វគ្គ​៤៖ ជីវិត​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ភរិយា ពី​ក្រមុំ ក​ម្លោះ មកជា​ជីដូន​ជីតា ដែលមាន​ចៅ​រហូត ២០​នាក់

ខ្ញុំ​បន្តដំណើរ​ជាមួយ​ប្រធាន​យោធា​តំបន់​ទៅ ឃុំ​ពាមជីលាំង ស្រុក​ពាមជីលាំង នាពេលនោះ និង​ជា​ស្រុក​ត្បូងឃ្មុំ នាពេលនេះ​។ នេះ​ជាការ​ធ្វើដំណើរ​ដោយ​បង្ខំចិត្ត ក្នុងពេលដែល​វិញ្ញាណ​ទាំងអស់ នៅ​ជាមួយ​ភរិយា​ដ៏​កំសត់ និង​ការសោកស្តាយ ចំពោះ​កូន ដែល​បាត់បង់​ជីវិត​ទៅ​។

​យើង​បានធ្វើ​ដំណើរ និង​ធ្វើការ​នៅ​ទីនោះ មួយ​យប់ និង​មួយ​ព្រឹក ពេល​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ពួកយើង​បានធ្វើ​ដំណើរ​ត្រឡប់មក​អង្គភាព​វិញ​។ ក្នុងពេល​ធ្វើដំណើរ ខ្ញុំ​បាន​ឆ្លៀត​ស្នើសុំ​ប្រធាន​យោធា​តំបន់​សាជាថ្មី​ម្តងទៀត ដើម្បី​បាន​នៅ​មើលថែទាំ​ភរិយា​ខ្ញុំ​។ ប៉ុន្តែ​សំណើរ​ដដែល ចម្លើយ​ក៏​ដដែល​ដែរ បន្ថែម​ដោយ​ការអប់រំ​មកលើ​ខ្ញុំ​ថា ខ្វះ​ចរិត​ដាច់ខាត ក្រោយពេល​មាន​ប្រពន្ធ​។

​ខ្ញុំ​ខឹង​ខ្លាំងណាស់ ស្ទើរតែ​អត់ទ្រាំ​មិនបាន បំរុង​ទាញ​កាំភ្លើង​បាញ់​អា​ចង្រៃ​នេះ នៅ​ម្តុំ​បុ​ស្ត​តា​កុក ចន្លោះ​ភូមិ​ស្អំ និង​ភូមិ​ដារ ដែល​ពេលនោះ មាន​សុទ្ធ​តែព្រៃ គ្មាន​មនុស្ស ស្រែ ចំការ ផ្ទះសម្បែង ដូច​ពេលនេះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​អត់ធ្មត់​បាន ដើម្បី​ដឹកនាំ​ការតស៊ូ​មួយ ដែល​ខ្លួន​បាន​ម្ចាស់​ការរៀបចំ​កម្លាំង​ជា​បណ្តាញសម្ងាត់​មួយចំនួន​រួចមកហើយ និង​ដែលមាន​មួយចំនួន ត្រូវគេ​ចាប់ខ្លួន​រួចទៅហើយ ដូចនេះ ចលនា​តស៊ូ​ត្រូវតែមាន​ជា​បន្ត មិនអាច​បាត់បង់​ដោយសារ​កំហឹង​របស់ខ្ញុំ​បានឡើយ​។​

​ម៉ោង​ប្រហែល ៤​ល្ងាច ម៉ូតូ​មកដល់​មុខ​មន្ទីរពេទ្យ ខ្ញុំ​ឈប់​ម៉ូតូ ដោយ​មិន​និយាយ​អ្វី​ទាំងអស់ ព្រោះ ខ្ញុំ​ជា​អ្នកជិះ​ស្រាប់​។ ខ្ញុំ​ដើរ​ចូលទៅ​បន្ទប់ ដែល រ៉ានី សម្រាក​ពិនិត្យឃើញ រ៉ានី ហើម​មុខ ហើម​ខ្លួន បន្ទាប់ពី​ឆ្លងទន្លេ បាន​ប្រហែល ៣៥​ម៉ោង​។ ដោយសារ​រ៉ានី ជា​គ្រូ​ពេទ្យឆ្មប​ស្រាប់ នាង​បាន​ប្រាប់​ខ្ញុំ​ថា អាចមកពី​ពេទ្យ​កាយ​ទម្លាក់​សុក​មិន​អស់​។ ពួកយើង បាន​ត្រឹម​ទឹកភ្នែក តែ​រ៉ានី ហាក់​រឹងប៉ឹង​ជាង​ខ្ញុំ និង​យល់​ពី​ការងារ ដែល​ខ្ញុំ​ត្រូវធ្វើ ទោះ​ខ្ញុំ​មិនដែល​ប្រាប់​នាង​ក៏ដោយ​។

