វគ្គ​៥៖ ជីវិត​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ភរិយា ពី​ក្រមុំ ក​ម្លោះ មកជា​ជីដូន​ជីតា ដែលមាន​ចៅ​រហូត ២០​នាក់

​ពិត​ដូច​ការគិត​របស់ខ្ញុំ ហើយ​ពិតជា​ចំណង​លោហិត​រត់​រកគ្នា​មែន គឺ​នៅក្នុង​ខែធ្នូ ឆ្នាំ​១៩៧៧ ឆ្លៀត​ពេលដែល​វៀតណាម​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​វាយបក​ទៅលើ​ការឈ្លានពាន​របស់​ពួក ប៉ុល ពត ដែល​វាយ​ចូលទៅ​សម្លាប់​មនុស្ស ដុត​ផ្ទះសម្បែង បំផ្លាញ​ទ្រព្យសម្បត្តិ ក្នុង​ទឹកដី​វៀតណាម ចាប់បង្ខំ​អោយ​វៀតណាម ប្រើ​សិទ្ធិ​ការពារ​ខ្លួន វាយបក​ទៅ​ពួក ប៉ុល ពត វិញ​។ ពេលនោះ ខ្ញុំ​ចូលទៅ​ស្រុក​មេមត់ និង​ចូលទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​យោធា​តំបន់ ដែល​ត្រូវបាន​ពួក ប៉ុល ពត ជំលៀសចេញ​តាំងពី​ខែវិច្ឆិកា ១៩៧៧ ព្រោះ​មន្ទីរពេទ្យ​នេះ នៅ​មិន​ឆ្ងាយ​ពី​ព្រំដែន​នោះទេ​។

ពេល​ចូលទៅ​ពិនិត្យ​ក្នុងផ្ទះ​ដែល រ៉ានី ស្នាក់នៅ​ឃើញ​នៅសល់​ខ្នើយ និង​សៀវភៅ ដែល រ៉ានី សរសេរ​អំពី​វិជ្ជាពេទ្យ តែ​នៅ​ទំព័រ​ខាង​មាន​អក្សរ​សរសេរ​ពី​ខ្មៅ​ដៃ ដែល​សរសេរថា (​ម៉ា​ណែ​ត កើត​ម៉ោង ៦​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​១៩៧៧ ទម្ងន់​៣ គីឡូ ២​ខាំ​)​។ តែ​មិនមែនជា​អក្សរ រ៉ានី សរសេរ​ខ្លួនឯង​ទេ គឺ​នារី​ពេទ្យ​ម្នាក់ទៀត ជួយ​សរសេរ​។ ក្រោយពី​ឃើញ​អក្សរ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា រ៉ានី ឆ្លងទន្លេ​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​១៩៧៧ ដែល​ខ្ញុំ​ដេក​មិន​លក់​នោះ​ហើយ​។ រឿងនេះ ត្រូវបាន​បញ្ជាក់​ក្រោយ​ការជួបគ្នា​គឺ ម៉ា​ណែ​ត កើត​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​១៩៧៧ មែន ដែល​នេះ​ពិតជា​ចំណង​លោហិត​រត់​រកគ្នា​យ៉ាងពិត​ប្រាកដ​។

​ការបង្ហាញ​ខ្លួន​របស់​ខ្ញុំ នៅ​ឃុំ​ដារ​ស្រុក មេមត់​១ យប់ ២​ថ្ងៃ បាន​បង្កើត​នូវ​ការលំបាក​អោយ រ៉ានី ព្រោះ​មុននេះ រ៉ានី ប្តី​ស្លាប់ តែ​ពេលនេះ រ៉ានី ជា​ប្រពន្ធ​របស់​ជន​ក្បត់​។ ស្ត្រី​មេម៉ាយ ដែលមាន​ប្តី​ស្លាប់ ដោយសារ​ប្រធាន​សន្តិសុខ​តំបន់ ចាប់​យកទៅ​សម្លាប់ ត្រូវបាន​សម្រាលកូន បន្ទាប់ពី​ប្រធាន​សន្តិសុខ​តំបន់ ត្រូវគេ​បាញ់សម្លាប់ ដោយសារ​គាត់​បាញ់សម្លាប់​ប្រធាន​កងវរសេនាធំ​មួយរូប​។ ដែល​នេះ​ជា​រឿង​ពាល​ស៊ី​ពាល​របស់​ពួក​ខ្មែរក្រហម​។ ពួកគេ​បាន​ទម្លាក់កំហុស​អោយ​ប្រធាន​សន្តិសុខ ថា​ជា​មនុស្ស​ក្បត់ ដែល​បានសម្លាប់​ប្តី​របស់​ស្ត្រី​មេម៉ាយ​ទាំងនេះ​។ ដូចនេះ ស្ត្រី​មេម៉ាយ ដែលមាន​ប្តី​ស្លាប់ ហាក់​បានទទួល​ការសណ្តោស​ខ្លះៗ ពី​ពួក​អង្គការ​។

