សម្តេច ហេង សំរិន ៖ ៨មីនា គឺជាទិវាដែលផ្តល់កិត្តិយសចំពោះស្នាដៃរបស់ស្ត្រី និង ជាថ្ងៃដែល​​យើងទាំងអស់គ្នា ជាពិសេសបុរសៗ ត្រូវតែបន្តជំរុញនិងលើក តម្កើងនូវតម្លៃ ឋានៈ តួនាទី និង​​សិទ្ធិ របស់ស្ត្រីកម្ពុជាយើង

​(ភ្នំពេញ) ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែមីនា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ក្រោម​​ប្រធា​នបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ។

នៅក្នុងឳកាសនោះដែរ សម្តេច បានថ្លែងនៅក្នុងពិធីនោះថា ៖ ការជួបជុំគ្នានៅពេលនេះ គឺជាឱកាសដ៏ល្អប្រសើរមួយ និងប្រកប ដោយអត្ថន័យសម្រាប់ស្ត្រីទាំង​​អស់ ដើម្បីរំលឹកឡើងវិញ នូវស្នាដៃដ៏  មហិមារបស់ស្រ្តីនានា លើពិភព​លោកក្នុងនោះក៏មានស្ត្រីកម្ពុជាផងដែរ  ដែលបានតស៊ូលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និងអាយុជីវិត នៅក្នុងការប្រយុទ្ធតស៊ូដើម្បី បុព្វហេតុស្រ្តី និងដើម្បី​បុព្វហេតុ​របស់មនុស្សជាតិ។

​​ថ្ងៃទី៨មីនា គឺជាទិវាដែលផ្តល់កិត្តិយសចំពោះស្នាដៃរបស់ស្ត្រី និង ជាថ្ងៃដែល​​យើងទាំងអស់គ្នា ជាពិសេសបុរសៗ ត្រូវតែបន្តជំរុញនិងលើក តម្កើងនូវតម្លៃ ឋានៈ តួនាទី និង​​សិទ្ធិ របស់ស្ត្រីកម្ពុជាយើងឲ្យកាន់តែមានភាពប្រសើរ និងថ្លៃថ្លាថែមទៀត។

ខ្ញុំសូម​គាំ​ទ្រ និងអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ក្រោម​​ប្រធា​នបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដើម្បីជំរុញបន្ថែមទៀតក្នុងការលើក កម្ពស់ស្ថានភាពស្រ្តីកម្ពុជា ដែលជាម្តាយជាអ្នកដឹកនាំគ្រួសារ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គម ទាំងនៅក្នុងស្ថាប័នរដ្ឋ និងឯកជន ឱ្យប្រកប ដោយគុណសម្បត្តិដ៏ថ្លៃថ្លា និងទទួលបានជោគជ័យគ្រប់កិច្ចការក្នុងនាម ជាពលរដ្ឋដ៏ល្អប្រសើរ នៃសង្គមជាតិយើង។

ទន្ទឹមនឹងនេះ ខ្ញុំសូមវាយតម្លៃខ្ពស់លើប្រធានបទ ដ៏​សំខាន់នេះ ដែលបានលើកឡើងស្រប​តាមបរិការណ៍​របស់ប្រទេសកម្ពុជា ដែល​រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា​បាន និងកំពុងខិត​ខំ​​ប្រឹងប្រែង ដាក់ចេញជាសកម្មភាព​គន្លឹះ​ ក្នុង​ការ​អនុវត្តគោល​នយោបាយ​ជាតិ​​​ និង គាំពារ​សង្គម ​ក្នុង​គោលដៅផ្តោតសំខាន់ទៅលើការលើកកម្ពស់​សីលធម៌ គុណធម៌ និងផ្តល់តម្លៃដល់ស្រ្តីកម្ពុជានៅគ្រប់កាលៈទេសៈ និងគ្រប់ទី  កន្លែង។