​ខ្ញុំ​ចាកចេញ​ទាំង​ទឹកភ្នែក ដោយ​ការ​អាណិត​ភរិយា និង​ពុំបាន​ទៅ​សួរ​ប្រធាន​មន្ទីរពេទ្យ អំពី​ទីកន្លែង ដែល​កប់​សាកសព​កូន​ខ្ញុំ​ដែរ​។

​មកដល់​អង្គភាព ខ្ញុំ​បាន​យក​រឿងនេះ ទៅ​ជំរាប​ប្រធាន​នយោបាយ​អង្គភាព ដែល​គាត់​ជា​មនុស្ស​ចិត្តបុណ្យ​ម្នាក់ និង​មាន​អាយុ​ប្រហែល​ឪពុក​ខ្ញុំ​។ គាត់​បានអនុញ្ញាត​អោយ​យក រ៉ានី ទៅ​ព្យាបាល​នៅ​អង្គភាព​។ គាត់​បាន​សំដែង​នូវ​ការហួសចិត្ត​ចំពោះ​ទង្វើ​ប្រធាន​យោធា​តំបន់ មកលើ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា ម្នាក់នេះ ជា​អតីត​ចោរលួច​គោ​អ្នកស្រុក ទៅ​លក់​អោយ​វៀត​កុង នៅតាម​ព្រំដែន​កម្ពុជា វៀតណាម​។ ដល់​ប៉ូលិស​តាមរក ចាប់​ក៏​រត់​ចូល​ព្រៃ​តស៊ូ​ជាមួយ​ខ្មែរក្រហម ក្នុងអំឡុង​ឆ្នាំ​១៩៦៨ ទើប​គេ​ក្លាយជា​អ្នកមានអំណាច​ដ៏​អស្ចារ្យ​ក្នុង​របប​ខ្មែរក្រហម​។

​ប្រហែល​ដោយសារ​ប្រធាន​នយោបាយ​អង្គភាព បាន​ប្រាប់​ទៅ​គាត់​ថា ខ្ញុំ​អន់​ចិត្តនឹង ដោយសារ​យុទ្ធជន​ក្នុង​អង្គភាព​នេះ ស្ថិតក្រោម​បញ្ជា​ខ្ញុំ ទើប​ធ្វើអោយ​ប្រធាន​យោធា​តំបន់​រូបនេះ ចាក​ចេញពី​អង្គភាព តាំងពី​ព្រលប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ទៅ​រស់នៅ​ទីបញ្ជាការ​យោធា​តំបន់ នៅ​ចំការ​ដូង ស្រុក​មេមត់ ដែល​ទើប​កសាង​រួច​។ មុនពេល​ភ្លឺ ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ខ្ញុំ​ប្រញាប់​ចេញទៅ​មន្ទីរពេទ្យ ដើម្បី​ដឹកយក រ៉ានី មក​អង្គភាព​របស់ខ្ញុំ ដែល​បោះ​ទីតាំងនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង​។
​ពេលមកដល់ ក្រឡេកឃើញ​យុទ្ធ​មិត្ត​ខ្ញុំ បាន​ជួយ​រៀបចំ​បន្ទប់​ជញ្ជាំង​ភ្ជល់​អោយ​ខ្ញុំ​។ ពួកគេ​បានដឹង​ពី​រឿង​កូន​ខ្ញុំ​ស្លាប់ និង​ភរិយា​ខ្ញុំ​ឈឺ ពួកគេ​បាន​ចូលរួម​សោកស្តាយ និង​ការលំបាក​ជាមួយ​ប្តី​ប្រពន្ធ​របស់​ពួកយើង​។ ជា​សំណាងល្អ ដែល​ខ្ញុំ​បាន​យក​រ៉ានី មកអោយ​ឆ្មប​បូរាណ កាយ​ទម្លាក់​សុក​ទាន់ពេល បើ​ពុំ​នោះទេ នឹង​ទៅជា​ក្រឡាភ្លើង និង​ឈានទៅ​គ្រោះថ្នាក់​ដល់​ជិវិត ជាមិនខាន​ឡើយ​។

