Beckham ប្រកាស​បង្កើត​ក្លឹប​បាល់ទាត់​ថ្មី​មួយ​នៅ​ក្របខ័ណ្ឌ​កំពូល​អាមេរិក​

David Beckham បាន​ប្រកាស​បង្កើត​ក្លឹប​បាល់ទាត់​ថ្មី​មួយ​ ដែល​ជា​ផែនការ​យូរ​អង្វែង​របស់​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​ក្របខ័ណ្ឌ​ Major League Soccer របស់​សហរដ្ឋ​អាមេរិក។

ក្លឹប​បាល់ទាត់​ថ្មី​នេះ​ស្ថិត​នៅ​ក្នុង​ទីក្រុង Miami រដ្ឋ​ Florida​ ប៉ុន្តែ​​វីរបុរស​ជម្រើស​ជាតិ​អង់គ្លេស​មិន​ទាន់​សម្រេច​ថា​ដាក់​ឈ្មោះ​អ្វី​នៅឡើយ​។ ក្លឹប​ថ្មី​របស់​ Beckham នឹង​លេង​នៅ​​កីឡដ្ឋាន​ចំណុះ​ ២៥០០០​នាក់​ ស្ថិត​ក្នុង​ទីក្រុង​ជា​បណ្ដោះ​អាសន្ន​​ ព្រោះ​​ដី​ដែល​គ្រោង​សង់​កីឡដ្ឋាន​របស់​គេ​កំពុង​មាន​បញ្ហា​រឿង​ក្ដីក្ដាំ​។

បុរស​វ័យ​៤២​ឆ្នាំ​បាន​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​ដែល​បង្កើត​ក្លឹប​ដ៏​ល្អ​មួយ​សម្រាប់​ទីក្រុង​ដ៏​អស្ចារ្យ​។ ខ្ញុំ​សន្យា​ចំពោះ​អ្នក​រាល់​គ្នា​ថា​នឹង​ធ្វើ​ឲ្យ​ក្រុម​ ​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្នុង​លីគ”។ មូលហេតុ​​បង្កើត​ក្លឹប​នៅ Miami​ ត្រូវ​អតីត​ប្រធាន​ក្រុម​អង់គ្លេស​បញ្ជាក់​ថា​ដោយ​សារ​ទីក្រុង​នេះ​មិន​ទាន់​មាន​ក្លឹប​បាល់ទាត់​​អាជីព​។

Beckham ចំណាយ​ពេល​១១​ឆ្នាំ​ជាមួយ​ Manchester United មុន​ចាកចេញ​ទៅ​ Real Madrid​ ក្នុង​ឆ្នាំ​២០០៣។ ក្រោយ​ចាកចេញ​ពី​ក្លឹប​យក្ស​​អេស្ប៉ាញ​ អតីត​ខ្សែ​បម្រើ​ជំនាញ​ Free kick ​បាន​ចូលរួម​ជាមួយ LA Galaxy, AC Milan និង​ចុង​ក្រោយ​គឺ Paris Saint-Germain ហើយ​ប្រកាស​ចូល​និវត្តន៍​ក្នុង​ឆ្នាំ​២០១៣៕