សំបុត្រ​៖ ទិវា​សិទ្ធិនារី​អន្តរជាតិ​៨​មីនា​រំលឹក​ជាថ្មី​ថា សិទ្ធិ​និង​ឱកាស​គឺមាន​ស្មើគ្នា​រវាង​បុរស​និង​ស្ត្រី​

(​ភ្នំពេញ​)៖ ក្នុងឱកាស​ទិវា​សិទ្ធិនារី​អន្តរជាតិ​៨​មីនា ខ្ញុំ​សូម​លើក​អំពី «​នរវិទ្យា​ស្ត្រី​» ឬ​សរសេរ​ជា​៖ ស្រី​; ឝ្រី​; សិរី ដូចតទៅ​។ ជា​ច្បាប់ធម្មជាតិ អ្វី​ក៏មាន «​គូ​» ញី និង ឈ្មោល​។ បើ​មានតែ​បុរស និង​គ្មាន​ស្ត្រី ក៏​គ្មាន​ពិភពលោក​ដែរ​។ តើ​នរវិទ្យា​ស្ត្រី និង​ភាពជោគជ័យ​របស់​ស្ត្រី ប្រែប្រួល​យ៉ាងដូចម្តេច​? ខ្ញុំ​សូម​រៀបរាប់​តាម​លក្ខណៈ​៣​យ៉ាង​គឺ​៖ ច្បាប់ធម្មជាតិ​; ប្រពៃណី​; និង​ការវិវត្តន៍​របស់​សង្គម​៖

​ទី​១- ច្បាប់ធម្មជាតិ​៖ លក្ខខណ្ឌ​រាងកាយ គឺ​ស្ត្រី​ជួប​ការលំបាក​ជាង​បុរស​ច្រើនដង នោះ​នៅត្រង់​៖ ភាព​ខ្មាសអៀន ការងាយ​ប៉ះទង្គិច​ផ្លូវចិត្ត និង​ភាព​មិនអាច​រឹងមាំ​តែឯង​បាន​…​។ បុរស​ទាំងអស់​ត្រូវ​យ​ល់ពី​តម្រូវការ​ខាង​ស្មារតី និង​អារម្មណ៍​នេះ​។ តែ​ស្ត្រី ក៏​មិនត្រូវ​ផ្តេកផ្តួល​ដែរ​។ គេ​និយាយថា សៀវភៅ​បុរស អាន​តែ​១​ទំព័រ​អាច​យល់បាន តែ​សៀវភៅ​ស្ត្រី គឺ​អាន​១​ពាន់​ទំព័រ​ហើយ នៅតែ​មិន​យល់ថា ចង់​និយាយ​ពីអ្វី​! ទោះ​នេះ​មិន​ទូទៅ តែ​ការពិត​គឺ​យ៉ាង​ដូច្នេះ​។​