​ខ្ញុំ​បាន​បំពេញភារកិច្ច​ជា​ស្វា​ម៉ី​ពិតប្រាកដ សម្រាប់​ភរិយា​មួយរូប ដែល​បាន​លះបង់​គ្រប់យ៉ាង ដើម្បី​រូបខ្ញុំ ដែលជា​ជនពិការ​ម្នាក់​។ ខ្ញុំ​រកបាន​អុស​ល្អៗ ដើម្បី​ដុត​កំដៅ ដែល​ជំនាន់​ដើម​ហៅថា (​អាំងភ្លើង​) ក្រោយ​ឆ្លងទន្លេ​រួច​។

​ឆ្នាំ​១៩៧៦ ត្រូវ​នឹង​ឆ្នាំ ដែលមាន​ធាតុអាកាស​ត្រជាក់​ណាស់​។ រ៉ានី មិនចេះ​ផឹកស្រា ដែល​ខ្ញុំ​បាន​ផ្សំ​ទុកជា​មួយ​សត្វ​អា​ញី និង​ទឹកឃ្មុំ​។ ដូចនេះ ខ្ញុំ​ត្រូវ​រក​វិធី​ផ្សំ​ថ្នាំ តាម​ចាស់ៗ និយាយប្រាប់​។ ខ្ញុំ​ក្លាយជា​អ្នកចេះ​ផ្សំ​ថ្នាំ ដើម្បី​សុខភាព​ភរិយា​។ សក់​ក្បាល​របស់ខ្ញុំ សំបូរ​ដោយ​ផេះ ព្រោះ​ត្រូវ​ផ្លុំភ្លើង ដាំ​ថ្នាំ ដាំបាយ​បំរើ​ភរិយា​។ រៀងរាល់​ព្រឹក ក្នុង​ចន្លោះ​ម៉ោង ៤​ដល់​ម៉ោងជាង ៥ ខ្ញុំ​ត្រូវ​ក្រោក​ពី​ព្រលឹម ដើម្បី​លាប​ពន្លៃ​ត្រាំ​ស្រា និង​ដុត​ភ្លើង​ឱ្យ​ប្រពន្ធ​។

​ខ្ញុំបំរើ រ៉ានី ដូច​បំរើ​ម្តាយ​ចាស់ ប្រហែល​ជាង​កន្លះ​ខែ ទើប​រឹង​ដៃ​រឹង​ជើង តែ​ខ្ញុំ​នៅតែ​ចាត់ទុកថា ភរិយា​ខ្ញុំ​នៅ​ស​សៃ​ខ្ចី​នៅឡើយ​។ ដូចនេះ បានជា​ខ្ញុំ​មិន​បណ្តោយអោយ​នាង​ធ្វើ​អ្វី ហើយ​ខ្ញុំ​ក៏​មិន​ទៅណា​ឆ្ងាយ​ចោល​នាង​ដែរ​។​ទោះបី​ជួប​ការលំបាក តែ​នេះ​ជា​លើកដំបូង​ហើយ ដែល​ខ្ញុំ​បានរស់នៅ​ជាមួយគ្នា​លើស​មួយ​សប្តាហ៍​បន្ទាប់ពី​រៀបការ​ហើយ​។ ប្តី​ប្រពន្ធ​យើង បានរស់នៅ​ជាមួយគ្នា ដោយ​មិនសូវមាន​ការរំខាន​ពី​ពួក​អង្គការ ដូចពេលមុន​ឡើយ​។

​ក្នុងអំឡុង​ចុងខែ​មករា ឆ្នាំ​១៩៧៧ ភរិយា​ខ្ញុំ​ចាប់ផ្តើម​មាន​ផ្ទៃពោះ​សាជាថ្មី ដែលជា​កំណើត ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ខ្ញុំ សព្វថ្ងៃនេះ​។ មានកូន​លើក​នេះ មិន​ស្រប​នឹង​បំណង​របស់ខ្ញុំ​ឡើយ ព្រោះ​មិនគួរ​មានកូន​ក្នុង​កាលៈទេសៈ​បែបនេះ​ទេ ព្រោះ​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​វាយ​ពួក​ប៉ុល ពត​។ ខ្ញុំ​បានសម្រេច​ចិត្ត​ច្បាស់លាស់​ហើយ​ថា ត្រូវ​ងើបឈរ​ឡើង​វាយ​រំលំ​ពួក ប៉ុល ពត​។ តែ​បញ្ហា​ស្ថិតនៅលើ​ពេលវេលា និង​វិធីសាស្ត្រ​ប៉ុណ្ណោះ​។​

