អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការទទួល​ទាន ប៉ោម​ខៀវ ចំពោះ​សុខភាព​

(សុខភាព)៖ ប៉ោម​ខៀវ ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ជូរអែម​ឆ្ងាញ់​មិន​ខុសពី​ផ្លែ​ប៉ោម​ក្រហម​ប៉ុន្មាន​ដែរ គ្រាន់តែ​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើនជាង​។
ថា​តើ​ប៉ោម​ខៀវ​ប្រសើរ​យ៉ាងណា​ខ្លះទៅ​ចំពោះ​សុខភាព​? ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការ​ទទួលទាន​ផ្លែឈើ​នេះ ៖

១. ទប់ស្កាត់​ដោះស្រាយ​អាកា​រៈ​ទល់លាមក​

​ប៉ោម​ខៀវ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​រសៃ dietary ដែល​ជួយ​សម្រួល និង​គ្រប់គ្រង​ចលនា​ពោះវៀន រួមទាំង​ប្រព័ន្ធ​រំលាយ​អាហារ​ទាំងមូល​។ ដូច្នេះ​អ្នកនឹង​ជៀស​ផុតពី​អាកា​រៈ​ទល់លាមក ក៏ដូចជា​បញ្ហា​ពិបាក​រំលាយ​អាហារ​។​

២. ទប់ស្កាត់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​

​តាមរយៈ​បរិមាណ​នៃ​ជាតិ​សរសៃ​ខ្ពស់ ផ្លែ​ប៉ោម​ពណ៌​ខៀវ អាច​ទប់ស្កាត់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​បាន​យ៉ាង​ប្រសើរ​។​

៣. កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​

​ប៉ោម​ខៀវ គ្មាន​ផ្ទុក​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើយ ប៉ុន្តែ​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ លើសពីនេះទៅទៀត ការទទួល​ទាន​ផ្លែ​ប៉ោម​ខៀវ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆាប់​ឆ្អែត ដូច្នេះ​អ្នកនឹង​មិន​ទទួលទាន​អាហារ​ផ្សេងទៀត​ច្រើន​លើស​ឡើយ​។ ការទទួល​ទាន​ផ្លែ​ប៉ោម​ខៀវ​អាចជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​ឆាប់ ហើយ​នៅតែ​រក្សាបាន​នូវ​សុខ​ភាពល្អ​។​

៤. បង្កើន​ការរំលាយ​អាហារ​

​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ពិបាក​រំលាយ​អាហារ ចូរ​ទទួលទាន​ប៉ោម​ខៀវ​មួយ​ផ្លែ​។ តាមរយៈ​អង់ស៊ីម​ផ្សេងៗ​ដែលមាន​ផ្ទុក ប៉ោម​ខៀវ​ជួយ​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ​បាន​យ៉ាង​ឆាប់រហ័ស​និង​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។

៥. ទប់ស្កាត់​ជំងឺមហារីក​

​ប៉ោម​ខៀវ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីត​ដូចជា flavonoid និង polyphenol ដែល​ជួយ​ទប់ស្កាត់​ជំងឺមហារីក​ច្រើន​ប្រភេទ និង​ការបំផ្លាញ DNA ពី​សំណាក់​រ៉ាឌីកាល់​សេរី​។​

៦. ផ្ដល់​ថាមពល​បន្ថែម​

​ផ្លែ​ប៉ោម​ខៀវ អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​ថាមពល​បន្ថែម​បែប​ធម្មជាតិ នោះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សារធាតុ​កាបូ​អ៊ី​ដ្រា​ត​៕