កម្លាំងអាវុធហត្ថខេត្តចុះបង្ក្រាបឈើកកោះបានរាប់សិបដុំ ខណ:ក្រុមឈ្មួញដឹកជញ្ជូនយកមកលាក់ទុក

ខេត្តរតនគិរី÷ ឈើជ្រុងរាប់សិបដុំដែលក្រុមឈ្មួញកាប់ និងដឹកជញ្ជូនចេញពីដែនព្រៃអភិរក្ស ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបនិងរឹបអូសបានឈើកកោះជាច្រើនដែលឈ្មួញបាន យកមកលាក់ទុកបម្រុងដឹកបន្តទៅប្រទេសវៀតណាមដោយបានអាក់ខានទៅវិញ។

ក្រោយការចូលកាន់តំណែងរបស់ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានដាក់បទបញ្ជាយ៉ាងតឹងរឹងទៅលើកងកម្លាំងទាំងអស់ឲ្យបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតាមបណ្តាស្រុក ហើយបានដាក់កម្លាំងត្រៀមចុះបង្ក្រាប២៤ម៉ោង។

ប្រតិបត្តិការចុះបង្ក្រាបឈើនេះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណជា២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតនៅត្រង់ចំណុចភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។

លោកវរសេនីយ៍ឯក ផាន់ សុផាត់ មេបញ្ជាការរងអាវុធហត្ថខេត្តបានដឹកនាំកម្លាំងចុះទៅបង្ក្រាបឈើកកោះបានជាច្រើនដុំ ខណ:ដែលក្រុមឈ្មួញ កំពុងធ្វើការដឹកជញ្ជូនយកមករក្សាទុក រងចាំឱកាសល្អនិងដឹកបន្តទៅប្រទេសវៀតណាមផងដែរ។

លោកបានបន្តថា ឈើកកោះទាំងអស់នេះនៅមិនទាន់ដឹងពីចំនួនដុំនៅឡើយទេ ហើយបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្ត៕