ប្រសិន​មានការ​ប្រយុទ្ធ​កើតឡើង តើ​ប្រពន្ធ​ខ្ញុំ ដែលមាន​ផ្ទៃពោះ ឬ​កូនខ្ចី នឹង​ទៅជា​យ៉ាងណា​? ខ្ញុំ​ស្រឡាញ់​ភរិយា និង​ចង់ឱ្យ​នាង បានរស់នៅ​ក្បែរ​ខ្លួន តែ​ខ្ញំ​មិន​ចង់ឃើញ​ប្រពន្ធ និង​កូន​ខ្ញុំ​មាន​គ្រោះថ្នាក់ នៅពេល​មានការ​ប្រយុទ្ធ​កើតឡើង​នោះទេ​។
​ក្នុងអំឡុង ខែកុម្ភៈ ឆ្នាំ​១៩៧៧ ខ្ញុំ​បាន​នាំ​ភរិយា​ខ្ញុំ​វិលត្រឡប់ មកកាន់​មន្ទីរពេទ្យ​យោធា​តំបន់ ដែលមាន​ទីតាំងនៅ​ភូមិ​សំរោង ឃុំ​ដារ ស្រុក​មេមត់ ដែលជា​កន្លែង​គាត់​ធ្វើការ​វិញ​។

​បែក​គ្នា​លើក​មុនៗ ត្រូវ​ពួក​អង្គការ ជា​អ្នក​បំបែក តែ​បែក​គ្នា​លើក​នេះ ខ្ញុំ​ជា​អ្នករៀបចំ​ដោយ​ខ្លួនឯង ដើម្បី​ត្រៀមលក្ខណៈ​វាយ​ពួក​ប្រល័យពូជសាសន៍ ប៉ុល ពត​។ សំណាងល្អ មាន​ផ្ទៃពោះ​លើក​នេះ រ៉ានី មិន​ចាញ់​ដូច​កូន​ដំបូង​ទេ​។ ងាក​មក​សភាពការណ៍​នយោបាយ​វិញ ពួក​អង្គការ​បង្កើន​ការកាប់សម្លាប់​ប្រជាជន ដោយ​គ្មាន​រើសមុខ​។ ចំពោះមុខ​សភាពការណ៍​នេះ ខ្ញុំ​មាន​ជម្រើស ៤ សម្រាប់​ជ្រើសរើស​គឺ​៖
-​ជម្រើស​ទី​១ ប្រើប្រាស់​កម្លាំង ដែល​នៅក្រោម​បញ្ជា​ខ្ញុំ ដើម្បី​វាយ​កាន់កាប់​ស្រុក​ត្រ​មូង ស្រុក​មេមត់ នៃ​ខេត្តកំពង់ចាម និង​ស្រុក​ស្នួល​ខេត្តក្រចេះ ដើម្បី​ធ្វើ​ឈ្នាន់​ជា​តំបន់​រំដោះ ឈានទៅ​វាយ​ដណ្តើម​ភូមិសាស្ត្រ​ផ្សេងទៀត​។ ជម្រើស​នេះ អាច​ទស្ស​ទាយ​បាន គឺ​នឹងត្រូវ​បញ្ចប់​ក្នុង​ថ្លុកឈាម​យ៉ាងយូរ​កន្លះ​ខែ អ្វីៗ​នឹងត្រូវ​បញ្ចប់​នាពេលនោះ​។​

-​ជម្រើស​ទី​២ ដកខ្លួន​ចេញ ហើយ​រៀបចំ​ការតស៊ូ​ជាថ្មី ដោយ​ឆ្លងកាត់​ទៅរក​ការជួយឧបត្ថម្ភ​ពី​មិត្ត​វៀតណាម ដូចដែល​សម្តេចព្រះ នរោត្តម សីហនុ ធ្លាប់​បានធ្វើ​កាលពី​ឆ្នាំ​១៩៧០​។​

