សពកូនស្រីបង្កើតនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋានក្នុងក្រុងតាខ្មៅ មុនដង្ហែយកទៅបញ្ចុះនៅស្រុកស្អាង នាថ្ងៃ១ ខែកុម្ភៈ

(ភ្នំពេញ)៖ កូនស្រីបង្កើតរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងត្រូវជាកូនប្រសារសពសម្តេចពោធិ៍សាល ជា ស៊ីម គឺអ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា ហៅ លីន ដែលមានវ័យ៣៦ឆ្នាំ បានទទួលមរណភាព នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នាមន្ទីរពេទ្យ ប្រទេសសឹង្ហបុរី។

សពអ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា​ ត្រូវបានដឹកមកដល់ស្រុកកំណើត នៅល្ងាចម្សិលមិញ ហើយរហូតមកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ សពត្រូវបានក្រុមគ្រួសារទាំងមូល បាននិងកំពុងប្រារព្ធ ពិធីបុណ្យតាមប្រពៃណី នាគេហដ្ឋានលេខ១១៣៤ ផ្លូវ១១០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ តាមកម្មវិធីបុណ្យ សពអ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា នឹងត្រូវដង្ហែយកទៅបញ្ចុះនៅស្រុកស្អាង ហើយវិលត្រឡប់មកគេហដ្ឋានវិញ ដើម្បីប្រារព្ធពិធីបុណ្យ៧ថ្ងៃតែម្តង។

នៅព្រឹកថ្ងៃដដែលនេះ គេសង្កេតឃើញថ្នាក់ដឹកនាំជាច្រើនរួប រួមទាំងសម្តេចភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាផងនោះ បានអញ្ជើញចូលរួមបុណ្យ ដោយបង្ហាញពីការចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំបំផុត។

ជាមួយនឹងការបាត់បង់កូនស្រីជាទីស្រឡាញ់ មិនមានអ្វីអាចប្រៀបផ្ទឹមបាននោះ ម្តាយរបស់សព បានស្រែកទ្រហោយំយ៉ាងខ្លាំងៗ និងឱនថើមថ្ពាល់កូនស្រីព្រមទាំងពោលពាក្យដ៏កំសត់ ហើយចាត់ទុកថា នេះគឺជាការយល់សុបិនដ៏អាក្រក់បំផុត សម្រាប់គ្រួសាររបស់លោកស្រី។

នៅតាមបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុក ដែលត្រូវគេដឹងថា ជាភរិយានាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងជាម្តាយរបស់សពបានពោលពាក្យដ៏គួរឲ្យអាណិតយ៉ាង ពន់ពេកដូច្នេះថា «កូនខ្ញុំ បានលាចាកលោកនេះហើយ ទាំងនៅក្មេង កូនបានសន្យាថា នៅមើលថែម៉ែ ហេតុអឺក៏ក្បត់ សន្យាបែបនេះ ខ្ញុំមិនជឿទេ មិនជឿទេ ព្រោះនាង មិនដែលបានធ្វើអ្វីអាក្រក់ទេ កូនអើយកូនទាំងបី របស់កូន សួររកកូន ហើយហេតុអី កូនទៅចោល ពួកគេ ពួកគេកំពុងត្រូវការកូនយ៉ាងនេះ ខ្ញុំកំពុង តែយល់សុបិនអាក្រក់ទេ មិនមែនជាការពិតទេ លោកអើយ!»។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា កូនស្រីរបស់លោកបានទទួលមរណភាព ដោយសារបញ្ហាសុខភាពធ្ងន់ធ្ងរ។ ការទទួលមរណភាពរបស់អ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា បាន​បន្សល់ទុកកូនតូចៗចំនួន៣នាក់ (ស្រី២នាក់) ឲ្យនៅកំព្រាម្តាយ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងទាំងទឹកភ្នែកថា «កូនស្រីខ្ញុំ បានទៅចោលខ្ញុំហើយ គេបានសោយសុខក្នុងអនាគតជាតិ មិនបាននៅរងបាបកម្មជាមួយខ្ញុំទេ»។

បើតាមនាយឧត្តមសេនីយ៍ កូនស្រីរបស់លោកបានទទួលមរណភាព នៅមន្ទីរពេទ្យ Raffle ប្រទេសសឹង្ហបុរី នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ដែលជាកូនស្រីម្នាក់គត់របស់លោក ក្នុងចំណោមកូនទាំង៤នាក់ (ប្រុស៣នាក់)។

សូមបញ្ជាក់ថា អ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា ហៅលីន បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ជា ថា (ឧត្តមសេនីយ៍ទោខាងនគរបាលជាតិ) ដែលជាកូនប្រុសសពសម្តេចពោធិ៍សាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា ហើយបានបន្សល់ទុកចំណងដៃកូន៣នាក់ (ស្រី២នាក់ ប្រុសម្នាក់)៕

សពកូនស្រីបង្កើតនាយឧត្តមសេនីយ៍ ជួន សុវណ្ណ
សពកូនស្រីបង្កើតនាយឧត្តមសេនីយ៍ ជួន សុវណ្ណ
ក្រុមគ្រួសារ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ
ក្រុមគ្រួសារ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ

ប្រភព : freshnews