ទើប​តែ​ពេល​នេះ គង់ ចាន់ស្រីមុំ បញ្ចេញ​រូប​ថត បង្ហាញ​ផ្ទៃ​ពោះ​លើក​ដំបូង

គង់ ចាន់​ស្រីមុំ និង​គឹម សីហា ស្ថិត​ក្នុង​ចំណោម​គូ​ស្វាមី​ភរិយា សិល្បករ​ដែល​មាន​ផ្ទៃ​ពោះ ត្រៀម​ប្រសូត​ក្នុង​ឆ្នាំ ២០១៨​នេះ​ជាមួយ​គូ​ផ្សេង​ទៀត​មាន​ដូច​ជា ជា សុវណ្ណរិទ្ធ កែវ វាសនា តារា​កំប្លែង ផារី និង​លី ច័ន្ទសីហា ដែល​ទើប​ប្រសូត​កាល​ពី​ខែ​មុន​នេះ។

បន្ទាប់​ពី​បញ្ចេញ​ដំណឹង​ថា ខ្លួន​ទទួល​បាន​បុត្រ​ជា​ចំណង​ដៃ​ហើយ ស្រីមុំ និង​សីហា កម្រ​បញ្ចេញ​រូបភាព​បង្ហាញ​ពី​សភាព​គភ៌​របស់​គេ​ណាស់ ទើប​តែ​ពេល​នេះ ដែល​គូ​ស្វាមី​ភរិយា​ក្មេង​ខ្ចី​មួយ​គូ​នេះ បាន​បញ្ចេញ​ព្រម​គ្នា​តែ​ម្ដង។

តាម​ការ​អះអាង​របស់​ពួក​គេ​ផ្ទាល់ បុត្រ​ទី​១​របស់​ពួក​គេ មក​ទល់​ពេល​នេះ​មាន​វ័យ ១៦សប្ដាហ៍ ឬ​៤​ខែ​ហើយ ប្រិយមិត្ត​ជា​ច្រើន​នាង​ជា​ច្រើន បាន​ចូល​រួម​អបអរ និង​ខ្លះ​ទៀត​បាន​ស្នើ​ឲ្យ​តារា​ស្រី​រូប​នេះ ថែ​រក្សា​ខ្លួន និង​ប្រយ័ត្ន​ប្រយែង​ផង។ សីហា និង​ស្រមុំ ធ្លាប់​អះអាង​ថា ពួក​គេ​ចង់​បាន​បុត្រ​ដល់​ទៅ​៤​នាក់​ឯណោះ។

ក្រោយ​ស្រឡាញ់​រយៈ​ពេល​៨​ឆ្នាំ គង់ ចាន់​ស្រីមុំ និង គឹម សីហា បាន​ចូល​រោង​ជ័យ​ក្រាប​ផ្ទឹម​ក្លាយ​ជា​ស្វាមី​ភរិយា​ជាមួយ​គ្នា​តាម​ប្រពៃណី​កាល​ពី​ថ្ងៃ​ទី ១៥ មីនា ឆ្នាំ ២០១៦ យ៉ាង​អធិកអធម។ ក្រោយ​រៀបការ​ហើយ​ភ្លាម​ៗ ពួក​គេ​មិន​គិត​ពី​រឿង​យក​កូន​ភ្លាម​ៗ​ទេ ពោល​គឺ​គូ​នេះ គិត​តែ​ពី​ការងារ​ជំនួញ​សិន។

តាម​ព័ត៌មាន ពួក​គេ​មាន​ជំនួញ​ក្នុង​ដៃ​ជា​ច្រើន​ដូច​ជា៖ ភោជនីយដ្ឋាន និង​ក្លឹប​កម្សាន្ត Bottom’s Up ហាង​លក់​សំលៀក​បំពាក់ momo ជា​ដើម រួម​ទាំង​ចែក​ចាយ​ទឹក​អប់​ដែល​ប្រើ​ពាណិជ្ជនាម​ផ្ទាល់​ខ្លួន​នាំ​ចូល​ផ្ដាច់​មុខ​ពី​ប្រទេស​ហូឡង់​ទៀត​ផង៕