ជាមួយគ្នានេះដែរ ខ្ញុំក៏បានកត់សម្គាល់ផងដែរថា ប្រធានបទ     «លើក​កម្ពស់​សម​​ភាពយេនឌ័រ និង​ការគាំពារ​សង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» មានគោលបំណង​បន្ត​អនុវត្ត​គោល​នយោបាយ​សមភាព យេនឌ័រ និង​ការគាំពារសង្គម ដែលជា​ចក្ខុវិស័យ​សម្រាប់​កសាង ប្រទេស ត្រូវបានច្របាច់​បញ្ចូល​ជា​អាទិភាព​​រួម ក្នុងការ​សម្រេច​​បាន​កិច្ច​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការ​លើក​​កម្ពស់​សម​-ភាពយេនឌ័រ ការ​ពង្រឹង​ភាព​អង់​អាចរបស់ស្ត្រីនិងក្មេងស្រី និងការគាំ ពារ​សង្គម គឺពិតជាមាន​ទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ​។

កម្ពុជាកំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបានចាប់ផ្តើមអនុវត្តមុនគេ ចំពោះស្ត្រីដែលជាកម្មការិនីមានផ្ទៃពោះ។ ជាពិសេសទៀតនោះគឺក្នុងពេលសម្រាលកូនសាមីខ្លួនបានឈប់សម្រាក រយៈពេល ៣ខែ និងទទួលបានប្រាក់ខែ១២០ភាគរយទៀតផង។ ​

ទាក់ទងនឹងវិស័យអប់រំវិញ រាជរដ្ឋាភិបាល បាន​លើកទឹកចិត្ត និងជំរុញឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានច្រើន ដើម្បីឱ្យធនធានមនុស្ស របស់យើងជាស្ត្រីភេទ កាន់តែសំបូរបែបថែមទៀត។ ជាក់ស្តែងក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ សិស្សស្រីបានប្រឡងជាប់ ៦៩.៣៨ភាគរយ កើនជាងឆ្នាំ២០១៧ ដែលសិស្សស្រីជាប់ ៦៥.៩២ភាគរយ។ ដោយឡែកចំនួននិស្សិតស្រីបានបញ្ចប់ការសិក្សាថ្នាក់         បរិញ្ញាបត្រ ៤៩.២៤ភាគរយ ក៏កើនជាងឆ្នាំ២០១៧ ដែលនិស្សិតស្រីជាប់តែ ៤៦.៦៧ ភាគរយប៉ុណ្ណោះ។

​កន្លងមករដ្ឋសភា បានអនុម័តថវិកាជាតិសម្រាប់ក្រសួងអប់រំឆ្នាំ២០១៩​ មានកំណើន ៩% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៨ ​ហើយក្នុង នោះ​ថវិកាមួយចំនួនត្រូវយកមកកសាង អាគារស្នាក់នៅ​របស់សិស្ស (អាទិភាពសិស្ស/និស្សិតស្រី) និងគ្រូបង្រៀននៅតាមសាលារៀនទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឲ្យសិស្សស្រីមានឱកាសបានបន្តការសិក្សាឱ្យ បានច្រើន។​

ទោះជាយ៉ាងណាក្តី ប្រទេសយើងនៅតែយកចិត្ត ទុកដាក់បន្តការកែលំអនូវ​ចំណុចជាច្រើន​ទៀត ដើម្បីឆ្លើយតប​ទៅនឹង​ការអនុវត្ត​គោល​នយោបាយ លើកកម្ពស់សមភាពយេនឌ័រ និង​ផ្តល់​ភាពអង់អាច​ដល់​ស្ត្រី សំដៅបង្កើនការចូលរួមរបស់ស្រ្តី​ក្នុងទីផ្សារពលកម្ម និងចាប់យក​ឱ្យបាននូវតំណែងជាអ្នកដឹកនំា ក៏ដូចជាការជំរុញឱ្យស្រ្តីចូល​រួមនៅក្នុងការធ្វើសេចក្តី​សម្រេច​ចិត្ត​ផ្នែកនយោបាយ និង​កសាងនូវយន្តការ​គាំពារសុវត្ថិភាព សង្គមចំពោះស្រ្តីនិង​ក្មេងស្រី​។

ខ្ញុំសូមកោតសរសើរ ចំពោះជោគជ័យទាំងឡាយ ដែលលោកជំទាវរដ្ឋមន្រ្តី ព្រមទាំង​សហការី បាន និង កំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងបុព្វហេតុដើម្បីស្រ្តី ក៏ដូចជាប្រជាជនកម្ពុជា សំដៅឱ្យបងប្អូនទទួលបានសេចក្តីសុខ សុភមង្គល សម្បូរសប្បាយ និងមានភាពថ្លៃថ្នូរក្នុងសង្គម ។

