ការបាញ់​កម្ទេចអាចម៍ផ្កាយ​មុនវាហោះមកបុកផែនដី ស្តាប់ទៅ​ជារឿងងាយៗ ប៉ុន្តែ​ការពិតវិញ​គឺមិន​ដូច្នោះ​ឡើយ

(អាមេរិក)៖ នៅក្នុងករណី​ដែលផែនដីរងការគំរាមកំហែង​ពីអាចម៍ផ្កាយ ដំណោះស្រាយ​សមហេតុផល​ជាងគេ គឺត្រូវបាញ់បំបែក​​ដុំថ្មអវកាសទាំងនោះចោល ក៏ប៉ុន្តែការសិក្សា​ថ្មីមួយ​បានរក​ឃើញថា មធ្យោបាយ​នេះ​ទំនងជានឹងមិនជោគជ័យ​ដូចមនុស្ស​ភាគ​ច្រើនរំពឹង​ទុកនោះ​ឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី វែបសាយ​ព័ត៌មាន Space នៅ​ល្ងាច​ថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

ការសិក្សាថ្មីខាង​លើបានលើក​ឡើងថា អាចម៍ផ្កាយនឹងមិនបែក​ទៅជាកម្ទេចកម្ទី​​រាយប៉ាយ ដូចនឹងអ្វីដែល​គំរូសិក្សាពីមុនៗមក​បាន​​អះអាងនោះទេ ដោយនៅ​ក្រោយការប៉ុនប៉ង​កម្ទេចពួកវា កម្លាំងទំនាញ​នៃដុំថ្មទាំងនោះ នឹងនៅតែមាន​អានុភាពគ្រប់គ្រាន់​ ដើម្បីស្រូបទាញ​កម្ទេចកម្ទី​​ទាំងប៉ុន្មានមក​ប្រមូលផ្តុំគ្នាវិញ​ដដែល។ លទ្ធផលសិក្សានេះ​បានរកឃើញ​ទៀតថា អាចម៍​ផ្កាយ​គឺ​មាន​​ភាព​រឹង​មាំ​ឆ្ងាយ​​ជាង ការរំពឹងទុករបស់​អ្នកវិទ្យា​សាស្រ្ត និងតម្រូវ​ឲ្យ​មានថាមពល​ខ្លាំងក្លា ដើម្បី​អាច​ធ្វើ​ឲ្យ​ពួក​វា​​បែក​ខ្ចាត់ខ្ចាយ​​ ទៅ​ជា​កម្ទេច​កម្ទី​​តូចៗទាំង​ស្រុង​បាន។

គួរជម្រាបថា ក្រៅពីការបាញ់​កម្ទេចពួកវា អ្នកវិទ្យាសាស្រ្តក៏មានវិធីសាស្រ្ត​ដទៃទៀតផងដែរ​ បើសិនជាមានករណី​ដែលអាចម៍​ផ្កាយនឹងមក​បុកផែនដី​រួមមានដូចជា ពួកគេនឹងរិះរក​មធ្យោបាយដើម្បីធ្វើឲ្យថ្ម​ទាំងនោះ ខ្ទាតចេញពីគន្លង​គោចររបស់វាផុត​​ចេញ​ពី​​ផែនដី ប៉ុន្តែរឿងនេះក៏​ទំនងជានឹងងាយ​ប៉ុន្មាន​នោះដែរ។

យ៉ាងណាមិញ អាចម៍ផ្កាយមិនត្រឹម​ជាការគំរាមកំហែង​នោះទេ តែពួកវាក៏បង្កការងឿង​ឆ្ងល់ចំពោះអ្នកវិទ្យាសាស្រ្ត​ថែមទៀតផង ព្រោះថ្មអវកាស​ទាំងនេះ គឺជារបស់សល់​ពីការកកើតឡើងនៃប្រព័ន្ធ​ព្រះអាទិត្យ ហើយ​​​មនុស្សលោក​យើងក៏សង្ឃឹម​ផងដែរថា ​​​ថ្ងៃណាមួយពួក​វាអាចក្លាយជាប្រភពធនធាន​នាពេលអនាគត សម្រាប់​ក្រុមហ៊ុន​ដែលចង់ប្រមែប្រមូល​ទឹក ឬក៏លោហៈធាតុរបស់​​ពួកវា​៕

[contact-form][contact-field label=”Name” type=”name” required=”true” /][contact-field label=”Email” type=”email” required=”true” /][contact-field label=”Website” type=”url” /][contact-field label=”Message” type=”textarea” /][/contact-form]