-​ជម្រើស​ទី​៣ មិន​ធ្វើ​អ្វី​ទាំងអស់ ហើយ​ទុកអោយ​ពួក ប៉ុល ពត ចាប់​យកទៅ​សម្លាប់​។​
-​ជម្រើស​ទី​៤ គឺ​ធ្វើអត្តឃាដ បញ្ចប់ជីវិត​ដោយ​ខ្លួនឯង​។​

​ខ្ញុំ​សម្រេច​ជ្រើស​រើសយក​ជម្រើស​ទី​២ ដែល​ការសម្រេច​បែបនេះ បានធ្វើ​ឡើង នៅ​យប់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​១៩៧៧ នៅ​វត្ត​ដំបែរ ស្រុក​តំបែរ ពេល​បញ្ចប់​វគ្គ​នយោបាយ​នៅ​ទីនោះ ដែល​អង្គ​ការហៅ​ទៅ​រៀន​រយៈពេល​ជាង​មួយខែ​កន្លងមក​។​

​ខ្ញុំ​ជួប​រ៉ានី​ចុងក្រោយ នៅ​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៧៧ បន្ទាប់ពី​ចេញពី​សាលា​នយោបាយ នៅ​ស្រុក​ដំបែរ គឺ​មុន​ពេលដែល​ខ្ញុំ​ចេញ​ដឹកនាំ​ការតស៊ូ​វាយ ប៉ុល ពត តែ ២​ថ្ងៃ​ប៉ុណ្ណោះ​។ ទោះ​ខ្ញុំ​បានសម្រេច​ចិត្ត​រួចហើយ​ក៏ដោយ តែ​ខ្ញុំ​មិន​និយាយប្រាប់​រ៉ានី​នោះទេ​។

ការដែល​ខ្ញុំ​មិន​និយាយប្រាប់​មិន​មានន័យថា ខ្ញុំ​មិន​ទុកចិត្ត​ភរិយា​ខ្ញុំ​នោះទេ តែ​អ្វីដែល​សំខាន់ គឺ​ខ្ញុំ​មិន​ចង់ឃើញ​ទឹកភ្នែក​រ៉ានី ហូរ​ធ្លា​ក់មក មិន​ចង់អោយ​នាង ទទួលរង​នូវ​ការវាយប្រហារ​ខាង​ផ្លូវចិត្ត​ភ្លាមៗ សម្រាប់​រឿង​មួយ ដែល​មិនទាន់បាន​កើតឡើង​នោះទេ​។ ខ្ញុំ​ចង់​អូសបន្លាយ​នូវ​សេចក្តីសុខ​របស់​នាង មុន​ពេលដែល​ទុក្ខសោក​បាន​ចូលមក​ដល់​។ ដូចនេះ សូម្បីតែ​ខ្ញុំ​លា​នាង​ចេញមក ក៏​ខ្ញុំ​មិន​សម្រក់​ទឹកភ្នែក​អោយ​នាង​ឃើញ​ដែរ​។​

​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ជា​ថ្ងៃ​ដែល​លំបាក​បំផុត សម្រាប់​ខ្ញុំ នោះ​គឺជា​ថ្ងៃ ដែល​ខ្ញុំ​ចាប់ផ្តើម​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​ដឹកនាំ​ចលនា​តស៊ូ​សង្គ្រោះ​ជីវិត​ប្រជាជន​។ ខ្ញុំ​បានចាប់ផ្តើម​ជាមួយ​ការបញ្ជា​អោយ​កងទ័ព បើក​ជង្រុក​ស្រូវ ដែលមាន​ស្រូវ​ប្រមាណ ១​ពាន់​ថាំង ទាំង​ស្រូវ​ខ្សាយ ទាំង​ស្រូវដំណើប ដែល​ស្តុក​ទុក​ជូន​អង្គការ ជា​យូរ​មកហើយ​។ ឯ​កងទ័ព​ស៊ី​តែ​បបរ​ជិត​មួយឆ្នាំ​ហើយ ដើម្បីអោយ​កងទ័ព​យក​បុក​ទៅ​ដាំបាយ​ស៊ី​។