​សម្រាប់ រ៉ានី ខុសពី​គេ នៅត្រង់​មាន​ប្តី​នៅរស់​ហើយ កំពុង​ដឹកនាំ​កម្លាំង​តស៊ូ​វាយ​ពួក​អង្គការ​ទៀតផង​។ រ៉ានី ត្រូវ​រង​នូវ​ការប្រមាថ​ពី​ពួក​អង្គការ ពិសេស​ពី​ប្រធាន​យោធា​តំបន់ ដែលជា​មនុស្ស​ឃោរឃៅ គួរអោយខ្លាច​។ ភរិយា និង​កូនប្រុស​ខ្ញុំ​រស់ និង​ធ្វើការ​ដោយ​ការលំបាក ក្នុងនាម​ជា​ភរិយា និង​កូន​របស់​ជន​ក្បត់​របស់​អង្គការ​ប្រល័យពូជសាសន៍​។ គាត់​បីកូន​ពី​កន្លែង​មួយ ទៅកាន់​កន្លែង​មួយ តាមតែ​បញ្ជារ​របស់​អង្គការ​។​

​ឱកាសល្អ​បានមក​ដល់ សម្រាប់​ចលនា​តស៊ូ​របស់ខ្ញុំ ក៏ដូចជា​ភរិយា​ខ្ញុំ នោះ​គឺ​នៅពេលដែល​កងទ័ព​ឧ​ត្ត​រ​ទិស​របស់ កែ ពក និង​កងទ័ព​និរតី​យ​ទិស​របស់​តា​ម៉ុក បាន​ចូលមក​បង្ក្រាប​ភូមិភាគ​បូព៌ា​ទិស​។ ​ប្រធាន​យោធា​តំបន់ ដែលជា​មនុស្ស​ឃោរឃៅ និង​ដែលជា​មនុស្ស​ស្មោះត្រង់​បំផុត​របស់​អង្គការ​ហើយ​ដែល​បាន​ចាប់​កងទ័ព​ក្នុង​អង្គភាព​ខ្ញុំ យកទៅ​សម្លាប់​អស់យ៉ាង​ច្រើន​នោះ ក៏ត្រូវ​ពួក​មកពី​ឧ​ត្ត​រ​ទិស និង​និរតី​យ​ទិស ចាប់​យកទៅ​សម្លាប់​ទាំង​ប្តី​ប្រពន្ធ​យ៉ាង​វេទនា​ផងដែរ​។

ឆ្លៀត​ពេលដែល​ពួក​អង្គការ​វាយ​គ្នាឯង និង​ការ​ងើបឡើង​តស៊ូ​របស់​កងទ័ព និង​ប្រជាជន​នៅ​ភូមិភាគ​បូព៌ា​ទិស ដែល​ដឹកនាំ​ដោយ​សម្តេច ហេង សំរិន សម្តេច ជា ស៊ីម នៅ​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​១៩៧៨ ឱកាស​នៃ​ចលនា​តស៊ូ​របស់ខ្ញុំ មាន​កាន់តែ​ច្រើន ដើម្បី​ឈានឆ្ពោះ​ទៅរក​ជោគជ័យ​។ សម្រាប់ រ៉ានី ក៏​ដូចគ្នា​ឆ្លៀតពេល ដែល​ពួក​មេដឹកនាំ​នៅ​តំបន់​នោះ មួយចំនួន​ស្លាប់ និង​មួយចំនួន ងើបឡើង​បះបោរ​ប្រឆាំង ប៉ុល ពត ភរិយា​ខ្ញុំ​បាន​នាំ​កូន​ទៅ​ភូមិកំណើត​រក​ឪពុកម្តាយ​។

