ទឹកជំនន់ភ្លាមៗនៅអាហ្វហ្កានីស្ថានភាគខាងត្បូងស្លាប់យ៉ាងហោចណាស់២០នាក់

អន្តរជាតិ៖ ពួកអាជ្ញាធរបាននិយាយពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់២០នាក់ បានស្លាប់និងច្រើននាក់ទៀតបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗបានវាយប្រហារខេត្តកាន់ដាហារប្រទេសអាហ្វហ្កានីស្ថានភាគខាងត្បូង ។ ការិយាល័យ អ.ស.ប សម្រាប់សម្របសម្រួលកិច្ចការមនុស្សធម៌ ( OCHA ) ក្នុងប្រទេសអាហ្វហ្កានី- ស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បង្កឡើងដោយភ្លៀងយ៉ាងខ្លាំងនោះ ទឹកជំនន់នេះ បានសម្លាប់មនុស្ស២០នាក់ ដែលរួមមានកុមារមួយចំនួនផង នៅពេលដែលលំនៅឋានរបស់ពួកគេបានរលំ ឬ រថយន្តដែលពួកគេកំពុងធ្វើដំណើរ ត្រូវទឹកហូរគួចយកទៅចាប់តាំងពីព្រឹកថ្ងៃសុក្រ ។ សេចក្តីថ្លែងការណ៍បាននិយាយថា លំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតឬបំផ្លិចបំផ្លាញដោយនិយាយបន្ថែមថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តបានកោះប្រជុំជាដំបូងមួយ ហើយគេបានដាក់ពង្រាយក្រុមធ្វើការវាយតម្លៃឱ្យបានរហ័ស ។ យ៉ាងហោចណាស់មនុស្ស១០នាក់ ដែលរួមមានកុមារផង នៅបាត់ខ្លួននៅឡើយ ។ សេចក្តីថ្លែងការណ៍និយាយបន្ថែមថា ពួកមន្ត្រីអាហ្វហ្កានីស្ថាន និងទីភ្នាក់ងារ អ.ស.ប នៅកំពុងធ្វើ ការនៅឡើយដើម្បីរកឱ្យឃើញនូវវិសាលភាពទាំងស្រុងនៃសេចក្តីត្រូវការសម្រាប់ពួកជនរងគ្រោះ ។ តាមពួកមន្ត្រីឱ្យដឹងថា នៅពេលដែលព្រិលដ៏ខ្លាំងបានវាយប្រហារផ្នែកភាគច្រើនបំផុតរបស់ប្រទេសនេះ ទឹកជំនន់ក៏បានធ្វើឱ្យខូចខាតផងដែរលំនៅឋាន និងហាងលក់ដូររាប់សឹបខ្នង នៅក្នុងខេត្តភាគខាងលិចក្នុងពេលនេះ ៕