ចុង​ខែ​មករា​នេះ អ្នក​ដឹក​នាំ​សម្ដែង​២នាក់ មាន​ជំងឺ​ត្រូវ​វះកាត់​យ៉ាងតក់ក្រហល់

នៅ​​ចុង​ខែ មករា ឆ្នាំ ២០១៨​នេះ មាន​អ្នក​ដឹក​នាំ​សម្ដែង​២រូប ​មានជំងឺ​យ៉ាង​​ធ្ងន់ធ្ងរ​រហូត​​ឈាន​ដល់​ចូល​បន្ទប់​វះកាត់ ក្នុង​នោះមាន ​លោក ខាំ ភូរិ ជា​ផលិតករ និង​ជាអ្នក​​គ្រប់គ្រងទូទៅរបស់”​ ផលិតកម្ម ​Apsara Mera” និង លោក ជុំ វិចិត្រ អ្នក​ដឹក​នាំ​សម្ដែង​នៅ​ក្នុង​ “ផលិតកម្ម មហា​ហង្ស”។

១.លោក ខាំ ភូរិ

លោកបាន​ចូល​បន្ទប់​វះកាត់​ភ្លាម​ៗកាល​ពី​យប់​ថ្ងៃទី​២២ ខែ មករា ឆ្នាំ ២០១៨ ដោយ​ជំងឺ​ធ្លាយ​ពោះវៀន។ មុន​ឈាន​ដល់​ការ​វះកាត់ ដំបូង​ឡើយ​អាការៈ​ជំងឺ​របស់​លោក ខាំ ភូរិ មាន​សភាព​ចុក​​ពោះ​ធម្មតា ដែល​តាម​ទម្លាប់​គ្រាន់​តែ​ហូប​ទឹក​ឃ្មុំ​បន្តិច​ទៅ​ក៏​បាត់ ប៉ុន្តែ​នៅថ្ងៃ​កើត​ហេតុ ជំងឺ​​លោក​ធ្វើ​ទុក្ខ​ខ្លាំង គ្រា​ដែល​ផលិតករ​ល្បី​ឈ្មោះ​រូប​នេះ​កំពុង​ប្រជុំ​ជា​មួយ​ក្រុម​ការងារក្នុង​ផលិតកម្ម​ ហើយ​ត្រូវ​បាន​ក្រុម​ការងារ​ដឹក​យក​ទៅ​សង្គ្រោះនៅ​​មន្ទីរពេទ្យ​ក្បែរ​នោះ​ភ្លាមៗ។ បច្ចុប្បន្ន​ជំងឺ របស់ លោក ខាំ ភូរិ បាន​​ធូរស្រាល​ហើយ ដោយ​គ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​លោក​មក​សម្រាក​ព្យាបាល​នៅ​ផ្ទះ​។

២.លោក ជុំ វិចិត្រ

អ្នក​ដឹក​នាំ​សម្ដែង​​ក្នុង​ផលិតកម្ម មហា​ហង្ស រូប​នេះ​ក៏​បាន​ចូល​​ទៅ​សង្រ្គោះ​បន្ទាន់​ ហើយ​ឈាន​ដល់ការ​វះកាត់​ដូច​គ្នា ដោយ​​លោក​មាន​ជំងឺ​សួត។ លោក​បាន​ចូល​ទៅ​​សម្រាក​នៅ​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​ទី ២២ ខែ មករា ឆ្នាំ ២០១៨ ដូច​គ្នានឹងលោក ខាំ ភូរិ ។ បច្ចុប្បន្ន​ជំងឺរបស់ លោក ជុំ វិចិត្រ បាន​​ធូរស្រាល​ហើយ ដោយ​គ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​លោក​ចេញ​ពី​មន្ទីរពេទ្យ មក​សម្រាក​ព្យាបាល​នៅ​ផ្ទះ​ដែរ។ មុន​​​វះ​កាត់​នេះ លោក ជុំ ​វិចិត្រ ក៏​ធ្លាប់​ជួប​បញ្ហា​ធំ​មួយ​ទៀត គឺ​ឪពុក​របស់​លោក​​ទទួលមរណភាពកាល​​ចុង​ឆ្នាំ ២០១៧ ទ​ន្ទឹម​គ្នា​នោះ​ដែរ លោកបាន​​ប្រកាស​លក់​រថយន្ត​របស់​ខ្លួន​ភ្លាមៗ ដើម្បី​យក​ប្រាក់​មក​​ព្យាបាល​​ជំងឺ​៕