គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងសុខាភិបាល ប្រគល់វិញ្ញាបនបត្របញ្ជាក់អនាម័យ ដល់ភោជនីយដ្ឋានជិត២ពាន់កន្លែង

(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ហេង ប៊ុនគៀត បានថ្លែងបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រសួងបានប្រគល់វិញ្ញាបនបត្របញ្ជាក់អនាម័យ និងគោលការណ៍អនាម័យ ដល់ភោជនីយដ្ឋាន អាហារដ្ឋាន និងគ្រឹះស្ថានផលិតចំណីអាហារ សរុបចំនួន ១,៨៤០កន្លែង ក្នុងនោះ Logo A ចំនួន ៥១៥, Logo B ចំនួន ៦៦, Logo C ចំនួន ២២ និងវិញ្ញាបនបត្របញ្ជាក់អនាម័យមានចំនួន ១២៣៨កន្លែង។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាស ប្រគល់វិញ្ញាបនបត្របញ្ជាក់អនាម័យ និងគោលការណ៍អនាម័យ ដល់ភោជនីយដ្ឋានចំនួន៤០ ទាំងក្នុងរាជធានី និងខេត្ត នៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី០៤​កុម្ភៈ។

លោកសាស្ត្រាចារ្យ ហេង ប៊ុនគៀត បានថ្លែងបន្ដថា «ការចូលរួមរបស់ម្ចាស់អាហារដ្ឋានខាងលើនេះ មានសារៈសំខាន់ណាស់ ក្នុងការជួយលើកស្ទួយមុខមាត់ និងជំរុញសេដ្ឋកិច្ចជាតិ។ខ្ញុំសង្ឃឹមថា ក្រោយពេលដែលទទួលបាននូវវិញ្ញាបនបត្របញ្ជាក់អនាម័យនេះហើយ រាល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ នឹងអនុវត្ដការងារនេះ ទៅតាមការណែនាំរបស់ក្រសួង»

ក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក អឿន បូរារ័ត្នន៍ បានលើកឡើងផងដែរថា មុននឹងក្រសួង ប្រគល់វិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អ សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋានឆ្នើម គឺភោជនីយដ្ឋានទាំងនោះ ត្រូវបានឆ្លងកាត់ការវាយតម្លៃ និងត្រួតពិនិត្យដោយភ្នាក់ងារត្រួតពិនិត្យអនាម័យ និងសុវត្តិភាពចំណីអាហារ ដែលប្រើឧបករណ៍ត្រួតពិនិត្យតាមបែបវិទ្យាសាស្ត្រ ដ៏ជាក់លាក់មួយ (Checklist) របស់ក្រសួងសុខាភិបាល។

ជាក់ស្ដែង ក្នុងខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីវាយតម្លៃ និងត្រួតពិនិត្យរួច ក្រសួងសម្រេចផ្តល់វិញ្ញាបនបត្រដល់ភោជនីយដ្ឋាន អាហារដ្ឋាន ចំនួន៤០កន្លែង ក្នុងនោះមាន Logo A ចំនួន៣០, Logo B ចំនួន០៥ និង Logo C ចំនួន០២។

លោកថ្លែងបន្ដថា «ដូចនេះដើម្បីស័ក្កសមនឹងតម្លៃវិញ្ញាបនបត្រនេះ ម្ចាស់ភោជនីយដ្ឋាន ត្រូវចេះជួយថែរក្សា និងបន្តការថែរក្សានូវអនាម័យ និងសុវត្ថិភាពចំណីអាហារក្នុងកន្លែង ឱ្យបានល្អតាមស្តង់ដារអនាម័យរបស់ក្រសួងសុខាភិបាល។ ហើយត្រូវយល់ថា ភោជនីយដ្ឋាន អាហារដ្ឋាន ដែលបានទទួលវិញ្ញាបនបត្រពីក្រសួង គឺមានអត្ថប្រយោជន៍ណាស់ គឺទទួលបានទំនុកចិត្តពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក៏ជាផ្នែកមួយនាំឱ្យមានកំណើនភ្ញៀវទេសចរផងដែរ ។លើសពីនោះ ចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈ ការកាត់បន្ថយការពុលចំណីអាហារ និងជួយបង្កើនការងារដល់ប្រជាពលរដ្ឋយើង»

សូមជម្រាបថា វិញ្ញាបនបត្រ ដែលក្រសួងចែកជូនដល់ម្ចាស់ភោជនីយដ្ឋានឆ្នើមទាំង៤០នេះ មាននៅរាជធានីភ្នំពេញ ចំនួន៣៣កន្លែង, ខេត្តសៀមរាប១កន្លែង, កែប១កន្លែង និងខេត្តកំពង់ចាមចំនួន៥កន្លែង ៕