ជប៉ុន​ហ៊ាន​ឲ្យ​ ៣៥០០ ដុល្លារ​ បើ​​អាច​រស់​នៅ​ស្ថានីយ​អវកាស​ក្លែង​ក្លាយ​ ២ សប្ដាហ៍​

ភ្នាក់ងារ​អវកាស​ជប៉ុន​ JAXA កាល​ពី​ថ្មីៗ​នេះ​បាន​ប្រកាស​​ថា​ពួក​គេ​នឹង​ជ្រើស​យក​​មនុស្ស​ ៨ នាក់​ អាយុ​​ក្រោម​ ៥៥ ឆ្នាំ ​មក​ចូល​រួម​ក្នុង​ការ​ពិសោធ ដើម្បី​ដោះ​ដូរ​នឹង​ថវិកា​​ប្រមាណ​ ៣ ៥០០ ដុល្លារ។

មនុស្ស​ទាំង​ ៨ នាក់​នឹង​​ត្រូវ​ចំណាយ​ពេល​ ១៤ ថ្ងៃ​ និង​ ១៣ យប់​​​រស់នៅ​ក្នុង​ស្ថានីយ​អវកាស​ក្លែង​ក្លាយ​ដែល​ភ្នាក់ងារ​អវកាស​ជប៉ុន​បង្កើត​ឡើង។ ការ​ពិសោធ​នេះ​សង្ឃឹម​ថា​នឹង​អាច​សិក្សា​បាន​កាន់​តែ​ច្បាស់​​អំពី​កម្រិត​ស្រ្តេស​របស់​​អវកាសយានិក​​ដែល​​ត្រូវ​ស្ថិត​ក្នុង​លំហអាកាស​រយៈពេល​យូរ។

បេក្ខភាព​ដែល​ត្រូវ​បាន​ជ្រើស​រើស​នឹង​ត្រូវ​​រស់​នៅ​​ក្នុង​ស្ថានីយ​អវកាស​ដែល​បិទ​ជិត​ ហើយ​នឹង​មិន​អនុញ្ញាត​​ឲ្យ​យក​របស់​របរ​ផ្ទាល់​ខ្លួន​ទៅ​តាម​ឡើយ។ ស្ថានីយ​អវកាស​ក្លែង​ក្លាយ​​រៀប​ចំ​ឡើង​ ដោយ​យក​លំនាំ​​តាម​សភាព​ដូច​នៅ​ក្នុង​ស្ថានីយ​អវកាស​ពិតៗ។

អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​​ចង់​រក​លុយ​ស្រួល​អាច​​ដាក់​ពាក្យ​តាម​រយៈ​វិបសាយ​ Japan Clinical Volunteer Network ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​ ៣១ ខែ​មករា​នេះ។ ក្នុង​វិបសាយ​មិន​បាន​បញ្ជាក់​ថា​ជន​បរទេស​មិន​អាច​ដាក់​ពាក្យ​បាន​នោះ​ទេ ប៉ុន្តែ​ត្រូវ​ដឹង​ថា​​វិបសាយ​មាន​សរសេរ​ជា​អក្សរ​ជប៉ុន​សុទ្ធ៕​​​​​​