រដ្ឋមន្ត្រីការងារ៖ មកដល់ឆ្នាំ២០១៨ ពលរដ្ឋទទួលបានការងារធ្វើក្នុងប្រទេស ៣.៦លាននាក់

(ភ្នំពេញ)៖ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី០៥ ខែមីនានេះ លោករដ្ឋមន្ត្រី អិុត សំហេង បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០១៨ ប្រជាពលរដ្ឋខ្មែរប្រមាណជាង ៣.៦លាននាក់ ទទួលបានការងារធ្វើក្នុងប្រទេស។

លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល បានបង្កើតការងាររហូតជាង ៤.៨លាននាក់ ក្នុងនោះការងារនៅក្នុងប្រទេសមានប្រមាណ ៣.៦លាននាក់ (ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានជាង ១.៤លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ២.២លាននាក់) និងពលករដែលធ្វើការនៅក្រៅប្រទេស មានប្រមាណជាង ១.២លាននាក់»។

លោក អិុត សំហេង បានបន្តថា អត្រាមានការងារធ្វើរបស់ប្រជាពលរដ្ឋកម្ពុជា នៅតែរក្សាបានជាង ៩៩.៣% ពោលអត្រាអត់ការងារធ្វើ គឺមានតែ ០.៧% ប៉ុណ្ណោះ នៃកម្លាំងពលកម្មសរុបជិត ១០លាននាក់។

លោកថា សហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលមានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ១២,៧៩៦សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ១,៤២០,៥៤៧នាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមជិត ៣ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា សហគ្រាសផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួន ២៣,០៩២រោងចក្រ មានកម្មករនិយោជិតចំនួន ១២៤,៩៤៦នាក់ បានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមរដ្ឋមន្ត្រីក្រសួងការងារ ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះបានដើរតួនាទីយ៉ាងសកម្ម ក្នុងការបំពេញឱ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងបានរួមវិភាគទានយ៉ាងធំក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង ៦ពាន់លានដុល្លារ ក្នុងមួយឆ្នាំ៕