​ ខ្ញុំក៏សូមកោតសរសើរ និងអបអរសាទរផងដែរ​ ចំពោះ​សមិទ្ធផល ដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការនារី គណៈ កម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ  និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាព​ជីវភាព សិទ្ធិ ឋានៈ និងតួនាទី របស់ស្រ្តីកម្ពុជាយើង។ ជោគ ជ័យដ៏ធំធេង​ទាំងអស់នេះ បាន​ឆ្លើយ​តប​ជាវិជ្ជមាន​ទៅ​នឹង​​ផែនការយុទ្ធសាស្រ្ត​ចតុកោ​ណ​​​​ដំណាក់កាលទី៤ របស់​រាជរដ្ឋាភិបាលដើម្បី «កំណើន ការងារ​ សម​ធម៌ និងប្រសិទ្ធភាព» និង​ផែន​ការ​យុទ្ធសាស្រ្ត​នារី​រតនៈ​របស់​ក្រសួង​កិច្ចការ​នារី។​

​​ក្នុងនាមខ្ញុំជាប្រធានរដ្ឋសភា និងតាងនាម ឱ្យសមាជិក សមាជិកាទាំងអស់ ដែលតំណាងឆន្ទៈ​ប្រជាពលរដ្ឋកម្ពុជា​ទាំង​មូល យើងនឹងបន្តការគាំទ្រ ចំពោះការតាក់តែងច្បាប់ ការពិនិត្យ ការអនុម័ត និង តាមដាន​ការ​អនុវត្តច្បាប់ផ្សេងៗ ដើម្បីធ្វើ​យ៉ាង​ណា​​ឱ្យច្បាប់ទាំងនោះ មាន​ការឆ្លើយតបទៅនឹងយេនឌ័រ ពោល គឺដើម្បី​បម្រើ​ផល​ប្រយោជន៍ប្រកបដោយ សមភាពដើម្បីប្រជាពលរដ្ឋ​ទាំង​ប្រុស ទាំងស្រី ។

​ក្នុងនេះដែរ ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់​រាជរដ្ឋាភិបាល ជាពិសេសក្រសួងកិច្ចការនារី បន្ត និងជម្រុញការអនុវត្តគោលនយោបាយ​ជាតិ​ខាងលើនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់ស្ត្រី និងក្មេងស្រី ក៏ដូចជាប្រជាជនកម្ពុជា​ទាំងមូល។

រដ្ឋសភាជាពិសេស សមាជិកសភាស្រ្តី និងក្រុមសភាជាតិ នៃអ្នកនយោបាយស្រ្តី ដែលដឹកនាំដោយ លោកជំទាវ ឃួន សុដារី ត្រូវបន្តចូលរួមចំណែកឲ្យកាន់តែសកម្មថែមទៀត ដោយសហការជាមួយភាគីពាក់ព័​ន្ធ ក្នុងបុព្វហេតុរបស់ស្រ្តី តាមរយៈការងារនីតិកម្ម ដែលជាការងារស្នូលរបស់ស្ថាប័ន ដើម្បីបង្កើតច្បាប់ និង​បទ​ដ្ឋានគតិយុត្តនានា សំដៅការពារ និងលើកកម្ពស់សិទ្ធ របស់ស្រ្តីនិងក្មេងស្រី ក្នុងគ្រប់វិស័យ។

នៅក្នុងឱកាសនេះ ខ្ញុំសូមសំណូមពរផងដែរ ដល់ ក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការជាតិ អន្តរជាតិនិង សង្គម​ស៊ីវិល ជាពិសេសលោកជំទាវ ឯកឧត្តម លោកស្រី លោក និងអ្នកនាងកញ្ញាទាំងអស់ ដែលមានវត្តមាននៅទីនេះ សូមបន្តកិច្ចខិតខំប្រឹងប្រែងតទៅទៀត ដោយ ធ្វើយ៉ាងណាពង្រឹងការអប់រំ សីលធម៌ សុជីវធម៌ បង្កើនចំណេះដឹង និងជំនាញក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការ​គាំ​ពារ​សង្គម ដើម្បីអភិវឌ្ឍន៍ធនធាន​មនុស្ស ៕