​ពេលនោះ ម៉ា ណែ​ត កូនប្រុស​ខ្ញុំ មាន​អាយុ​ប្រហែល ៨​ខែ​ហើយ គេ​មាន​ជីដូន​ជីតា​ឪពុកធំ ម្តាយធំ ម្តាយមីង បងប្អូន​ជីដូនមួយ​រ​ស់​នៅ​ជាមួយនឹង​ជួយ​មើលថែទាំ​។ ទោះ​ទៅ​ទីណា​ក៏ដោយ នាពេលនោះ ក៏​ពួក ប៉ុល ពត មិន​ផ្តល់​សេចក្តីសុខ​អោយ​ដែរ​។ ក្រុមគ្រួសារ​ខាង​ភរិយា​ខ្ញុំ​ជាច្រើន​នាក់ ត្រូវបាន​សម្លាប់ និង​មាន​មួយ​គ្រួសារ​ស្លាប់​ទាំងអស់​តែម្តង​។

កា​រប​ង្គ្រា​ប​កាន់តែ​ធ្ងន់ធ្ងរ​ឪពុក​ម្តាយក្មេក ខ្ញុំ​បាន​នាំ​កូនៗ និង​ចៅៗ ចូល​លាក់ខ្លួន នៅក្នុង​ព្រៃ ក្នុងអំឡុង​ខែសីហា ឆ្នាំ​១៩៧៨​។ ដោយសារ​បងស្រី និង​បងប្រុស​របស់​ភរិយា​ខ្ញុំ មានកូន​សុទ្ធតែ​ស្រីៗ ម៉ា​ណែ​ត កូនប្រុស​ខ្ញុំ បាន​ក្លាយជា​ចៅប្រុស​ដំបូង​នៃ​គ្រួសារ​នេះ​។​

​តាម​ការរៀប​រាប់រប​ស់​ភរិយា​ខ្ញុំ​បានអោយដឹងថា នៅក្នុង​ដំណាក់​ការ​នៃ​ការរស់នៅ​ដ៏​លំបាក​នៅក្នុង​ព្រៃ​នេះ​ឪពុកក្មេក​របស់ខ្ញុំ​គឺជា​អ្នក​ថែទាំ​ចៅប្រុស​ដ៏​កំសត់​មួយ​នេះ​។ ពេល​រត់គេច​ពី​ការ​តាម​បាញ់សម្លាប់​ម្តងៗ ពី​សំណាក់​ពួក ប៉ុល ពត គាត់​មិនដែល​ភ្លេច​នាំទៅ​ជាមួយ​នូវ​សំភា​រះ​សម្រាប់​ចៅ​របស់គាត់​ទេ​។ ទៅដល់​កន្លែង​សុវត្ថិភាព​ថ្មី កិច្ចការ ដែល​គាត់​ត្រូវធ្វើ​មុនគេ គឺ​រៀបចំ​អង្រឹង​អោយ​ចៅ​ដេក​។

​ការរស់នៅ​ក្នុងព្រៃ​ទាំង​ការភ័យខ្លាច​ស៊ី​អត់​ស៊ី​ឃ្លាន និង​ការ​រត់លូន​គេច​ចេញពី​ការ​តាម​កាប់សម្លាប់​របស់​ពួក ប៉ុល ពត បាន​បន្ត រហូតដល់​ថ្ងៃជ័យ​ជំនះ​ថ្ងៃទី​៧ ខែ មករា ឆ្នាំ​១៩៧៩ ដែល​ថ្ងៃ​ដួលរលំ​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ជា​ថ្ងៃ​នៃ​ការ​រស់​ឡើងវិញ​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​ខ្ញុំ​សូម​បញ្ជាក់ជូន ថា​អ្វីដែល​ខ្ញុំ​ស​សេរ​រៀបរាប់​អំពី​ភរិយា​ខ្ញុំ និង​កូន​ខ្ញុំ កាលពី​ថ្ងៃទី​២០ មិថុនា ១៩៧៧ ដែលជា​ថ្ងៃ​បែក​គ្នា រហូតដល់​ថ្ងៃ​ជួបគ្នា ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ ១៩៧៩ គឺ​បានមកពី​ការរៀបរាប់​របស់​ភរិយា​ខ្ញុំ​តែប៉ុណ្ណោះ​។ ព្រោះ​តាំងពី​ពេល​បែក​គ្នា នា​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ មកដល់​ពេល​បាន​ជួបគ្នា​វិញ ខ្ញុំ​មិនដែល​បានទទួល​ព័ត៌មាន​ពី​ភរិយា​ខ្ញុំ​ទេ​។ ហើយ​ប្រសិនជា​ទទួលបាន​វិញ សុទ្ធតែ​បញ្ជាក់ថា ភរិយា​ខ្ញុំ បាន​ស្លាប់​ទៅហើយ​។

