OnePlus បន្ត​ចេញ​ស្ប៉ត​កំពូល​ប្លែក ធ្វើ​ឲ្យ​គ្រប់​គ្នា​ហួស​ចិត្ត​

​ក្រោយ​ពី​ទទួល​បាន​ការ​រិះគន់​ជា​ច្រើន​លើ​​ស្ប៉ត​ពាណិជ្ជកម្ម​​ដែល​បង្អួត​ពី​សមត្ថភាព​ OnePlus 5T ធៀប​នឹង​ Galaxy Note8 រួច​មក​ ពេល​នេះ​ OnePlus បាន​បន្ត​បញ្ចេញ​វីដេអូ​ស្ប៉ត​ថ្មី​​ប្លែក​មិន​ចាញ់​​​ស្ប៉ត​មុន​ប៉ុន្មាន។

វីដេអូ​ស្ប៉ត​ថ្មី​នេះ​ជា​ការ​ប្រៀបធៀប​​សមត្ថភាព​រក្សា​លំនឹង​របស់​ OnePlus 5T ជា​មួយ​នឹង​ Galaxy S8 ។ ក្នុង​វីដេអូ​គេ​បាន​​បិត​​សាច់​​នៅ​លើ​ខ្លួន​បុរស​ម្នាក់​ រួច​ហើយ​ឲ្យ​សត្វ​សុនខ​មក​ខាំ​ត្របាក់​សាច់​ទាំង​នោះ ស្រប​ពេល​ដែល​​ស្មាតហ្វូន​ទាំង​ពីរ​​ចុច​ដំណើរ​ការ​ថត​វីដេអូ។

នៅ​ចុង​បញ្ចប់​វីដេអូ​គេ​បាន​ជ្រើស​រើស​យក​ OnePlus 5T ជា​អ្នក​ឈ្នះ​ ដោយ​យល់​ថា​វា​អាច​រក្សា​លំនឹង​បាន​ល្អ។ ចំពោះ​វីដេអូ​ស្ប៉ត​​ថ្មី​នេះ​ក៏​ទទួល​បាន​មតិ​ផ្សេងៗ​គ្នា​ពី​អ្នក​ទស្សនា​ ដោយ​ភាគ​ច្រើន​យល់​វា​​ជា​វីដេអូ​ចម្លែក​ ហើយ​វីដេអូ​នេះ​ក៏​ទទួល​បាន​ចំនួន​ Dislike ដល់​ទៅ​ជាង​ ១ ពាន់​ និង​ចំនួន​ Like ជាង​ ២ ពាន់៕​​