ម្តាយបំពុលកូន២នាក់ និងខ្លួនឯង ដោយសារខឹងប្តី​

កំពត៖ នគរបាលព្រហ្មទណ្ឌ ខេត្តកំពត បានរកឃើញថា ករណីក្មេងពីរនាក់ ដែលស្លាប់ ដោយថ្នាំពុល តាមពិត ម្តាយជា អ្នកដាក់ថ្នាំបំពុលសម្លាប់កូន ដោយសារតែខឹងនឹងប្តី​។ ម្តាយ បំពុលសម្លាប់កូនឯងនេះ ត្រូវបាន ប៉ូលិសចាប់ខ្លួន​ នៅរសៀល​​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

ប៉ូលិសខេត្តកំពត បានឲ្យដឹងថា ករណីឃាតកម្មលើក្មេងពីរនាក់នេះ បានកើតឡើង កាលពីវេលាយប់ ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៨ បង្កឡើង ដោយឈ្មោះ ផុន សុខហេង ភេទស្រី អាយុ ២៧ឆ្នាំ (ត្រូវជាម្តាយបង្កើត​) រស់នៅភូមិក្តី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ បានយកកូន ០២ នាក់ ទៅជួលផ្ទះ ស្នាក់នៅ ក្នុង​ភូមិត្រពាំងខ្វា ឃុំ​ភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត បានដាក់ថ្នាំបំពុលសម្លាប់កូនទាំងពីរនាក់ និងលេបថ្នាំសម្លាប់ខ្លួនឯង (ដោយមូលហេតុខឹងប្តី មិនបាន បញ្ជាក់ថាខឹងរឿងអីនោះទេ​) តែ មិនស្លាប់ ត្រូវបានគេបញ្ជូនមក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ កម្លាំងជំនាញយើង បាន សហការ​ជាមួយកម្លាំងអធិការ ដ្ឋាន នគរបាលស្រុក​ទ្រាំង និងកម្លាំង ជំនាញ​នៃអធិការដ្ឋាននគរបាល ស្រុកអង្គរជ័យ បានបញ្ជូនជន សង្ស័យ ទៅខេត្តកំពត រួចហើយ។

ក្មេង​រងគ្រោះទាំងពីរនាក់នោះ ឈ្មោះ ហ៊ាល សុវណ្ណាមិ ហៅ ក្តាម ប្រុស​ អាយុ ៨ឆ្នាំ និង​ ហ៊ាល ក្តាន់ ប្រុស អាយុ ៤​ឆ្នាំ៕