រៀបការ​រួច​ Taeyang និង Hyorin នឹង​មានពិធីពិសេសអស្ចារ្យ ១ផ្សេងទៀត

មង្គល​ការ​របស់​ Taeyang និង​ Min Hyo Rin កាន់​តែ​ខិត​ជិត​មក​ដល់​ឆាប់ៗ ហើយ​អ្វី​ៗ​គ្រប់​យ៉ាង​ក៏​ត្រូវ​បាន​រៀប​ចំ​ជា​បណ្ដើរ​ដែរ។

ជាក់ស្ដែង​ពេល​នេះ​ ស្រាប់​តែ​លេច​ឮ​ដំណឹង​ថ្មីទៀត​ថា​ គូស្នេហ៍​ទាំង​ ២​នឹង​រៀប​ចំ​កម្មវិធី​មួយ​ផ្សេង​ទៀត​ ក្រោយ​មង្គលការ​របស់​ខ្លួនបញ្ចប់។ ដោយសារ​មាន​ការ​អនុញ្ញាត​ពី​សាមី​ខ្លួន​ទាំង​សង​ខាង​ (Taeyang និង​ Min Hyo Rin) ទើប​ខាង​សណ្ឋាគារ​ Paradise City បង្ហើប​ព័ត៌មាន​ខ្លះ​ដល់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​ ៣០ ខែ​មករា​នេះ​ថា​ កម្មវិធី​ជប់​លៀង​មួយ​​ នឹង​ប្រារព្ធ​ឡើង​ក្នុង​សណ្ឋាគារ​នេះ។

ខាង​តំណាង​សណ្ឋាគារ​ដដែល​បន្ថែម​ថា៖ “ពិធី​នោះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ ក្រោយ​ដឹង​ថា​អ្នក​ចាត់​ចែង​ការ​រៀប​ចំ​ គឺ​ជា​អ្នកជំនាញ​ដ៏​ល្បី​លំដាប់​ថ្នាក់អន្តរជាតិ Youngsong Martin ដែល​ធ្លាប់​ទទួល​បាន​ការ​កោតសរសើរ​ពី​ទឹក​ដៃ​តុបតែង​មង្គលការក្នុងរឿង​ ‘Twilight’។ ម្យ៉ាង​វិញ​ទៀត​ ដោយសារ​ Youngsong មាន​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​ Taeyang និង​ Hyo Rin ទើប​អ្នក​ស្រី​ចេញ​មុខ​រៀប​ចំ​កម្មវិធី​នោះ​ ជូន​អ្នក​ទាំង ២ ក្នុង​បំណង​អបអរ​ថ្ងៃ​ដ៏​មានន័យ​នេះ”។

ពិធីការ​ដ៏​ល្បី​នេះ​ក៏​បាន​និយាយ​ដែរ​ថា៖ “ខ្ញុំ​ចង់​រៀបចំ​ពិធី​ពិសេស​មួយ​ដែល​អាច​បញ្ជាក់​ពី​ក្ដី​ស្នេហ៍​លើក​ដំបូង​បង្អស់​ក្នុង​ឆាក​ជីវិត​ របស់​ពួកគេ ដែល​​បាន​ថែរក្សា​រួម​គ្នា​នាពេលកន្លង​មក ម្យ៉ាង​ក៏​សម្រាប់​នារី​ដ៏៏​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រឡាញ់ Min Hyo Rin ដែរ”។

អ្នក​គាំទ្រ​ទាំង​អស់​ទទួល​អារម្មណ៍​រំភើប​មុន​ទៅ​ហើយ​ សម្រាប់​ថ្ងៃដ៏​មាន​អត្ថន័យ​របស់​គូស្នេហ៍​អមត​ទាំង​ ២ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ០៣ ខែ​កុម្ភៈ​ខាង​មុខ។ អាពាហ៍ពិពាហ៍​នេះ​ នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​គ្រួសារ​ សាច់ញាតិ​បងប្អូន​ទាំង​សង​ខាង​ រួម​ជាមួយ​មិត្ត​ភ័ក្តិ ក៏​ដូចជា​មិត្តរួម​ការងារ​មួយ​ចំនួន។ កាន់​តែ​ពិសេស​ ក្រោយ​ពិធី​មង្គលការ​បញ្ចប់​ ពួកគេ​ក៏​នឹង​មាន​កម្មវិធី​ជប់​លៀង​មួយ​ទៀត​ធ្វើ​ឡើង​ក្នុង​សណ្ឋាគារ​ Paradise City៕