ធនាគារពិភពលោកនឹងផ្តល់ទឹកប្រាក់ប្រមាណ១.៩ប៊ីលានដុល្លារអាមេរិក ដល់ប្រទេសហ្ស៊កដានី

ភ្នំពេញ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Petra បានរាយការណ៍កាលពីថ្ងៃចន្ទថា ធនាគារពិភពលោក​នឹងផ្តល់នូវទឹកប្រាក់ប្រមាណ ១.៩ប៊ីលានដុល្លារអាមេរិក​ ដល់ប្រទេសហ្ស៊កដានី​សម្រាប់រយៈ​ពេល​ជាងពីរឆ្នាំបន្ទាប់ ដើម្បីជួយដល់ការធ្វើកំណែទម្រង់របស់ប្រទេសនេះ។

របាយការណ៍បាននិយាយយោងតាមលោក Kristalina Georgieva ជាប្រធានបណ្តោះ​អាសន្ននៃក្រុមធនាគារពិភពលោក​ និងជាប្រធានការិយាល័យប្រតិបត្តិនៃធនាគារពិភពលោក​ដែលនិយាយថា ជំនួយនេះ គឺហាក់ដូចជាទឹកប្រាក់សុទ្ធស្ទើរតែទាំងស្រុង​ ដែលធនាគារ​ពិភព​លោក​​បានផ្តល់ឱ្យ​ដល់ប្រទេសនេះ សម្រាប់រយៈពេលជាង៥ឆ្នាំ។

ប្រាក់កម្ចីទាំងនេះ ត្រូវមានការព្រមពី​ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោកនេះ។ ក្នុងរយៈពេលជាង២ឆ្នាំបន្ទាប់នេះ ធនាគារពិភពលោក​ តាមរយៈការវិនិយោគឯកជនរបស់ខ្លួន​មានបំណង​ និងស្វែងរកដើម្បីបង្កើតគម្រោងបំពង់បង្ហូរនៅក្នុងប្រទេសហ្ស៊កដានីនេះ ក្នុងតម្លៃ​ប្រមាណ​១ប៊ីលានដុល្លារអាមេរិក។

ក្នុងអំឡុងពេលសន្និសីទមួយ​នៅក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី​២៨ ខែកុម្ភៈកន្លងទៅនេះ បណ្តាប្រទេស និងស្ថាប័នហិរញ្ញវត្ថុជាច្រើន បានសន្យាផ្តល់នូវទឹកប្រាក់ជាច្រើនប៊ីលានដុល្លារ​អាមេរិក​ក្នុងការជួយសម្រាប់ការធ្វើកំណែទម្រង់ប្រទេសហ្ស៊កដានី៕