​ចំណុច​ចាប់ផ្តើម​វាយ​អង្គការ​ជា​ចំហរ គឺ​ចាប់ផ្តើម​ពី​ចំណុច​នេះហើយ បន្ទាប់ពី​ភាព​ហ្មឺ​ង​ម៉ាត់ ក្នុងការ​បញ្ជា​កងទ័ព​។ ម៉ោង​ប្រហែល ២ រសៀល ខ្ញុំ​អង្គុយ​សរសេរ​លិខិត​ផ្ញើអោយ រ៉ានី ភរិយា​ខ្ញុំ​។ នៅលើ​ក្រដាស​ប្រភេទ​ស៊ីម៉ង់ត៍ ជាមួយនឹង​ប៊ិច ទឹកភ្នែក​ខ្ញុំ​ចាប់​ស្រក់​នៅលើ​ក្រដាស​រួចស្រេច​ទៅហើយ​។ បញ្ហា​ដែល​លំបាក​បំផុត នាពេលនោះ តើ​ត្រូវ​ប្រាប់ រ៉ានី ថា​ខ្ញុំ​នៅទីណា​? ព្រោះ​គ្មានអ្វី​ច្បាស់​ទេ សម្រាប់​ជីវិត​នាពេលនោះ​។ កំពុង​សរសេរ​លិខិត ឬ​សរសេរ​លិខិត​ហើយ ត្រូវគេ​បាញ់សម្លាប់​? ឬ​សរសេរ​លិខិត​ហើយ ត្រូវធ្វើ​ការប្រយុទ្ធ​ស្លាប់​រស់​? ឬ​៣​ម៉ោង​មុន នៅ​ទិសខាងកើត តែ​៣​ម៉ោង​ក្រោយ ត្រូវ​នៅ​ទិស​ខាងលិច​វិញ​?​។

នៅក្នុង​លិខិត​នេះ មិនមាន​ការចាំបាច់ ដើម្បី​បង្កប់ន័យ កុំអោយ​អង្គ​ការដឹង​នោះទេ ព្រោះ​យើង​បាន​ចេញមុខ​ប្រឆាំង​អង្គការ ដោយ​ចំហ​រហើយ តែ​រឿង​ដែល​លំបាក តើ​ត្រូវ​ប្រាប់​ប្រពន្ធ​ថា យើង​នៅទីណា នៅពេល​នាង​អានសំបុត្រ​នេះ​?​។ នៅ​ទីបំផុត ខ្ញុំ​ប្រើពាក្យ​ថា (​មកដល់​រ៉ានី​ប្រពន្ធ​ដ៏​កំសត់រ​បស់បង នៅពេលដែល​អូន​អាន​លិខិត​នេះ​រូប​បង​នៅ​សែនឆ្ងាយ ឆ្ងាយ​រហូតដល់​រូប​បង​មិនដឹងថា ខ្លួនឯង​នៅ​កន្លែង​ណា​ផង​ទេ​)​។​

​នៅក្នុង​លិខិត ខ្ញុំ​បាន​រៀបរាប់​ច្រើន​នូវ​រឿងរ៉ាវ ដែល​បាន​កើតឡើង សម្រាប់​ជីវិត​ប្តី​ប្រពន្ធ​យើង​ទាំងពីរ​។ ខ្ញុំ​ក៏បាន​សុំ​ការយោគយល់​ពី​នាង​នូវ​ការដែល​ខ្ញុំ មិនបាន​ប្រាប់​រឿង​ពិត​ដល់​នាង​នៅមុន​ការ​បែក​គ្នា​នេះ​។ សំបុត្រ​មួយច្បាប់​នេះ ត្រូវបាន​បញ្ចប់​ដោយ​ការប្រើ​ពាក្យ​ថា (​លា​ហើយ លា​ដើម្បី​ជួប​វិញ ដោយ​គ្មាន​ពេល​កំណត់​)​។

​នេះ​ជា​ពាក្យ​ដែល​បង្កប់ន័យ មានសង្ឃឹម​ផង និង​អស់សង្ឃឹម​ផង​។ យើង​មិនអាច​និយាយថា ខែក្រោយ ឬ​ឆ្នាំក្រោយ ជួបគ្នា​បានទេ ព្រោះ​គ្មានអ្វី​ច្បាស់លាស់​ទេ សម្រាប់​សភាព​ការ​នាពេលនោះ​។ ខ្ញុំ​ស្លាប់ ឬ​រ៉ានី​ស្លាប់​? ការតស៊ូ ត្រូវ​ជួបនឹង​បរាជ័យ​?​។​ល​។ លិខិត​មួយច្បាប់​នេះ ត្រូវបាន​ចំណាយពេល​ប្រមាណ ២​ម៉ោង ជាមួយនឹង​ទឹកភ្នែក​ហូរ​ស្រ​ក់មក​មិន​ឈប់ រហូត​ធ្វើអោយ​ខ្ញុំ​ស្រវាំងភ្នែក​។

