សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបស្នងការនគរបាលជាតិសិង្ហបុរី

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Hoong Wee Teck ស្នងការនគបាលជាតិ នៃប្រទេសសិង្ហបុរី នៅវិមានរដ្ឋាភិបាលសន្តិភាព។

នៅក្នុងជំនួបមុននេះបន្តិច លោក Hoong Wee Teck បានគោរពជំរាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីនៃដំណើរទស្សនកិច្ចលើកទីមួយរបស់លោកបានមកកាន់កម្ពុជា។ លោក Hoong Wee Teck បានសង្កេតឃើញថាប្រទេសកម្ពុជាស្រស់ត្រកាល និងមានការរីកចម្រើនយ៉ាងច្រើន។ ទន្ទឹមនឹងនោះដែរ លោកស្នងការបានគោរពជម្រាបជូន សម្តេចតេជោ អំពីកិច្ចពិភាក្សាផ្ទាល់រវាងរូបលោក ជាមួយនឹង ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា ដែលបានពិភាក្សាគ្នាលើកម្មវត្ថុជាច្រើន ជាពិសេសលើកិច្ចសហប្រតិបត្តិការផ្លាសប្តូរបច្ចេកវិទ្យាព័ត៌មានកម្ពុជា និងសិង្ហបុរី និងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគីផងដែរ។ ស្ថាប័ននគរបាលជាតិនៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី គឺមានទំនាក់ទំនង និងមានកិច្ចសហប្រតិបត្តិការគ្នាល្អជាយូរលង់មកហើយ ហើយឈរលើមូលដ្ឋាននេះ ស្ថាប័នទាំងពីរនឹងព្រឹងនូវកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែបានល្អប្រសើ និងស៊ីជម្រៅថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ លោកស្នងការ Hoong Wee Teck ដែលបានមកដល់កម្ពុជាក្នុងទិសដៅខាងលើ។ សម្តេចតេជោ ពេញចិត្តនឹងសមត្ថភាពដែលសិង្ហបូរីមាន ជាពិសេសបទពិសោធន៍ បច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានជាច្រើននៅក្នុងកម្រិតតំបន់ផង និងនៅប្រទេសជុំវិញតំបន់ផងដែរ។ សម្ដេចតេជោ បានគាំទ្រ និងលើកទឹកចិត្តអោយស្ថាប័នទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាអោយកាន់តែរឹងមាំល្អ ជាពិសេស គឺផ្លាស់ប្តូរព័ត៌មានដែលជួយពង្រឹងវិស័យសន្តិសុខជាតិ និងតំបន់ ព្រមទាំងទប់ស្កាត់នូវអំពើភេរវកម្មនានា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានស្នើសុំអោយភាគីសិង្ហបូរីជួយដល់ការបណ្តុះបណ្តាលពង្រឹងធនធាននគរបាលជាតិកម្ពុជា និងផ្តល់នូវចំណេះដឹង បទពិសោធន៍ បច្ចេកទេស ពាក់ព័ន្ឋនឹងបច្ចេកវិទ្យាព័ត៌មានដល់នគរបាលកម្ពុជាអោយមានសមត្ថភាពខ្ពស់រឹងមាំថែមទៀផត។ ជាក់ស្តែងសិង្ហបូរី មានសមត្ថភាពក្នុងការទប់ស្កាត់អំពើភេវកម្មបានល្អ និងមានវិធីគ្របគ្រងនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយបានយ៉ាងមានប្រសិទ្ឋភាពទៀតផង។

មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំផ្ញើសួរសុខទុក្ខ លោកនាយករដ្ឋមន្រ្តីសិង្ហបូរី លី សៀនឡុង (Lee Hsien Loong) ព្រមទាំងបានជូនពរគណប្រតិភូនៃស្នងការនគរបាលជាតិសិង្ហបូរីទាំងអស់ ទទួលបានជោគជ័យនៅក្នុងកិច្ចពិភាក្សាការងារ ព្រមទាំងបានសប្បាយរីករាយក្នុងការស្នាក់នៅនឹងទស្សនកិច្ចនៅកម្ពុជា៕