​បន្ទាប់ពី​រំដោះប្រទេស​ចេញផុត​ពីរ​បប ប៉ុល ពត នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ រដ្ឋាភិបាល​ថ្មី​មួយ ត្រូវបាន​បង្កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​៨ ខែមករា ឆ្នាំ​១៩៧៩ ដែលមាន​ឈ្មោះថា ក្រុមប្រឹក្សា​ប្រជាជន​បដិវត្ត​កម្ពុជា ដែល​ក្នុងនោះ ខ្ញុំ​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស ក្នុង​វ័យ​មិនទាន់​គ្រប់ ២៧​ឆ្នាំ​ផង ដែល​អាច​និយាយបានថា ជា​រដ្ឋមន្ត្រីការបទេស ដែល​វ័យក្មេង​ជាងគេ​លើ​ពិភពលោក​នេះ​។

បន្ទាប់ពី​បានមក​បំពេញការងារ​នៅ​ទីក្រុង​ភ្នំពេញ និង​ដោយ​មិនអាច​ស្វែង​រកឃើញ ឬ​មាន​ព័ត៌មាន​ពី​ភរិយា​ខ្ញុំ កាន់តែ​ធ្វើអោយ​ជឿ​ទៅលើ​ព័ត៌មាន ដែល​បញ្ជាក់ថា ភរិយា​ខ្ញុំ បាន​ស្លាប់​ទៅហើយ​។​

​ការរំដោះ​ប្រទេស​ចេញផុត​ពីរ​បប ប៉ុល ពត គឺជា​ការរីករាយ តែ​វា​មិនបាន​បញ្ចប់​នូវ​ទឹកភ្នែក​របស់ខ្ញុំ​នៅឡើយ​។ ខ្ញុំ​បានឃើញ​ថ្នាក់ដឹកនាំ​ផ្សេងទៀត ក្នុង​ជួរ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល បាន​ជួបជុំ​ប្រពន្ធ​កូន ខ្ញុំ​ចូលរួម​សប្បាយរីករាយ ប៉ុន្តែ​មានតែ​ខ្ញុំ​ម្នាក់​គត់​ដែល​នៅ​សម្រក់​ទឹកភ្នែក មិនដឹងថា ប្រពន្ធ​ស្លាប់ ឬ​រស់​?​។

​ពុំមាន​ដំណឹង​ទាល់តែសោះ​មិន​ថា តែ​ភរិយា​ខ្ញុំ​ទេ សូម្បីតែ​ព័ត៌មាន​ពី​ឪពុក ម្តាយក្មេក បងថ្លៃ ប្អូនថ្លៃ ក៏​មិនមាន​ព័ត៌មាន​ដែរ គឺ​បាត់​មួយ​ពូជ​តែម្តង​។ ពេលនោះ ថ្នាក់ដឹកនាំ​មួយចំនួន បាន​ហៅ​ខ្ញុំ​ថា ជា​រដ្ឋមន្ត្រី​ពោះម៉ាយ​។

​និយាយ​ពី​ភរិយា​ខ្ញុំ គាត់​បានទទួល​ព័ត៌មាន​ថា ខ្ញុំ​នៅរស់ និង​មាន​ឋានៈ​ជា​រដ្ឋមន្ត្រី​ផង តែ​ដើម្បី​សុវត្ថិភាព​ទាំង​ភរិយា​ខ្ញុំ និង​ក្រុមគ្រួសារ មិនទាន់​បង្ហាញខ្លួន​នៅឡើយ ហើយក៏​មិនទាន់​វិលត្រឡប់​ទៅ​ភូមិកំណើត​វិញ​ដែរ ព្រោះ​សភាពការណ៍​នៅ​ច្របូក​ច្របល់​ខ្លាំងណាស់​។ ពួកគាត់​សុខចិត្ត​ដេក​តាម​វាលស្រែ ក្រោម​ដើមឈើ និង​ដើរ​រើស​គួរ​ស្រូវ នៅ​ស្រុក​ត្បូងឃ្មុំ ដើម្បី​ជិវិត​។ ( សូម​អាន​វគ្គ​ទី​៦ ជា​វគ្គ​បញ្ចប់ )​