ព្យុះសង្ឃរា Tornado ផ្ដាច់ជីវិតមនុស្ស១៤នាក់នៅសហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោចណាស់១៤នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតរងរបួស បន្ទាប់ពី​ព្យុះសង្ឃរា Tornado បានវាយប្រហារលើតំបន់ភាគខាងកើតនៃរដ្ឋ Alabama សហរដ្ឋអាមេរិក។ នេះបើតាមអាជ្ញាធរក្នុងតំបន់ ដកស្រង់ការចេញផ្សាយដោយ​សារព័ត៌មាន NBC News នៅថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។

អាជ្ញាធរអាមេរិកបានឱ្យដឹងទៀតថាចំនួនមនុស្សស្លាប់ត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ Lee County ជាប់ព្រំដែនរដ្ឋ Georgia កាលពីថ្ងៃអាទិត្យ ហើយអ្នករងរបួសចំនួន៤០នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងតំបន់។ បន្ថែមពីលើនេះ ទីភ្នាក់ងារគ្រប់ គ្រងគ្រោះមហន្តរាយនៃតំបន់ Lee County ក៏បានបញ្ជាក់ដែរថាព្យុះ Tornado នេះបានបង្កការខូចខាតធ្ងន់ធ្ងរផងដែរនៅក្បែរទីក្រុង Beauregard។

គួរបញ្ជាក់ថា ប្រជាជនជាង១១,០០០នាក់គ្មានអគ្គីសនីប្រើប្រាស់កាលពីល្ងាចថ្ងៃអាទិត្យ ក្នុងរដ្ឋ Alabama ខណៈច្រើនជាង ២៥,០០០នាក់គ្មានអគ្គីសនីប្រើប្រាស់ក្នុងរដ្ឋ Georgia ពោលគឺភាគច្រើននៅតំបន់ភាគខាងលិច និងខាងត្បូងរដ្ឋមួយនេះ៕