​នៅ​ប្រហែល​ម៉ោង ៤​ល្ងាច ខ្ញុំ​បានប្រគល់​លិខិត និង​សំភារៈ​មួយចំនួន តាមរយៈ​និ​រ​សារ​ខ្ញុំ ឈ្មោះ នឿន ដែល​ពេលនេះ ជា ឧ​ត្ត​ម​សេនីយ៍ នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ដើម្បី​បញ្ជូន​អោយ​ភរិយា​ខ្ញុំ​។

បន្ទាប់ពី​បានប្រគល់​សំភារៈ​ដល់​នឿន​រួចហើយ ខ្ញុំ​ក៏​សម្រាក​លង់លក់ ដើម្បី​រង់ចាំ​មិត្ត​ភ​ក្ត្រ័​ខ្ញុំ ៤​នាក់​ទៀត​។ ខ្ញុំ​ភ្ញាក់ឡើង​ម៉ោង ៨​យប់ ទៅហើយ ខ្ញុំ​ក្រោក​អង្គុយ​យក​ដែកកេះ ដុត​ចង្កៀងប្រេងកាត​។ ពេល​ច​ង្អៀ​ង​ឆេះ ស្រាប់​តែមាន​សំឡេង​មនុស្ស​ស្រែក​ចេញពី​ដើម​ជ្រៃ ដែលមាន​ខ្ទម​អ្នកតា នៅ​នឹង​គល់​នឹង ដែល​នៅ​ឃ្លាត​ពី​ផ្ទះ​ខ្ញុំ​ប្រហែល ៣០​ម៉ែត្រ​។ សំឡេង​មនុស្ស​ប្រុស​វ័យ​ចំណាស់​ស្រែក​ខ្លាំងៗ​ថា (​ចេញ​ភ្លាម​ទៅ ចេញ​អោយ​ឆាប់​) ស្រែក​ច្រើនដង និង​ខ្លាំងៗ ស្ទើរ​បែក​ក្រដាស់ត្រចៀក​។

បន្ទាប់ពី​សំឡេង​ស្រែ​កចប់ ភ្លើង​ចម្រុះ​ពណ៌​បានមក​រុំ​ខ្លួន​ខ្ញុំ​ជុំជិត ខ្ញុំ​ស្រែក​ស្ទើរ​ភ្លាត់​សំឡេង​អោយ​អ្នក​នៅ​ខាងក្រៅ​ចូលមក​ជួយ​។ នៅពេល​យុទ្ធជន ៣​នាក់ ចូលមក​ដល់ ខ្ញុំ​សួរ​ពួកគេ​ថា តើ​អ្នកណា​ស្រែក​? ហើយ​មាន​ឃើញ​ភ្លើង​ក្នុងផ្ទះ ឬទេ​? ពួកគេ​ទាំង ៣​នាក់ បាន​ឆ្លើយ​ស្រុះគ្នា​ថា មិនឮ និង​មិនឃើញ​អ្វី​ទាំងអស់​។ ខ្ញុំ​ព្រឺក្បាល ហើយ​គិតក្នុងចិត្ត​ថា បារមី​តាម​ថែទាំ​ខ្ញុំ ប្រាប់​ឱ្យ​ខ្ញុំ​ចាកចេញ​ហើយ គាប់​ជួន ពេលនោះ មិត្ត​ខ្ញុំ ៤​នាក់ បានមក​ដល់​ព្រម​គ្នា ដែលមាន​ឈ្មោះ ១)​នុ​ច ថន ២)​ញ៉ឹក ហួន ៣)​សន សាញ់ និង ៤)​វ៉ា ប៉ោ​អាន​។ ពួកយើង​បាន​ចាកចេញ នៅ​ម៉ោង ៩​យប់ តាមផ្លូវ​សម្ងាត់​មួយ ដែល​មិនអោយ​កងទ័ព​ក្នុង​បន្ទាយ​ដឹង ថា​យើង​ទៅណា​?​។

