រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រិះគន់​អូស្ត្រាលី​អំពី​គោលនយោបាយ​សមុទ្រ​ចិន​ខាងត្បូង​

​ចិន​បាន​រិះគន់​អូស្ត្រាលី​ចំពោះ​ការធ្វើ​អត្ថាធិប្បាយដោយ​គ្មាន​ការទទួលខុសត្រូវ​នៅក្នុង​ឯកសារ​គោលនយោបាយ​មួយ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ វិច្ឆិកា អូស្ត្រាលី​បានលើកឡើង​ពី​កង្វល់​អំពី​សកម្មភាព​របស់​ចិន​នៅក្នុង​តំបន់​ដែលមាន​ជម្លោះ ដែលជា​ផ្នែក​មួយ​នៃ​ឯកសារ​ទូលំទូលាយ ដែល​កំណត់​អំពី​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​បរទេស​របស់​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​និយាយថា ការលើកឡើង​នៃ​ឯកសារ​គោលនយោបាយ​នេះ ជាទូទៅ គឺ វា​វិជ្ជមាន​ចំពោះ​ចិន ប៉ុន្តែ​អូស្ត្រាលី​មិនគួរ​ចូល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នេះ​ទេ​។​

​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក លូ កាំ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​កត់សម្គាល់ថា អូស្ត្រាលី​បាន​សន្យា​ជាច្រើនលើក​ថា​មិន​កាន់ជើង​ភាគី​ណាមួយ​នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ទេ​។​

​លោក​បាន​និយាយថា “​អូស្ត្រាលី​មិនបាន​ចូល​ពាក់ព័ន្ធ​ដោយផ្ទាល់​នៅក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​ទេ ។​
​ដូច្នេះ​យើង​ចង់​ផ្តល់​ជា​យោបល់​ដល់​អូស្ត្រាលី​ឱ្យ​គោរព​តាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ហើយ​បញ្ឈប់​ការធ្វើ​អត្ថាធិប្បាយដោយ​គ្មាន​ការទទួលខុសត្រូវ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​”​។​

​លោកស្រី ជូ​លី ប៊ី​សប រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​បាន​ប្រាប់​ទូរទស្សន៍ ABC ថា លោកស្រី​បានទទួល​ការ​ថ្លែង​រិះគន់​ទាំងនេះ​ពី​ក្រុមមន្ត្រី​ចិន ដែលថា “​ពួកគេ​គោរព​ជំហរ​ដែល​យើង​បាន​ប្រកាន់យក​” ។​

​ក្រុម​ប្រទេស​ដែលជា​គូប្រជែង​បាន​មាន​ជម្លោះ​គ្នា​អំពី​ទឹកដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​អស់​ជាច្រើន​សតវត្សរ៍​មកហើយ ប៉ុន្តែ​ភាព​តានតឹង​បាន​កើន​ឡើងជា​លំដាប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​កោះ​តូចៗ​និង​ដែនទឹក​នៃ​សមុទ្រ​នេះ ត្រូវបាន​ទាមទារ​សិទ្ធិ​កាន់កាប់​ដោយ​ផ្នែកៗ​ឬ​ទាំងស្រុង ដោយ តៃវ៉ាន់ ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី​និង ព្រុយ​ណេ​៕ ដោយ៖ សុខា

​លោក ម៉ា​ល់​ខូ​ម ធឺ​ន​ប៊ុល នាយករដ្ឋមន្ត្រី​អូស្ត្រាលី ជួប​ជាមួយ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង កាលពី​ឆ្នាំមុន