅ​រាជធានី​ភ្នំពេញ ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅក្នុង​រាជធានី​ភ្នំពេញ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍។

៤. ស្ពាន​អាកាស​ស្តុប​ផ្សារ​ដីហុយ

ស្ពាន​អាកាស​ស្តុប​ផ្សារ​ដី​ហុយ សាងសង់​សម្រេច​បាន៩០%​ហើយ។ បើ​មិន​មាន​ការ​ប្រែប្រួល​ស្ពាន​អាកាស​ថ្មី​សន្លាង​នេះ នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នៅ​មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​នេះ ពោល​គឺ​មុន​ខែ​មេសា។ នេះ​បើ​តាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ។

ស្ពាន​អាកាស​ផ្សារ​ដីហុយ គឺ​ជា​គម្រោង​ស្ពាន​អាកាស​ទី​៥ នៅ​រាជធានី​ភ្នំពេញ កំពុង​សាងសង់​យ៉ាង​មមាញឹក បន្ទាប់​ពី​បាន​បើក​ការដ្ឋាន​សាងសង់ កាល​ពី​ខែ​សីហា​ឆ្នាំ ២០១៦ កន្លង​ទៅ។ ស្ពាន​នេះ មាន​ប្រវែង ៩០៥​ម ទទឹង ១៦.៥ម  គឺ​ជា​គម្រោង​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទីតាំង​ស្ថិត​នៅ​លើ​មហាវិថី​សហព័ន្ធ​រុស្សី​ ដែល​ប្រសព្វ​ជាមួយ​ផ្លូវ​លេខ​១០១៩ (ស្តុប​ផ្សារ​ដី​ហុយ)។

ស្ពាន​អាកាស​ទី​៥​ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​ជួយ​សម្រួល​ដល់​បញ្ហា​កក​ស្ទះ​ចរាចរណ៍​នៅ​តំបន់​ជុំវិញ​ទីនោះ​បាន​យ៉ាង​ច្រើន ហើយ​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ ​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ងាយ​ស្រួល​ជាង​មុន។

៥. ស្ពាន​បាឡេ

បើតាមការជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ការដ្ឋាន​សាងសង់​ស្ពាន​បាឡេ​បណ្តោះ​អាសន្ន​ឆ្លងកាត់​ទន្លេសាប​សម្រេច​បាន​ ៤៥% គិត​ត្រឹម​ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៨ ដែល​គ្រោង​នឹង​ដំណើ​រការ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខ​។

គួរ​ជម្រាប​ថា​ស្ពាន​នេះ​ ​មាន​ប្រវែង​ ៥០៦ ម៉ែត្រ​ ទទឹង​ ១២ម៉ែត្រ​ ​ភ្ជាប់​ពី​ខណ្ឌ​ឫស្សីកែវ​ និង​ខណ្ឌ​ជ្រោយចង្វារ​ សម្រាប់​ជួយ​សម្រួល​ចរាចរណ៍​ដែល​កំពុង​កកស្ទះ​នៅស្ពាន​ជ្រោយ​ចង្វារ។

៦. ស្ពាន​ឫស្សី​កោះប៉ែន

ស្ពាន​ឫស្សី​កោះ មាន​ប្រវែង ៩០០​ម៉ែត្រ ភ្ជាប់​ពី​ស្រុក​កោះសូទិន មក​កាន់​ក្រុង​កំពង់ចាម នឹង​ដាក់​ដំណើរ​ការ​ឡើង​វិញ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ បន្ទាប់​ពី​ផ្អាក​ដំណើរ​ការ​ជា​ច្រើន​ឆ្នាំ។ បច្ចុប្បន្ន​ស្ពាន​នេះ​កំពុង​ជួសជុល​ឡើង​វិញ​យ៉ាង​សស្រាក់សស្រាំ និង​ត្រៀម​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លង​ដោយ​មិន​យក​ប្រាក់​កម្រៃ​នោះ​ទេ៕ ​ ​