យើង​បាន​ចាកចេញ​ដោយ​ការឈឺចាប់​ជាមួយ​ទឹកភ្នែក​រាប់ម៉ឺន រាប់សែន រាប់លាន​ដំណក់​។ តែ​ទឹកភ្នែក និង​ការឈឺចាប់​នេះហើយ ដែល​បាន​ពង្រឹងស្មារតី​ខ្ញុំ អោយ​ប្រឹង​តស៊ូ ដើម្បី​ការរស់រានមានជីវិត​របស់​ប្រជាជន​កម្ពុជា​។

​ងាក​ទៅ​និយាយ​ពី​រ៉ានី​វិញ ទុក្ខ​ស្រី​ប្តី​ព្រាត់ បានចាប់ផ្តើម​លើ​ជីវិត​នាង នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៧៧ នៅពេលដែល​នាង​បានទទួល​លិខិត​របស់ខ្ញុំ​តាមរយៈ (​នឿន​) ដែលជា​យុទ្ធជន​ដ៏​ស្មោះត្រង់​ម្នាក់​របស់ខ្ញុំ​។ រ៉ានី បាន​ក្លាយជា​ស្រី​មេម៉ាយ ក្នុងពេល​នោះដែរ អាស្រ័យ​ដោយ​ពួក ប៉ុល ពត បានប្រកាសថា ពួកគេ​បាន​បាញ់សម្លាប់​ខ្ញុំ កាលពី​យប់​ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ​១៩៧៧ នៅក្បែ​ព្រំដែន​កម្ពុជា វៀតណាម​។

​ការប្រកាស​របស់​ពួក​ខ្មែរក្រហម​ថា ខ្ញុំ​ស្លាប់ គឺ​ដើម្បី​កាត់បន្ថយ​នូវ​ស្មារតី​ប្រឆាំង​អង្គការ​ពី​សំណាក់​កម្មាភិបាល យុទ្ធជន នៅក្នុង​អង្គភាព​របស់ខ្ញុំ និង​អង្គភាព​ផ្សេងទៀត ដែល​កំពុង​កើនឡើង​។ តែ​ការ​ប្រកាសថា ខ្ញុំ​ស្លាប់ ក៏បាន​ជួយ​សម្រួល​ដល់ រ៉ានី មួយផ្នែក​ពី​ការតាមដាន​របស់​ថ្នាក់ក្រោម​ខ្មែរក្រហម​ផងដែរ ព្រោះ​បើ​ប្តី​ស្លាប់​ទៅហើយ គ្មាន​ហេតុផល​អ្វី ត្រូវ​តាមដាន​ប្រពន្ធ​តទៅទៀត​ទេ លើកលែងតែ​មេដឹកនាំ​មួយចំនួន ដែល​ដឹង​រឿង​ពិត​ថា ខ្ញុំ​នៅរស់ ពិសេស​ប្រធាន​យោធា​តំបន់ ដែល​ធ្លាប់​ធ្វើបាប​ខ្ញុំ កាលពី​ពេលមុន​។

​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​១៩៧៧ ភរិយា​ខ្ញុំ បាន​ឆ្លងទន្លេ​បានកូន​ប្រុស គឺ ហ៊ុន ម៉ា​ណែ​ត នាពេលនោះ​។ ក៏​ដូច​កាលពី​យប់​ថ្ងៃទី​៩ ឆ្លង​ចូលដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ដែរ​។ នា​យប់​ថ្ងៃ​១៩ ឈានចូល​ថ្ងៃទី​២០ ខែ តុលា ឆ្នាំ​១៩៧៧ ខ្ញុំ​ដេក​មិន​លក់​ដូចគ្នា​។ ពេលនោះ ខ្ញុំ​ដេក​យំ​រហូត សន សាញ់ មក​ធ្វើ​ស​សៃ​អោយ​ខ្ញុំ ដែល​ខ្ញុំ​បាន​ប្រាប់ សន សាញ់ ថា រ៉ានី អាច​ឆ្លងទន្លេ​យប់​នេះ ព្រោះ​កាលពី​ឆ្នាំមុន ខ្ញុំ​ក៏​ដេក​មិន​លក់​ដូចគ្នា ពេលដែល​រ៉ានី​ឆ្លងទន្លេ​កូន​ដំបូង​៕ ( សូម​អាន​វគ្គ​ទី​៥ )​