អាមេរិក និងចិន ជិតឈានទៅដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មហើយ

អន្តរជាតិ៖ របាយការណ៍មួយបាននិយាយ កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងចិនជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដែលនឹងឃើញភាគីទាំងពីរ កាត់បន្ថយពន្ធមួយចំនួន ដែលបានដាក់នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ។

យោងតាមកាសែត Wall Street Journal ដែលបានដកស្រង់ ប្រភពអនាមិកពីភាគីទាំងពីរបានឱ្យដឹងថា កិច្ចចរចាសម្រាប់ភាគីទាំងពីរ បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយកិច្ចព្រមព្រៀងចុងក្រោយមួយ គឺជិតឈានមកដល់ហើយ ។ កិច្ចព្រមព្រៀងមួយនឹងត្រូវបានទទួលស្វាគមន៍ ដោយទីផ្សារហិរញ្ញវត្ថុ ដែលបានទទួលរងការឈឺចាប់ពីជម្លោះពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចធំទាំងពីររបស់ពិភពលោក ។

កាសែតបាននិយាយថា កិច្ចចរចាកាលពីខែមុន នៅទីក្រុងវ៉ាស៊ីនតោន បានជួយកាត់បន្ថយភាពខុសគ្នា ដែលមានន័យថា កិច្ចព្រមព្រៀងជាផ្លូវការមួយ អាចនឹងកើតមានឡើង នៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ីជីន ពីង ជួបប្រជុំគ្នានៅចុងខែមីនា ស្របពេលដែលលោក ស៊ី ធ្វើដំណើរទៅអឺរ៉ុប ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានឧបសគ្គមួយចំនួន ចំពោះកតិកាសញ្ញាដែលនឹងបង្កឱ្យមានការត្អូញត្អែរពីភាគីទាំងពីរ ។

ប្រទេសចិន បានព្រមព្រៀងថានឹងកាត់បន្ថយពន្ធ ឬបន្ធូរបន្ថយការរឹតបន្តឹងលើកសិដ្ឋាន ផលិតផលគីមី និងផលិតផលរថយន្ត ។ ក្រុមអ្នកចរចាចិនក៏បានស្នើផងដែរ ឱ្យបង្កើនល្បឿននៃការលុបចោល ដែនកំណត់ម្ចាស់កម្មសិទ្ធិបរទេស ទៅលើក្រុមហ៊ុនរថយន្ត និងកាត់បន្ថយពន្ធលើយានយន្តដែលនាំចូល ក្រោមអត្រា 15 ភាគរយនាពេលបច្ចុប្បន្ននេះ ។

នៅក្នុងការផ្លាស់ប្តូរមួយ ដើម្បីឆ្លើយតបទៅនឹងការទាមទារដដែលៗរបស់ លោក ត្រាំ ចំពោះគម្លាតពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលមានភាពតូចចង្អៀតនោះ ទីក្រុងប៉េកាំង ក៏នឹងបង្កើនការទិញរបស់ខ្លួន នូវទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងការទិញឧស្ម័នធម្មជាតិ រាប់ពាន់លានដុល្លាពីក្រុមហ៊ុន Cheniere Energy ផងដែរ ។

របាយការណ៍នេះបានឱ្យដឹងថា ជាថ្នូរនឹងការធ្វើសម្បទានរបស់ចិន ទីក្រុងវ៉ាស៊ីនតោន ត្រូវតែលុបចោលទណ្ឌកម្មពាណិជ្ជកម្មភាគច្រើន ដែលបានដាក់កាលពីឆ្នាំមុន ។ សង្រ្គាមពាណិជ្ជកម្ម ដែលមានរយៈពេល 1 ឆ្នាំមកហើយបានដាក់ទណ្ឌកម្ម ពន្ធសរុបរាប់ពាន់លានដុល្លារ លើផ្នែកដ៏ធំនៃពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ។ (AFP ថ្ងៃទី៤ ខែមីនា)