តំណាងរាស្ដ្រកំពង់ចាម ចូលរួមរំលែកទុក្ខ និងចូលបុណ្យសពគ្រួសារកម្សត់ របស់មន្ត្រីនគរបាលប៉ុស្តិ៍ព្រៃចារបាញ់សម្លាប់ខ្លួន ចោលប្រពន្ធទើបកូនខ្ចី៣ខែ ព្រោះជំងឺប្រចាំកាយ

(កំពង់ចាម)៖ បន្ទាប់ពីបានដឹងដំណឹងថា មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកអនុសេនីយ៍ទោ ស៊ុន ចាន់ពិសី បានធ្វើអត្តឃាតដោយខ្លួនឯង ជាមួយកាំភ្លើង AK ព្រោះតែតូចចិត្តមានជំងឺប្រចាំកាយ បណ្ដាលឲ្យស្លាប់ចោលប្រពន្ធទើបសម្រាលកូនបាន៣ខែ, លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល​ចុះជួយស្រុកជើងព្រៃ និងលោកស្រី អ៊ុក ម៉ាលី បានចាត់ចែងភ្លាមៗដោយតំណាងទៅចូលរួមរំលែកទុកដ៏ក្រៀមក្រំ និងចូលបុណ្យដល់គ្រួសារសព ។

ក្នុងសភាពទុក្ខដ៏ក្រៀមក្រំនេះ លោកអភិបាលរងស្រុកជើងព្រៃ បានពាំនាំនូវការសោកស្តាយបំផុត និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់​ លោកបណ្ឌិត ម៉ា ឈឿន និងភរិយា ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ​សព​ បានចាប់កំណើត​ក្នុង​សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។​

ជាមួយគ្នានេះ​ ក៏បានលើកទឹកចិត្តដល់ប្រពន្ធជាគ្រួសារសព​ ត្រូវរឹងមាំឡើង ហើយបន្ដជីវិតនៅមុខទៀត ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត​ឲ្យបានប្រសើរ ដើម្បីទំនុកបម្រុងកូនកំសត់មួយនេះ ឲ្យបានល្អ ។ទន្ទឹមនឹងនោះ​ លោកបណ្ឌិត ម៉ា ឈឿន និងភរិយា ក៏បានចូលបុណ្យសពនូវបច្ច័យចំនួន​ ១លានរៀល​ អង្ករ​ ១០០គីឡូក្រាម​ ផងដែរ។

ក្នុងឱកាសនោះផងដែរ ក្រុមគ្រួសារសព បានថ្លែងអំណរគុណ​​ដល់តំណាងរាស្ដ្រកំពង់ចាម និងភរិយា ដែលតែងតែយក​ចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលមានទុក្ខលំបាក។

សូមជម្រាបថា លោកអនុសេនីយ៍ទោ ស៊ុន ចាន់ពិសី បានសម្រេចចិត្តធ្វើអត្តឃាតដោយខ្លួនឯងជាមួយកាំភ្លើង AK កាត់ស្វាយបាញ់សម្លាប់ខ្លួនឯងចំនួន១គ្រាប់ ចំលើស្នៀតផ្កាខាងស្តាំបណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនភ្លាមៗ ព្រោះតែតូចចិត្តមានជំងឺប្រចាំកាយ បណ្ដាលឲ្យស្លាប់ចោលប្រពន្ធទើបសម្រាលកូនបាន៣ខែ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រៃចារ ដែលស្ថិតនៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

គួររម្លឹកថា លោកអនុសេនីយ៍ទោ ស៊ុន ចាន់ពិសី ត្រូវបានប្រជាពលរដ្ឋក្នុងឃុំព្រៃចារ ស្រលាញ់ចូលចិត្តយ៉ាងខ្លាំង ក៏ព្រោះតែមន្ដ្រីរូបនេះ មានអត្ដចរិកស្លួតបូត និងចេះជួយយកអាសាគេឯង តែមិនគួរណាគាត់គិតខ្លីបែបនេះសោះ។ អ្វីដែលធ្វើឲ្យមហាជនស្រណេះទៀតនោះ គឺលោក ស៊ុន ចាន់ពិសី មាន់ភរិយាដែលទើបសម្រាលកូនបាន៣ខែប៉ុណ្ណោះ៕