ជាប់ញ៉កបាត់! រថយន្តល្មើសល្បឿន១០គ្រឿងថតជាប់ឧបករណ៍ពិសេសតាមផ្លូវ

អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ ​បង្ហាញ​​​របាយការណ៍​ត្រួតពិនិត្យ​ល្បឿន​ប្រចាំ​ថ្ងៃ នៅ​ចន្លោះ​បង្កោល​គីឡូម៉ែត្រ​លេខ១៤៨​ ផ្លូវជាតិលេខ៨ ល្បឿនកំណត់ ៦០km/h នៅភូមិ​ពោធិ៍ស្រុក​ ឃុំ​កោងកាង​ ​ស្រុ​កពញាក្រែក​ ​ខេត្ត​ត្បូងឃ្មុំ​ នៅថ្ងៃទី​ ៣០ ខែ​មករា ​ឆ្នាំ ២០១៨​ ក្នុងនោះ​មាន​រថយន្ត​ល្មើស​ល្បឿន​ចំនួន​១០គ្រឿង ​បាន​ថតជាប់​។

(របាយការណ៍​ត្រួតពិនិត្យ​ល្បឿន​ប្រចាំ​ថ្ងៃ)

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ កាល​ពី​កន្លងទៅ​បានថ្លែង​ថា ការ​​បំពាក់​ឧបករណ៍​ស៊េរី​ទំនើបនេះ​​ ​ដើម្បី​ចាប់​បទ​ល្មើស​ចរាចរណ៍​ផ្សេងៗនៅ​តាម​ផ្លូវ​ជាតិ​សំខាន់ៗ​ ដូចជា​អ្នក​បើកបរ​លើស​ល្បឿន​កំណត់​ ​បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ ឫ​កន្លែង​មាន​ករណី​កកស្ទះ​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ។

​បន្ថែម​ពីនេះ​ ​ឧបករណ៍​ទំនើប​​នោះ​មិន​ត្រឹម​តែ​ជួយ​សម្រួល​ការងារ​ដល់​សមត្ថកិច្ច​ប៉ុណ្ណោះ​ទេ តែ​វា​មាន​លក្ខណៈ​ពិសេស​អាច​ចាប់​បាន​អ្នក​បើកបរ​មិន​គោរព​ច្បាប់ទាំង​ឡាយ ដូចជា​បើកបរ​លើស​ល្បឿន​កំណត់ ឧបករណ៍​ទាំង​នោះ​អាច​ចាប់​បាន​ទាំង​អត្តសញ្ញាណ​អ្នក​បើកបរ ទាំង​ប្រភេទ​យានយន្ត។ បន្ទាប់​មក​សមត្ថកិច្ច​នឹង​ឆែក​មើល​ទិន្នន័យ​ ហើយ​ផ្ញើ​សំបុត្រ​ពិន័យ​តាម​ច្បាប់​ដល់​ផ្ទះ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​នោះ​តែ​ម្ដង៕