​ទី​២- លក្ខខណ្ឌ​ប្រពៃណី​៖ មានការ​ដំណាល​ថា ចាប់តាំងពី​អាយុ​៦​ឆ្នាំ ក្មេងប្រុស​ត្រូវបាន​ឪពុក ឲ្យ​ចេញទៅ​ព្រៃភ្នំ​បរបាញ់​សត្វ​ជាមួយ​ស្ទើ​រៀង​រាល់ពេល ខណៈដែល​កូនស្រី ត្រូវ​នៅផ្ទះ​ជាមួយ​ម្តាយ​។ ក្មេងប្រុស​ដែល​ចេញទៅ​ព្រៃ ទទួលបាន​ការរីកលូតលាស់​ទាំង​ខាង សារពាង្គកាយ និង​ខួរក្បាល​។ គេ​ទទួល​បានការ​បង្វឹក​ឲ្យ​ចេះ​បរបាញ់ ឡើង​ភ្នំ ហែល​ទឹក លីអុស សម្លាប់សត្វ កាប់​ព្រៃ​…​។ ពេល​ត្រឡប់​ពី​បរបាញ់​សត្វ​វិញ គេ​ចេះ​ធ្វើ​ការងារ​សហគម​ន៍តា​មរយៈ​ការបែងចែក​រំលែក​សាច់​ដែល​បាញ់​បានជា​បន្តបន្ទាប់ ហើយ​ទុក​តែមួយ​ចំណែក សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។ ចំពោះ ក្មេងស្រី ដែល​នៅផ្ទះ ក៏​ទទួលបាន​ការហ្វឹកហាត់​ពី​ម្តាយ​ដូចគ្នា ប៉ុន្តែ មិនមាន​ភាពខ្លាំង​ក្លា​និង​ទូលំទូលាយ​ដូច​ក្មេងប្រុស​ទេ គឺជា​ការងារ​ស្រាល​ដូចជា កិច្ចការ​ដេរ​ប៉ាក់ ដាំ​ស្លរ និង​បេះ​បន្លែ​ជាដើម​។ ជាការ​កត់សំគាល់​៖ បើ​ស្ត្រី បេះ​បន្លែ​បាន គឺ​គោលដៅ​ដើម្បី​យកមក​ដាំ​ស្លរ​សម្រាប់តែ​ឲ្យ​ប្តី ឬ​ផ្គត់ផ្គង់​តែ​១​គ្រួសារ​ខ្លួន​ប៉ុណ្ណោះ​។ ស្ត្រី មិន​ទម្លាប់​ចែករំលែក​ទូលំទូលាយ ដូច​បុរស​នោះទេ​។ បុរស បើ​បាញ់​បាន​សត្វ​ប្រើស​១​ក្បាល នោះ​នឹង​កាត់​ចែក​ឲ្យ​សហគមន៍​ស្ទើ​អស់ ហើយ​ទុក​តែ​១​ភ្លៅ​យកមក​ផ្ទះ​។ តើ​នេះ មាន​អត្ថន័យ​ដូចម្តេច​? គឺ​ឆ្លុះបញ្ចាំង នៅពេល​និយាយ​អំពី ស្ត្រី និង បុរស លើ​ការដឹកនាំ​។ ដោយសារ​បុរស​ចិត្ត​ទូលាយ​ជាង គឺ​ធ្វើ​ឲ្យ​បុរស ងាយ​ដណ្តើមយក​ប្រជាប្រិយភាព ការគាំទ្រ និង «​ការដឹកនាំ​»​បាន​មុន​។​

​ទី​៣- ការវិវត្តន៍​របស់​ស​ង្គ​ម​៖ សង្គម​ខ្លះ បាន​កំហិត​សិទ្ធិ និង​រិត​ត្បិត​តួនាទី​ស្ត្រី​តែម្តង រួមទាំង​សិទ្ធិ​ក្នុង​ប្រពៃណី ជំនឿ ការងារ នយោបាយ ការបោះឆ្នោត និង​ការដឹកនាំ​។ ចលនា​ទាមទារ​សិទ្ធិនារី បាន​កើតឡើង​កាលពី​ជាង​១០០​ឆ្នាំមុន «​តាមរយៈ​បដិវត្តន៍ខែតុលា​» មានន័យថា ស្ត្រី​ត្រូវបាន​រើសអើង​ឲ្យ​នៅ​ទាប​ក្នុងសង្គម​ក្នុង​រយៈពេល​ដ៏​យូរ​។ ការប្រែប្រួល​ជា​បន្តបន្ទាប់​ចាប់ផ្តើម​ល្អ​ឡើងៗ សម្រាប់​ស្ត្រី លើ​គ្រប់​វិស័យ​។

​ឥឡូវនេះ ចំណុច​២​ខាងលើ គឺ​ច្បាប់ធម្មជាតិ​និង​ប្រពៃណី នៅ​ជា​ឧបសគ្គ​ខ្លះ​សម្រាប់​ស្ត្រី ប៉ុន្តែ ស្ថានភាព​សង្គម លែង​ជា​ឧបសគ្គ​ហើយ​។ ស្ត្រី អាចធ្វើ​អ្វី​បាន​គ្រប់យ៉ាង គ្រប់​តួនាទី គ្រប់​វិស័យ​។ ដោយ​ការអប់រំ​បើកទូលាយ នៅ​ប្រទេស​ខ្លះ​គឺ ស្ត្រី បាន​ដណ្តើមយក​តួនាទី​ជា ប្រធានាធិបតី ឬ​នាយករដ្ឋមន្ត្រី ប៉ុន្តែ ប្រទេស​ខ្លះ​នៅ​មិនទាន់​ហ៊ាន​ប្រគល់​តំណែង​នេះ​ឲ្យ​ទៅ​ស្ត្រី​ទេ នោះ​គឺ​នៅ​ប្រទេស​អាមេរិក តែម្តង​។

