គុណភាពនៃការដេកល្អ បានកាត់បន្ថយហានិភ័យនៃជំងឺបេះដូង

(សុខភាព)៖ ការសិក្សាជាច្រើនកន្លងមកអំពីកត្តាបង្កជំងឺប្រព័ន្ធរបត់ឈាមដូចជា ជំងឺសរសៃឈាម ជាពិសេសជំងឺបេះដូង។ ជាលទ្ធផលរបៀបរបបរស់នៅដូចជា ការមិនធ្វើលំហាត់ប្រាណទៀងទាត់ និងរបបអាហារគ្មានលំនឹង (សំបូរខ្លាញ់) សុទ្ធសឹងជាកត្តាចម្បងបង្កបញ្ហាប្រមូលផ្តុំសារធាតុកូលេស្តេរ៉ុលមិនល្អនិងខ្លាញ់ នៅតាមបណ្តោយសរសៃឈាម ដែលយូរៗទៅបង្កជំងឺក្រិនរឹងសរសៃឈាម (Atherosclerosis)។ ជំងឺនេះជាមូលហេតុនៃជំងឺទាក់ទងនឹងបេះដូងផ្សេងៗទៀតដូចជា ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

ទោះបីយ៉ាងណា ការបោះពុម្ពផ្សាយនៃការស្រាវជ្រាវថ្មីសម្រាប់ដើមឆ្នាំ២០១៩នេះ បានឲ្យដឹងថា គុណភាពនៃការដេកក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ហានិភ័យនៃជំងឺបេះដូងដែរ។

គេបានរកឃើញថា ការដេកមិនបានគ្រប់គ្រាន់ជារឿយៗ និងគុណភាពនៃការដេកលក់មិនល្អ បានបង្កើនហានិភ័យនៃការប្រមូលផ្តុំកំទេចកំទីខ្លាញ់នៅតាមជញ្ជាំងសរសៃឈាម។ ដូចបានរៀបរាប់ខាងលើ ការប្រមូលផ្តុំនេះអាចបង្កជំងឺក្រិនរឹងសរសៃឈាម ដែលជាភ្នាក់ងារបង្កជំងឺបេះដូងផ្សេងៗទៀតប៉ះដល់អាយុជីវិត។

ការស្រាវជ្រាវមួយដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវប្រព័ន្ធរបត់ឈាមនៅប្រទេសអេស្ប៉ាញ បានសិក្សាលើសំណាកចំនួន ៤,០០០នាក់ (អាយុជាមធ្យម ៤៦ឆ្នាំ) ដែលពុំមានបញ្ហាសុខភាពទាក់ទងនឹងបេះដូងឡើយ។ ក្រោយពីការសិក្សាមក គេបានធ្វើការប្រៀបធៀបនឹងទិន្នន័យមុនសិក្សា ហើយគេរកឃើញថាក្រុមសំណាកដែលដេកតិចជាង៦ម៉ោងក្នុងមួយយប់ មានហានិភ័យបង្កជំងឺក្រិនរឹងសរសៃឈាមរហូតដល់ ២៧% ជាងក្រុមសំណាកដេកបាន ៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ។
ចំណែកក្រុមសំណាកដែលមានគុណភាពដេកមិនល្អដូចជាដេកលក់ហើយភ្ញាក់ ឬ ពិបាកដេកលក់ជាដើម ក៏មានហានិភ័យនៃការបង្កជំងឺនេះរហូតដល់ ៣៤% ​ឯណោះ។

ការដេកច្រើនជ្រុលពី ៩ម៉ោងឡើងទៅ ក៏មានផលប៉ះពាល់ដល់សុខភាពនៃបេះដូងរបស់លោកអ្នកផងដែរ។ ការសិក្សាមួយបានឲ្យដឹងថា ក្រុមស្ត្រីដែលគេបានយកមកសិក្សា ដែលចំណាយពេលដេករហូតដល់៩ម៉ោងនិងលើសពីនេះ មានហានិភ័យនៃជំងឺក្រិនរឹងសរសៃឈាមគួរឲ្យកត់សម្គាល់។

ដូច្នេះការសិក្សាទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញថា ការដេកតិចពេក ឬច្រើនពេក សុទ្ធសឹងអាចបង្កបញ្ហាដល់សុខភាពនៃបេះដូងរបស់លោកអ្នក។ ដំណេក ដែលមានគុណភាពល្អ ហើយបានពី ៧ទៅ៨ម៉ោង ទើបជាការដ៏ប្រសើរបំផុតដល់សុខភាពរាងកាយយើង៕