ប្រធានាធិបតីរុស្ស៊ី៖ ខ្ញុំមានអារម្មណ៍សោកស្ដាយ ដែលមិនបានស្ថិតនៅក្នុងបញ្ជីឈ្មោះ ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ បានធ្វើការអត្ថាធិប្បាយចំពោះបញ្ជីឈ្មោះដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដោយលោកនិយាយបែបចំអកថា មានអារម្មណ៍សោកស្ដាយដែលមិនបានស្ថិតនៅក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្មនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។

លោក ពូទីន ថ្លែងបែបនេះ នៅក្នុងតែប៉ុន្មានប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានចេញផ្សាយបញ្ជីឈ្មោះដែលគ្រប់ៗគ្នាទន្ទឹងរង់ចាំជាយូរណាស់មកហើយ អំពីមន្រ្តី រដ្ឋាភិបាល ព្រមទាំងប្រធានក្រុមហ៊ុនធំៗ របស់ប្រទេសរុស្ស៊ី ដែលអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មជុំវិញការជាប់សង្ស័យថាមានពាក់ព័ន្ធនឹងការលូកដៃចូលក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ ដោយមានគោលដៅបង្កើនសម្ពាធទៅលើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បញ្ជីឈ្មោះខាងលើនេះរួមមានមន្រ្តី រដ្ឋាភិបាលរុស្ស៊ីចំនួន១១៤រូប ក៏ដូចជាពាណិជ្ជករកំពូលៗប្រមាណ ៩៦រូបទៀត ត្រូវបានកំណត់ដោយក្រសួងរតនាគារជាតិអាមេរិក។

បើតាមក្រសួងដដែលនេះ បុគ្គលនីមួយៗ នៅក្នុងបញ្ជីត្រូវគេប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិយ៉ាងតិចចាប់ពី០១ពាន់លានដុល្លារឡើងទៅ។ យ៉ាងណាក៏ដោយ លោក ពូទីន បានកត់សម្គាល់ថាការដាក់ទណ្ឌកម្មនេះគឺជា បង្ហាញពីភាពជាសត្រូវរបស់សហរដ្ឋអាមេរិកចំពោះរុស្ស៊ី ហើយថាវាមានតែបំផ្លាញដល់ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន តែប៉ុណ្ណោះ។ «ខ្ញុំមានអារម្មណ៍សោកស្ដាយ ដែលមិនបានស្ថិតនៅក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្មនេះ… ខ្ញុំបានលឺពីវា(បញ្ជីឈ្មោះនេះ) ពិតមែន តែមិនបានឃើញវានោះទេ»។ នេះជាការលើកឡើងរបស់លោក វ្ល៉ាឌីមៀ ពូទីន។

គួរជម្រាបថា បញ្ជីឈ្មោះខាងលើមានគោលបំណង ដើម្បីព្យាយាមបកអាក្រាតក្រុមជនទាំងឡាយ ដែលបានទទួលផលប្រយោជន៍ ក្នុងទម្រង់ជាទ្រព្យសម្បត្តិស្តុកស្តម្ភហើយ និង អំណាចក្នុងដៃ តាមរយៈការចងទំនាក់ទំនងជាមួយ លោក ពូទីន។ យ៉ាងណាមិញ បញ្ជីនេះពុំបានដាក់ទណ្ឌកម្មតាមលក្ខណៈណាមួយទៅលើបុគ្គល ទាំងអស់នោះឡើយ។ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវចេញផ្សាយ នៅពេលទណ្ឌកម្មដាក់ចេញជាផ្លូវការ៕