​ខ្ញុំ​នៅចាំ​បាន​ថា នៅ​ឆ្នាំ​២០០៨ ពេលនោះ​លោកស្រី Hillary Clinton បាន​ឈរ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​អាមេរិក​ជា​ស្ត្រី​លើក​ទី​១​។ នៅមុន​ការបោះឆ្នោត​ជំ​រុះ ក្រុមហ៊ុន​ភាពយន្ត​ដ៏​ធំ​របស់​អាមេរិក​គឺ ក្រុមហ៊ុន Hollywood បាន​ផលិត​រឿង​មួយ ដោយ​ឲ្យ​ស្ត្រី សំដែង​តួ​ជា «​ប្រធានាធិបតី​»​។ ខ្ញុំ​បាន​មើល​រឿងនេះ ហើយ​នៅចាំ​បាន​ឈុត​១​ត្រង់​ថា​៖ នៅ​ម៉ោង​២​កណ្តាល​អាធា​ត្រ សហរដ្ឋអាមេរិក រង​ការវាយប្រហារ​។ សេត​វិមាន ត្រូវ​ឲ្យ ប្រធានាធិបតី ចេញ​ថ្លែងការណ៍ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ប្រទេស​។ នាឡិកា បង្ហាញថា រយៈពេល​ជាង​១​ម៉ោង លោកស្រី​ប្រធានាធិបតី មិនទាន់​អាច​ចេញ​ថ្លែងការណ៍​បាន ដោយសារ​លោកស្រី ត្រូវធ្វើ​សក់ និង​ផាត់មុខ​។ ស្ថានភាព​នេះ ធ្វើ​ឲ្យ​ភាពច្របូកច្របល់​អូសបន្លាយ​។ នេះ​ជា​ចំណុចខ្សោយ​មួយ​ខាង​ការគ្រប់គ្រង​របស់​ស្ត្រី​។

​មាន​ឈុត​១​ទៀត​៖ លោកស្រី​ប្រធានាធិបតី ត្រូវ​ចេញ​ត្រួតពល​ទាហាន ក៏ប៉ុន្តែ បែរជា​កម្មវិធី​ជាតិ​ទាំងមូល​ត្រូវ​ពន្យា​ពេល ដោយសារ លោកស្រី​ប្រធានាធិបតី ជាប់​និយាយ​ទូរស័ព្ទ​ដោះស្រាយ​បញ្ហា​កូនស្រី​២​នាក់​នៅក្នុង​សាលារៀន​។ រឿងនេះ មាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​របស់​ព​ល​រដ្ឋ​អាមេរិក លើ​ការជ្រើសរើស​ស្ត្រី​ធ្វើជា​ប្រធានាធិបតី​។​

​ច្បាប់ធម្មជាតិ អាទិទេព បង្កើត​មនុស្ស​ប្រុស និង​ស្ត្រី ឲ្យ​មាន​កម្លាំង​មិន​ដូចគ្នា​ទេ​។ ប៉ុន្តែ អ្វីដែល​យុត្តិធម៌​បំផុត គឺ​បុរស​និង​ស្ត្រី​មានជីវិត​តែ​១​ដូចគ្នា​។ ដូច្នេះ ភាពជោគជ័យ​របស់​ម​នុស្ស មិន​សំខាន់​លើ​ភេ​ទទេ តែ​សំខាន់​លើ​ប្រាជ្ញា សមត្ថភាព ការពុះពារ ការសម្រេចចិត្ត និង​លទ្ធផល​ជាក់ស្តែង​។ ទោះបី​ភាគរយ​នៃ​ចំនួន​បុរស​ទទួលបាន​ការដឹកនាំ​មុន និង​មាន​ច្រើនជាង តែ​ឱកាស​បច្ចុប្បន្ន​និង​តទៅ​មុខ​គឺ​បើកចំហរ​ស្មើៗ​គ្នា​។ តើ​អ្នក​រៀបចំខ្លួន​ដឹកនាំ​ហើយ​ឬ​នៅ​!?៕

​ដោយ​៖ ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​