ស្ត្រីជាអ្នកចូលរួមយ៉ាងសំខាន់ គ្រប់ដំណើរការ នៃសកម្មភាពសង្គម រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្ស

(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ស្ត្រីជាអ្នកចូលរួមយ៉ាងសំខាន់ នៅគ្រប់ដំណើរការ នៃសកម្មភាពសង្គម រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍ ធនធានមនុស្ស។

លោក ម៉ែន វិបុល បានថ្លែងនេះ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកតំណាងឲ្យលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអធិបតីនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ៨មីនា ខួបអនុស្សាវរីយ៍លើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស» នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង។ ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាស្រ្តីនៅក្នុងខេត្ត សរុបប្រមាណ ៧៤៧នាក់។

លោក ម៉ែន វិបុល បានលើកឡើងបន្តថា ការប្រារព្វទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ គឺមានគោលបំណងរំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់បុព្វបុរស ជាស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិសេរីភាព និងតួនាទីស្មើភាពគ្នារវាងបុរស និងស្ត្រីនៅក្នុងសង្គម។ សំខាន់ជាងនេះទៅទៀត ទិវានេះឆ្លុះបញ្ចាំង និងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយ ដែលសម្រេចបានដោយការ ចូលរួមរបស់ស្ត្រី នៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ ព្រមទាំងដើម្បីរៀបចំផែនការសម្រាប់ អនុវត្តបន្តនៅឆ្នាំបន្តបន្ទាប់ទៀត ឆ្ពោះទៅលើកកម្ពស់ សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី។

លោកបន្តថា ខួបលើកទី ១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ នៅនេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បី អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងគោលបំណងរំលេចឲ្យឃើញកាន់តែច្បាស់ថែមទៀត ពីផែនការសកម្មភាពគន្លឹះ ការយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្ត និងទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន អង្គភាព ក្នុងកិច្ចគាំពារសង្គម និងលើកកម្ពស់ការចូលរួមរបស់ស្ដ្រី ដែលជាដៃគូមិនអាចខ្វះបាន នៅក្នុងគ្រប់ដំណើរការនៃសកម្មភាពសង្គម រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍ ធនធានមនុស្សផងដែរ។

ជាមួយនេះ លោកអភិបាលខេត្ត បានសំណូមពរដល់បងប្អូនមន្ត្រីរាជការកង កម្លាំងប្រដាប់អាវុធជាស្ត្រីទាំងអស់ បើទោះបីជាប់រវល់ និងមមាញឹកបំពេញភារកិច្ចការងារយ៉ាងណាក៏ដោយ ក៏ប៉ុន្តែសូមកុំភ្លេចត្រូវឆ្លៀតពេលវេលា ជួយអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិ ឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើហិង្សា និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា៕